Wednesday, March 4, 2026
Homeតារាខ្មែរតារារ៉េប Nak Fake លែងលះប្រពន្ធ មីហឹរ

តារារ៉េប Nak Fake លែងលះប្រពន្ធ មីហឹរ

ភ្នំពេញ ៖ ថ្មីៗនេះ តារាចម្រៀងរ៉េប របស់ Galaxy លោកសេក វណ្ណៈ ហៅ Nak Fake និងអតីតភរិយា អ្នក នាង ស្រ៊ុន ប្រាក់គន្ធា ហៅមីហឹរ បានបង្ហាញលិខិតលែងលះ ដោយផ្ដិតមេដៃនៅសាលាឃុំមួយ នាខេត្តស្វាយ រៀង ដើម្បីបញ្ជាក់ពីការបញ្ចប់ចំណងស្នេហា ដោយមានអាជ្ញាធរដឹងឮ ។ ការចែកផ្លូវគ្នារវាងលោក Nak Fake និងមីហឹរ នេះ ក្រោយលោកវណ្ណៈ បានទន្ទឹងរង់ចាំផ្លូវនាងវិលវិញ ជិត១០ខែ ប៉ុន្ដែអត់សញ្ញាផ្សះផ្សាស្នេហ៍ ចុង ក្រោយ ពួកគេសម្រេចចិត្តលែងលះគ្នាតាមផ្លូវច្បាប់តែម្ដង ។

អ្នកនាង មីហឹរ បង្ហាញរូបនាងនិងអតីតប្ដី ឈរជិតគ្នាលើកមេដៃជាប់ទឹកថ្នាំក្រហម ទើបផ្ដិតក្ដៅៗនោះថា «បញ្ចប់ត្រឹមហ្នឹង កុំឲ្យប៉ះពាល់ខ្ញុំទៀត ពីថ្ងៃនេះតទៅ បើនៅមិនសុខ ដោះស្រាយមុខច្បាប់ចុះ មនុស្សខ្ញុំ ហ៊ាននិយាយ ហ៊ានធ្វើ អត់ចូលចិត្តសាំ» ។ ចំណែកលោក Nak Fake តបប្រពន្ធវិញថា «ស្នាមមេដៃ និងក្រដាសលែងលះ ផ្ដិតសប្ដាហ៍មុន ផុសអី និយាយការពិតផង កុំឲ្យគេយល់ច្រឡំ បានហើយ បញ្ចប់និស្ស័យត្រឹមហ្នឹងចុះ ហើយកុំប៉ះពាល់ខ្ញុំទៀត»។

ក្រោយលែងប្រពន្ធក្ដៅៗ ប្រហែលជានៅមិនទាន់រំសាយចិត្តបានភ្លាមៗ ទើបគេឃើញលោកសេក វណ្ណៈ និពន្ធបទចម្រៀង និយាយពីស្នេហាផ្ទាល់ខ្លួន «៥ឆ្នាំ ៥ខែ» ដែលចង់បញ្ជាក់ថា ចំណងស្នេហាលោក មានអាយុ៥ឆ្នាំ ៥ខែ ត្រូវបានបញ្ចប់ ដែលបទនេះ ចេញនៅ Galaxy ទើបធ្វើឲ្យមានការិះគន់ថា លោកមិនគួរណាច្រៀងរៀបរាប់ពីសាច់រឿងផ្ទាល់ខ្លួន ហើយថែមទាំងយករូបអតីតប្រពន្ធ ដាក់ក្នុង MV បែបនោះឡើយ ។ ប៉ុន្ដែលោក Nake Fake បានបំភ្លឺថាលោកមិនខុសទេ បើគ្រាន់តែនិពន្ធបទថ្មី «បើមានជាតិក្រោយ កុំឲ្យស្គាល់គ្នា» ព្រោះលោកធ្វើជាអ្នកនិពន្ធចម្រៀង ១០ឆ្នាំមកហើយ ការនិពន្ធបទចម្រៀង ធ្វើតាមការស្រមៃ ការនឹកឃើញ និពន្ធមួយបទៗ មិនមែនចេះតែសរសេរទេ សាច់រឿងដែលោកសរសេរ គឺយកសាច់រឿងអ្នកដែលបែកគ្នាហើយ មកនិពន្ធ។

 គួររំលឹកថា លោក Nak Fake បានភ្ជាប់ពាក្យជាមួយតារាចម្រៀង ស្រ៊ុន ប្រាក់គន្ធា កាលពីឆ្នាំ២០២២ និងបានរៀបការកាលពីខែមករា ឆ្នាំ២០២៥ ប៉ុន្ដែពួកគេបានស្រលាញ់គ្នាជាច្រើនឆ្នាំមកហើយ ដែលគិតពីចាប់ដៃគ្នា រហូតដល់ថ្ងៃបែកបាក់ គឺ៥ឆ្នាំ៥ខែ ដូចចម្រៀងដែលលោកសរសេរឡើង ។ មុនផ្ដិតមេដៃប្រល័យស្នេហ៍ Nak Fake នេះ គេឃើញ មីហឹរ មានភាពស្អិតល្មូតជាមួយនាង សុខុម រចនា ដែលជាតារា Galaxy រហូតគេសង្ស័យថា ពួកគេស្រលាញ់ភេទដូចគ្នាទៀតផង តែខ្លះថា នោះជាយុទ្ធសាស្រ្ដទីផ្សារ Online  ខណៈពេលនោះ លោកវណ្ណៈ នៅតែស្រលាញ់ និងដេកចាំផ្លូវនាងវិលវិញ ។ ប៉ុន្ដែពេលនេះ អ្វីៗត្រូវបញ្ចប់ទាំងស្រុង ពោលគឺពួកគេអាចជ្រើសគូស្នេហ៍ថ្មីរៀងៗខ្លួនបានហើយ ។

 មានការកត់សម្គាល់ថា Nak Fake ជាតារារ៉េប ដែលមានសមត្ថភាពនិពន្ធទំនុកច្រៀង និង Melody រួមទាំងចេះធ្វើភ្លេង មិនចាញ់តារារ៉េប រៀមច្បងផ្សេងទៀតឡើយ ។ ប៉ុន្ដែដោយសារតែ Galaxy ប្រជុំទៅដោយតារាប្រុសជើងខ្លាំង ហើយពេលខ្លះ លោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ក៏ចេញបទរ៉េប ដែរ ទើបធ្វើឲ្យលោកពិបាកដណ្ដើមភាពលេចធ្លោ ។ លោកសេក វណ្ណៈ មានស្រុកកំណើតនៅខេត្តស្វាយរៀង ហើយលោកធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា កាលថ្ងៃរៀបការលោកនិងមីហឹរ បានរៀបចំធ្វើនៅផ្ទះលោក ខាងប្រុសនៅខេត្តស្វាយរៀង ព្រោះគ្រួសារលោក សុំខាងស្រី ឲ្យរៀបចំនៅទីនោះ។ ប៉ុន្ដែដឹងអី រៀបការរួច បានត្រឹមតែជាង១ឆ្នាំ ចំណងស្នេហាបានរលត់ នៅសល់តែក្រដាសស្នាមផ្ដិតមេដៃ ម្នាក់មួយសន្លឹក ទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះ ។ ទោះជាយ៉ាងណា លោក Nak Fake ធ្លាប់អះអាងថាការងារសិល្បៈ និងស្នេហា លោកបែងចែកដាច់ពីគ្នា ហេតុនេះលោកនៅតែបន្ដធ្វើបទចម្រៀង និងសកម្មភាពសិល្បៈជាធម្មតា ៕

RELATED ARTICLES