Wednesday, March 4, 2026
Homeព័ត៌មានជាតិអ្នកនយោបាយខ្មែរថា ចោរសៀម ធ្វើសង្គ្រាមឈ្លានពាន កម្ពុជា ធ្វើសង្គ្រាមការទូត

អ្នកនយោបាយខ្មែរថា ចោរសៀម ធ្វើសង្គ្រាមឈ្លានពាន កម្ពុជា ធ្វើសង្គ្រាមការទូត

ភ្នំពេញ ៖ អ្នកនយោបាយខ្មែរ បានលើកឡើងថា ទាក់ទងនឹងទំនាស់ព្រំដែនរវាងកម្ពុជា និងថៃ កំពុងបង្ហាញឲ្យពិភពលោកមើលឃើញទិដ្ឋភាពនិងនយោបាយការបរទេសខុសគ្នា ដោយពួក ចោរសៀម (ថៃ) ក្លាហានធ្វើសង្គ្រាមឈ្លានពានកម្ពុជា បង្ហាញពីសន្តានពូជចោរ ទៅកាន់ពិភពលោក តែខ្លាចតុលាការ និងច្បាប់អន្តរជាតិ ខណៈដែលកម្ពុជា ស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម បានព្យាយាមអត់ធ្មត់កម្រិតខ្ពស់ ព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី ដោយធ្វើសង្គ្រាមការទូត ប្រើប្រាស់យន្តការកាទូត និងច្បាប់អន្តរជាតិ ។

លោកបណ្ឌិត គុជ លី ប្រធានគណបក្សខ្មែរតែមួយ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ពួកសៀម ក្លាហានធ្វើសង្គ្រាមឈ្លានពាន ប្រើអាវុធទំនើបបាញ់មកលើកម្ពុជា ដោយបង្ហាញពីសន្តានពិតជា “ពូជចោរ” ទៅកាន់ពិភពលោក ដោយអួតពីការកាន់កាប់ទីតាំងបណ្តោះអាសន្ននៃទឹកដីខ្មែរ មួយចំនួន។ ដល់ពេលកម្ពុជា ប្រកាសធ្វើសង្គ្រាមការទូត ជាមួយពួកសៀម គឺពួកវាភ័យខ្លាចបំផុតលើផ្លូវយុត្តិធម៌ត្រឹមត្រូវ ជាមួយនឹងតុលាការអន្តរជាតិ និងច្បាប់អន្តរជាតិ…” ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត គុជ លី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ថា បើក្រឡេកមើលប្រវត្តិសាស្រ្ត ទាក់ទងនឹងការទូត កម្ពុជា បានឈ្នះសៀម (ថៃ) តាំងពីសម័យជប៉ុន អស់អំណាច នៅក្នុងសង្រ្គាមលោកលើកទី២ ធ្វើឲ្យសៀម ព្រមប្រគល់ខេត្តមួយចំនួន ដែលខ្លួនដណ្តើមគ្រប់គ្រងនោះ មកឲ្យកម្ពុជា វិញ ហើយនៅឆ្នាំ១៩៦២ កម្ពុជា ក៏បានឈ្នះក្ដីសៀម លើករណីប្រាសាទព្រះវិហារ ។ ដូច្នេះតាមរយៈបទពិសោធន៍ដែលកម្ពុជា ត្រូវបានបរទេសឈ្លានពានកាន់កាប់នេះ ទើបរាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជ្រើសរើសការទូត ហើយការទូត កំពុងបង្ហាញភាពជោគជ័យនៅលើឆាកអន្តរជាតិ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល និងប្រមុខការទូតកម្ពុជា បានបកអាក្រាតមុខមាត់សន្ដានចោរសៀម ឲ្យពិភពលោកបានដឹងកាន់តែច្បាស់ ។ ដូច្នេះដំណោះស្រាយការទូត នៅភូមិសាស្រ្តនយោបាយនេះ អាចនឹងបញ្ចប់ឆាប់ៗ ពីព្រោះមានតែការទូតមួយទេ ដែលយើងអាចដោះស្រាយបញ្ហាជាមួយប្រទេសថៃ ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍ថា “យើងក្រឡេកមើលប្រវត្តិសាស្រ្តបន្តិច ដែលកម្ពុជា បានឈ្នះរវាងការទូត ដោយសាររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី  ហ៊ុន ម៉ាណែត បានសម្រេចជ្រើសរើសមិនយកសង្រ្គាមតទៅទៀតទេ គឺយើងយកជម្រើសការទូត ជាអាទិភាព។ នៅក្នុងប្រវត្តិសាស្រ្តរបស់យើង គិតត្រឹមសម័យអាណានិគមជប៉ុន នៅពេលដែលជប៉ុន វាតទីនិយមនៅអាស៊ីអាគ្នេយ៍ គឺជប៉ុន ធ្វើជាអធិរាជនៅក្នុងសង្រ្គាមលោកលើកទី២ ។ អ៊ីចឹងជប៉ុន បានធ្វើកិច្ចព្រមព្រៀងតូក្យូ ជាមួយសៀម ដើម្បីកាត់ទឹកដីខ្មែរ ចំនួន៥ខេត្ត រួមមាន ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ជាដើម ទៅឲ្យសៀម នៅក្នុងអាណានិគមរបស់ជប៉ុន ។ ប៉ុន្តែនៅពេលដែលជប៉ុន អស់អំណាច នៅពេលដែលសហរដ្ឋអាមេរិក ចាប់ផ្ដើមមានកម្លាំងវិញ ដោយបានទម្លាក់គ្រាប់បែកបរមាណូ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា នោះ អធិរាជជប៉ុន បានប្រកាសចុះចាញ់សង្រ្គាម គឺស្មើនឹងចុះចាញ់ការទូតហ្នឹងឯង ហើយសៀម ក៏ប្រគល់ទឹកដីទាំង៥ខេត្តហ្នឹង មកឲ្យកម្ពុជា វិញ។ អ៊ីចឹងហើយ យើងមើលឃើញថា ហ្នឹងហើយជាសង្រ្គាមការទូត ។ បន្ទាប់មកទៀត ក្រោយកងទ័ពវៀតណាម បានចូលមកជួយរំដោះប្រទេសកម្ពុជា យើងឲ្យរួចផុតពីរបបខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយបានមកនៅស្រុកខ្មែរ គ្រប់គ្រងរដ្ឋបាល រយៈពេល១០ឆ្នាំ នៅពេលសង្រ្គាមត្រជាក់ចប់ ទោះវៀតណាមទទួលបានឧបត្ថម្ភពីរុស្ស៉ីផង ពីចិន ផងក៏ដោយ នៅពេលដែលការទូតហ្នឹងចប់ ឃើញកងទ័ពវៀតណាម ដកទៅឯងទេ? អាហ្នឹងដូចគ្នា ។ អ៊ីចឹងមកសព្វថ្ងៃនេះ ជម្រើសហ្នឹងហើយ បទពិសោធន៍របស់កម្ពុជា ដែលត្រូវបានបរទេសឈ្លានពានកាន់កាប់ មានតែកម្ពុជា ជ្រើសរើសការទូត ។ អ៊ីចឹងហើយ បងប្អូនយើង អ្នកតាមដាននយោបាយ និងក្រុមជ្រុលនិយម គាត់អត់បានសិក្សាអំពីបរិបទសង្គម ប្រវត្តិសាស្រ្តសង្គម ហើយនិងបរិបទនយោបាយនៅលើពិភពលោក ហើយនិងសង្រ្គាមភូមិសាស្រ្តនយោបាយ ឲ្យបានស៊ីជម្រៅ ធ្វើឲ្យមានការប្រទាញប្រទង់ពីរឿងបញ្ហាព្រំដែនបច្ចុប្បន្ន នៅពេលដែលថៃ កំពុងតែធ្វើការឈូសឆាយ កំពុងសាងសង់រូបភាពនេះ រូបភាពនោះ មកលើប្រទេសកម្ពុជា ហើយពួកគេហ្នឹង កំពុងតែវាយលុករាជរដ្ឋាភិបាល“។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្តថា “អ៊ីចឹងរាជរដ្ឋាភិបាលបច្ចុប្បន្ន កំពុងជ្រើសរើសការទូត ។ យើងឃើញថា ក្នុងខែ២ហ្នឹង សម្ដេចបវរធិបតី បានអញ្ជើញទៅសហរដ្ឋអាមេរិក ដូចយើងបានដឹងគ្រប់គ្នាហើយ គឺចូលរួមប្រជុំក្រុមប្រឹក្សាសន្តិភាព (BOP) របស់លោកដូណាល់ ត្រាំ ។ ទី១ យើងឃើញថា សៀម អត់បានចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាពហ្នឹងទេ ពីព្រោះដោយសារសៀម រឿងអីគេត្រូវចូល? ព្រោះសៀម ជាសម្ព័ន្ធមិត្តចាក់មិនទឹកមិនលិច គឺជាសម្ព័ន្ធមិត្តដ៏ចាស់យូរលង់មកហើយ នៅក្នុងអាស៊ីអាគ្នេយ៍ ជាមួយសហរដ្ឋអាមេរិក ។ អ៊ីចឹងមានន័យថា ការបង្កើតក្រុមប្រឹក្សាសន្តិភាពនេះ វាជាផ្នែកតូចមួយនៃសម្ព័ន្ធមិត្តរបស់គេហើយ ។ អ៊ីចឹងគេមានសម្ព័ន្ធមិត្ត អត់ត្រូវការចូលរួម ប៉ុន្តែបងប្អូនមួយចំនួន អ្នកនយោបាយជ្រុលនិយម គេច្រើនលើកថា ថៃ អត់ទៅចូលរួមទេ ព្រោះវាអត់បានប្រយោជន៍អីដល់ក្រុមប្រឹក្សាសន្តិភាព របស់លោកត្រាំ ។ តាមពិត មានអត្ថប្រយោជន៍សំខាន់ណាស់ សម្រាប់ការសម្គាល់របស់ខ្ញុំ គឺទី១ មានន័យថា លោកត្រាំ មានចេតនាមួយ ចង់ឲ្យសម្ដេចមហាបវរធិបតី បង្ហាញពីសមត្ថភាព និយាយប្រាប់ពិភពលោកថា ថៃ ឈ្លានពានកម្ពុជា ព្រោះលោកត្រាំ មិនអាចនិយាយថា ថៃ ឈ្លានពានបានទេ ពីព្រោះខ្លួនជាសម្ព័ន្ធមិត្តជាមួយគ្នាច្រើនឆ្នាំ ។ អ៊ីចឹងការទៅប្រជុំការទូតជាមួយនឹង BOP នេះ គឺមានសារសំខាន់ណាស់សម្រាប់កម្ពុជា ជាប្រវត្តិសាស្រ្ត ។ ពេលដែលសម្ដេចបវរធិបតី បានបកស្រាយតាមសារព័ត៌មាន យើងឃើញថា ព័ត៌មាននៅលើពិភពលោក គេបានបកអាក្រាត រហូតដល់រដ្ឋមន្រ្តីការបរទេសរបស់ថៃ ហ្នឹងប្រតិកម្ម និយាយហើយខុសទៀត ថ្ងៃមុនហ្នឹង គឺឃើញសម្ភាសជាមួយកាសែត France 24 ហ្នឹង គឺឆ្លើយស្រពេចស្រពិល ហើយលាបពណ៌ខ្មែរ ដែលបង្ហាញថា ខ្លួនឯងហ្នឹងកំពុងតែលង់ខ្លួននឹងការភូតភរនឹងពាក្យ Don’t Thai to me បន្ថែមជាមួយនឹងជម្លោះព្រំដែន ។ អ៊ីចឹងហើយនេះគឺជាសង្រ្គាមការទូតមួយ ដែលកម្ពុជា កំពុងតែឈ្នះ ។ ឈ្នះមួយទៀត សម្រាប់ខ្ញុំមើលឃើញថា នៅសហរដ្ឋអាមេរិក សម្ដេចបវរធិបតី ប្រើភាសាអង់គ្លេស ក្នុងការផ្ដល់សម្ភាសន៍ជាមួយអ្នកកាសែត ដ៏អង់អាចក្លាហាន ដែលធ្វើឲ្យពិភពលោក បានកត់សម្គាល់ថា កម្ពុជា ពិតជាមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាការទូត ដែលធ្វើឲ្យគេយល់ដឹង» ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្ថែមថា “រឿងទី២ នៅពេលប្រជុំនៅប្រទេសស្វីស ខ្ញុំកត់សម្គាល់ឃើញថា លោកប្រាក់ សុខុន ចេះភាសាបី ធំៗ គឺភាសារុស្ស៊ី អង់គ្លេស និងរុស្ស៊ី ប៉ុន្តែលោកប្រាក់ សុខុន មិនជ្រើសរើសយកភាសាអង់គ្លេស មកនិយាយទេ ព្រោះយើងឃើញនៅពេលគាត់ទៅប្រជុំនៅអង្គការសហប្រជាជាតិ នៅញូវយ៉ក គាត់ប្រើភាសាអង់គ្លេស ប៉ុន្តែមកដល់អឺរ៉ុប គាត់ប្រើភាសាបារាំង ចង់បង្ហាញពីការទូតរបស់គាត់ គឺចង់បង្ហាញពីជំហរថា សម្ដេចបវរធិបតី នៅអាមេរិក និយាយភាសាអង់គ្លេស ឯទូតកម្ពុជា របស់យើងនិយាយភាសាបារាំង ។ អ៊ីចឹងធ្វើឲ្យថៃ មួយចំនួននោះ កំពុងតែមានការភ័ន្តច្រឡំពីសមត្ថភាពការទូតកម្ពុជា ។ អ៊ីចឹងហើយ ភាពវៃឆ្លាតទូតកម្ពុជា នៅកន្លែងហ្នឹងឯង” ។ ចំពោះការដែលខ្ញុំបានសរសេរថា “សន្ដានចោរ” ពាក្យថា “ចោរ” នេះ គឺយើងឃើញថា សៀម ខ្លាចឡើងតុលាការ តាំងពីសម័យសម្ដេចតា ម្ល៉េះ យើងឃើញថា ថ្ងៃ១៥ មិថុនា ឆ្នាំ១៩៦២ សម្ដេចតា បានឈ្នះក្ដីនៅតុលាការ ICJ រួចហើយ យើងដឹងគ្រប់គ្នា ។ អ៊ីចឹងពួកគេខ្លាចណាស់ ខ្លាចនៅលើផ្លូវភ្លឺ ព្រោះគេជាសន្ដានចោរ ហើយប្រទេសថៃ បានចោទកម្ពុជា ថាប្លន់ទឹកដី បានរំលោភបំពាន អត់ចង់ឲ្យរំលឹកអតីតកាល ។ អ៊ីចឹងយើងសួរថា នៅសតវត្សរ៍ទី១៣ នោះ តើប្រទេសថៃ នៅពេលដែលខ្លួនឯងបានវ៉ៃយកក្រុងអយុធ្យា នោះ ខ្លួនឯងមានប្រទេសពីណា បើមិនចង់ឲ្យគេរំលឹកប្រវត្តិសាស្រ្ត? អ៊ីចឹងត្រលប់មកវិញ យើងឃើញថា ជម្រើសកម្ពុជា មានតែជម្រើសការទូតមួយទេ ដែលល្អបំផុតសម្រាប់ធ្វើយន្តការ ។ ប៉ុន្តែសំណួរសួរជាលក្ខណៈបែបវិទ្យាសាស្រ្តផង ចិត្តសាស្រ្តផងថា ប្រសិនជាថៃ មិនព្រមទៅតាមការទូតរបស់យើង ហើយវានៅតែឈរជើង នៅតែអភិវឌ្ឍតាមបណ្ដោយព្រំដែន អ្នកខ្លះថា ៤០កន្លែង អ្នកខ្លះថាប៉ុណ្ណេះកន្លែង យើងគិតថា បួនប្រាំខេត្តហ្នឹង វាកាន់កាប់ទៅចុះ សួរថា យើងយកទឹកដីវិញបានទេ? យើងថា យើងយកបាន នៅពេលដែលភូមិសាស្រ្តនយោបាយប្រែប្រួល ដូចដែលបានលើកឡើងពីប្រវត្តិសាស្រ្តអ៊ីចឹង ។ អ៊ីចឹងមានតែយន្តការការទូតហ្នឹងមួយទេ ដែលយើងត្រូវដោះស្រាយ ។ សំណួរសួរថា យើងដោះស្រាយពេលណា? ហើយនឹងអាចបានដីត្រលប់មកវិញ ក្នុងពេលឆាប់ៗ? ខ្ញុំគិតថា ក្នុងសម័យបច្ចេកវិទ្យាជឿនលឿន ក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០នេះ ប្រទេសកម្ពុជា មានភាពវៃឆ្លាតក្នុងការដឹកនាំផង ហើយប្រជាពលរដ្ឋយើង មានការយល់ដឹងច្រើន ខ្ញុំគិតថា ដំណោះស្រាយការទូតនៅភូមិសាស្រ្តនយោបាយនេះ អាចនឹងបញ្ចប់ឆាប់ៗ ពីព្រោះមានតែការទូតមួយទេ ដែលយើងអាចដោះស្រាយបញ្ហាជាមួយប្រទេសសៀម តែបើវាមិនព្រមធ្វើ មានន័យថា ក៏ជាការដែលយើងត្រូវធ្វើសង្រ្គាម ដើម្បីដណ្ដើមទឹកដីមកវិញ ដើម្បីបង្ហាញអំពីសមត្ថភាពរបស់កម្ពុជា…»។

ជុំវិញការលើកឡើងរបស់អ្នកនយោបាយកម្ពុជា មកពីគណបក្សខ្មែរមួយ ខាងលើនេះ សម្រាប់អ្នកនយោបាយ មកពីគណបក្សពីរផ្សេងទៀត ដែលជាគណបក្សសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដែរ គឺគណបក្សយុវជនកម្ពុជា និងគណបក្សសន្តិភាពជាតិ បានលើកឡើងថា តាមពិត យើងមិនអាចចាត់ទុកថា ជាសង្រ្គាមការទូតទេ តែអាចនិយាយថា ជាប្រទេសរងគ្រោះ ដែលខំរើបម្រះពីការឈ្លានពានរបស់សៀម ទើបស្វះស្វែងរកការទូត ឲ្យជួយ ព្រោះប្រើប្រៀបធៀបគ្នាទៅ សង្រ្គាមការទូត គឺធ្វើយ៉ាងណា ទាក់ទាញមតិអន្តរជាតិ ឲ្យគាំទ្រខាងយើង តែសង្រ្គាមឈ្លានពាន គឺជាសកម្មភាពយោធាសុទ្ធសាធ ដែលធ្វើដើម្បីបំពានលើរដ្ឋអធិបតេយ្យ ។

លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ថា បើនិយាយអំពីផ្លូវការទូត និងច្បាប់អន្តរជាតិ សៀម ចាញ់កម្ពុជា មួយរយភាគរយ ទើបសៀម មិនជ្រើសរើសច្បាប់អន្តរជាតិ មកដោះស្រាយក្នុងកិច្ចការងារព្រំដែនរវាងប្រទេសទាំងពីរ ហើយសៀម ចិញ្ចឹមចិត្តយកដីខ្មែរ មិនមែនត្រឹមតែបន្ទាត់ព្រំដែននោះទេ គឺសើរើបីខេត្តឯណោះ ។ ដូច្នេះសង្រ្គាមការទូត និងសង្រ្គាមឈ្លានពាន ខុសគ្នាត្រង់ថា មួយបង្ហូរឈាម មួយអត់បង្ហូរឈាម ហើយបង្ហូរឈាម មិនមែនបង្ហូរតែខាងប្រទេសរងគ្រោះទេ ខាងចោរឈ្លានពាន ក៏បង្ហូរឈាមដែរ ព្រោះគ្រាប់កាំភ្លើង អត់ភ្នែកទេ តែកាលណាច្បាំងគ្នា វាមានទៅ មានមកហើយ ។ ជាពិសេស អ្នកដែលមានចិត្តឈ្លានពាន អាចនឹងអន្តរាយច្រើនជាងយើង ព្រោះគេប្រើទុន ប្រើមនុស្សច្រើន ។        

លោកបណ្ឌិត ពេជ្រ ស្រស់ បានមានប្រសាសន៍ថា “បើយើងនិយាយឲ្យស្រួលស្ដាប់ ករណីការទូតនេះ យើងគ្រាន់តែជាប្រទេសរងគ្រោះ ហើយប្រឹងរើបម្រះពីការឈ្លានពានរបស់ភាគីសៀម តែប៉ុណ្ណោះ យើងមិនអាចចាត់ទុកថាជាសង្រ្គាមការទូតទេ ព្រោះយើងជាប្រទេសរងគ្រោះ ហើយជាអ្នកដឹកនាំដែលខំរើបម្រះពីការឈ្លានពានរបស់សៀម ទើបយើងស្វះស្វែងរកការទូតឲ្យជួយ ។ មានន័យថា យើងគោរពច្បាប់អន្តរជាតិ ដើម្បីឲ្យអន្តរជាតិ មកជួយប្រទេសយើង ហើយបើសិនជាយើងនិយាយថា សង្រ្គាមការទូត ការពិតទៅ មតិអន្តរជាតិភាគច្រើន គេទំនោរទៅសៀម ហើយ បើនិយាយពីរឿងការទូត ការទូត ក៏មានផលប្រយោជន៍នៅក្នុងការទូតដែរ ។ អ៊ីចឹងសៀម វាជាប្រទេសមួយដែលអាចផ្ដល់ផលប្រយោជន៍ឲ្យប្រទេសដទៃ អ៊ីចឹងយើងគ្រាន់តែជាប្រទេសមួយដែលស្វះស្វែងរកការអន្តរាគមន៍ពីអន្តរជាតិ ក្នុងការសង្រ្គោះកម្ពុជាយើង ដែលសៀមឈ្លានពានតែប៉ុណ្ណោះ ។ មែនទែនទៅ បើនិយាយអំពីផ្លូវការទូត និយាយពីច្បាប់អន្តរជាតិ សៀម គេចាញ់យើងមួយរយភាគរយ ដូច្នេះហើយបានជាសៀម មិនជ្រើសរើសច្បាប់អន្តរជាតិ មកដោះស្រាយក្នុងកិច្ចការងារព្រំដែនរវាងកម្ពុជា និងសៀម ហើយសៀម ចិញ្ចឹមចិត្តយកដីខ្មែរយើង មិនមែនត្រឹមតែបន្ទាត់នោះទេ វាសើរើបីខេត្តឯណោះ“ ។

លោកបណ្ឌិត ពេជ្រ ស្រស់ បានមានប្រសាសន៍ថា “ដូច្នេះសៀម គ្មានថ្ងៃប្រើការទូតជាមួយនឹងយើងទេ គ្មានថ្ងៃពឹងច្បាប់អន្តរជាតិ ឲ្យដោះស្រាយទេ វាមានតែចិញ្ចឹមចិត្តពន្យារពេល មិនទទួលស្គាល់សន្ធិសញ្ញា អនុសញ្ញាឆ្នាំ១៩០៤-១៩០៧ ដើម្បីវាលេបត្របាក់ទឹកដីកម្ពុជាយើង ចូលមកជ្រៅទៀត ។ ចំពោះការតស៊ូផ្នែកការទូត និងការតស៊ូផ្នែកអាវុធ  ខ្ញុំគិតថា ទាំងពីរនេះ គឺមានសារសំខាន់ដូចគ្នា ។ ការទូត សំដៅទៅលើការគោរពច្បាប់អន្តរជាតិ និងធ្វើកិច្ចការងារជាតិ ឲ្យស្របជាមួយនឹងការទទួលស្គាល់របស់អន្តរជាតិ ហើយការទូត វាមានសារសំខាន់ ដើម្បីឲ្យពិភពលោកទទួលស្គាល់ភាពស្របច្បាប់ នៃដែនដីរបស់យើង ។ ចំពោះប្រដាប់អាវុធ យើងការពារឲ្យកុំចោររុលចូលមកក្នុងទឹកដីយើងជ្រៅ អាហ្នឹងការពារបែបហ្នឹង ។ សង្រ្គាមការទូត និងសង្រ្គាមឈ្លានពាន ខុសគ្នាដូចម្ដេច? មែនទែនទៅ វាខុសគ្នាត្រង់ថា មួយបង្ហូរឈាម មួយអត់បង្ហូរឈាម តែប៉ុណ្ណឹងទេ ។ យើងធ្វើកិច្ចការងារតាមការទូត យើងយកច្បាប់ជាគោល យើងយកច្បាប់អន្តរជាតិ ជាធំ ។ រីឯសង្រ្គាមឈ្លានពាន គឺគ្មានអីក្រៅពីបង្ហូរឈាមរវាងគ្នានិងគ្នា ហើយបង្ហូរឈាមនោះ មិនមែនបង្ហូរតែខាងប្រទេសយើងរងគ្រោះទេ ខាងចោរឈ្លានពានហ្នឹង ក៏រងគ្រោះដែរ កាលណាតែមានច្បាំងគ្នា វាមានទៅ វាមានមកហើយ ព្រោះគ្រាប់កាំភ្លើង អត់ភ្នែកទេ ។ អ៊ីចឹងវាអន្តរាយទាំងសងខាង ប៉ុន្តែសួរថា អន្តរាយខាងណាជាង? បើគេមានចិត្តឈ្លានពានយើងហើយ ច្បាស់ហើយ គឺវាអន្តរាយខាងអ្នកដែលមានចិត្តឈ្លានពានយើង ដោយសារអី? គេប្រើទុន ប្រើមនុស្សច្រើន ប៉ុន្តែយើងបើសិនជាទប់មិនជាប់ យើងបាត់បង់គ្រប់យ៉ាងតែម្ដង“ ។

ជាមួយគ្នានោះដែរ លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដែលនោះថា សង្រ្គាមការទូត វាខ្លាំងជាងសង្រ្គាមឈ្លានពានទៅទៀត ព្រោះសង្រ្គាមឈ្លានពាន របស់សៀម គឺជាមធ្យោបាយមួយ ដែលធ្វើទាំងកំរោល ដើម្បីរំលោភរដ្ឋអធិបតេយ្យមួយទៀត ហើយមិនគោរពច្បាប់អ្វីទាំងអស់ ។ ឯសង្រ្គាមការទូត គឺធ្វើយ៉ាងណាទាក់ទាញមតិអន្តរជាតិ ឲ្យគាំទ្រខាងយើង តែក្នុងនាមជារដ្ឋឯករាជ្យ យើងក៏ត្រូវតែប្រើគ្រប់មធ្យោបាយ ដើម្បីការពារនូវរដ្ឋអធិបតេយ្យរបស់យើងផងដែរ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ការធ្វើសង្រ្គាមឈ្លានពានរបស់ថៃ វាជាសន្ដានចោរ ហើយមិនមែនទើបតែចាប់ផ្ដើមទេ ៧០០ឆ្នាំហើយ ដែលសៀម ធ្វើរបៀបនេះដាក់កម្ពុជា ។ អ៊ីចឹងយើងចងចាំជាប្រវត្តិសាស្រ្ត ហើយចំពោះថា តើថៃ ក្លាហានធ្វើសង្រ្គាមឈ្លានពាននេះ ហើយខ្លាចច្បាប់អន្តរជាតិនេះ? ថៃ វាពិតជាហ៊ានធ្វើសង្រ្គាមឈ្លានពានមកលើយើង ដូចដែលវាបានធ្វើរួចហើយ ក៏ប៉ុន្តែថៃ ដែលយើងហៅថា សៀមនេះ គឺវាក្រឡេចក្រឡុចណាស់ ។ អ៊ីចឹងគ្មានវិធីថោកទាបណាដែលសៀម មិនហ៊ានធ្វើទេ ប៉ុន្តែអ្វីដែលយើងធ្វើ ក្នុងនាមជារដ្ឋឯករាជ្យ គឺធ្វើយ៉ាងណា យើងត្រូវតែប្រើគ្រប់មធ្យោបាយ ដើម្បីការពារនូវរដ្ឋអធិបតេយ្យរបស់យើង ។ អ៊ីចឹងនេះជាចំណុចដែលខ្ញុំសុំបញ្ជាក់ជូន ហើយសង្រ្គាមការទូត វាខ្លាំងជាងសង្រ្គាមឈ្លានពានទៅទៀត ព្រោះពេលបច្ចុប្បន្ន ក៏ចាញ់សង្រ្គាមការទូតដែរ សមរភូមិ ក៏មិនទៅមុខប៉ុន្មានដែរ ។ ចំណែកសៀម ក៏ដូចគ្នា សង្រ្គាមឈ្លានពាន គឺជាមធ្យោបាយមួយដែលធ្វើទាំងកំរោល ដើម្បីរំលោភអធិបតេយ្យរដ្ឋមួយទៀត ហើយមិនគោរពច្បាប់អ្វីទាំងអស់ ហើយសង្រ្គាមការទូត គឺធ្វើយ៉ាងណាទាក់ទាញមតិអន្តរជាតិ ឲ្យគាំទ្រខាងយើង តែសង្រ្គាមឈ្លានពាន គឺជាសកម្មភាពយោធាសុទ្ធសាធ ដែលធ្វើដើម្បីបំពានលើរដ្ឋអធិបតេយ្យ“ ។

គួរកត់សម្គាល់ដែរថា ក្រោយពីបណ្ដាញសារព័ត៌មានអន្តរជាតិធំៗជាច្រើន បានធ្វើការផ្សព្វផ្សាយពីស្ថានភាពពិតជាក់ស្ដែងនៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ និងក្រោយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់បទសម្ភាសផ្ដាច់មុខ ជាមួយសារព័ត៌មានអន្តរជាតិធំៗ ដូចជា Reuters, Fox News និង AFP ជាដើម ដោយសម្ដេចបានលាតត្រដាងអំពីបញ្ហាដែលកម្ពុជា ចោទថាជាការឈ្លានពានលើដែនអធិបតេយ្យរបស់ខ្លួននោះ ក្រៅពីអ្នកនយោបាយ យកពាក្យ “សង្រ្គាមការទូត” មកប្រើសម្រាប់កម្ពុជា និងពាក្យ “សង្រ្គាមឈ្លានពាន” ប្រើសម្រាប់ភាគីថៃ សម្រាប់អ្នកវិភាគ និងអ្នកជំនាញភូមិសាស្រ្តនយោបាយមួយចំនួន ក៏បានលើកឡើងដែរថា តើកម្ពុជា កំពុងមានប្រៀបក្នុង «សង្គ្រាមការទូត» ជាមួយថៃ ឬយ៉ាងណា?

លោកបណ្ឌិត ដៀប សុផល អ្នកជំនាញប្រវត្តិសាស្ត្រនិងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា ពាក្យថា «ឈ្នះ» ឬ «ចាញ់» នៅពេលនេះ មិនទាន់អាចវាយតម្លៃបានច្បាស់លាស់ទេ ព្រោះភាពតានតឹងរវាងកម្ពុជា និងថៃ អាចកើតមានក្នុងទម្រង់ផ្សេងៗ ដូចជា សង្គ្រាមប្រដាប់អាវុធ សង្គ្រាមការទូត និងសង្គ្រាមចិត្តសាស្ត្រ។ ប៉ុន្តែអ្វីដែលលោកកត់សម្គាល់ វត្តមានរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅកាន់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បង្ហាញពីជំហររបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់ និងការគោរពច្បាប់អន្តរជាតិ។

លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការទូតកម្ពុជា ហាក់មានប្រៀបលើថៃ ដោយសារតែសារដែលប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ ស្របតាមការពិតជាក់ស្តែង។ លោកបន្ថែមថា ការលើកឡើងរបស់ភាគីថៃ កន្លងមក គឺគ្រាន់តែជាទឡ្ហីករណ៍មិនមានមូលដ្ឋានច្បាស់លាស់ ហើយបានប្រៀបធៀបស្ថានការណ៍នេះ ដូចជា «របស់ពិត» និង «របស់ក្លែងក្លាយ» ។

ទោះយ៉ាងណា លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ពេលនេះ មិនទាន់អាចសន្និដ្ឋានថា កម្ពុជា ឈ្នះសង្គ្រាមការទូតលើថៃ បាននៅឡើយទេ តែលោកថា កម្ពុជា បានបង្ហាញឱ្យសហគមន៍អន្តរជាតិ ឃើញពីទស្សនៈនិងមូលហេតុដែលខ្លួនអះអាង ពាក់ព័ន្ធនឹងបញ្ហាដែនអធិបតេយ្យ។ ជាពិសេស លោកថា ការបញ្ចេញជំហររបស់កម្ពុជា ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ សច្ចភាព សុចរិតភាព និងសន្តិភាព។

ជាចំណុចរួម មជ្ឈដ្ឋានបញ្ញវន្ត យល់ថា ជំហររបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់ និងការគោរពច្បាប់អន្តរជាតិ គឺជារឿងត្រឹមត្រូវដែលពិភពលោកគាំទ្រ ព្រោះដំណោះស្រាយព្រំដែនរវាងកម្ពុជា និងថៃ មិនអាចប្រើកម្លាំងក្នុងការដោះស្រាយបាននោះទេ ផ្ទុយទៅវិញ កម្ពុជា និងថៃ ត្រូវប្រើយន្តការច្បាប់អន្តរជាតិ និងការទូត ដើម្បីស្ដារសន្តិភាពព្រំដែន និងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ ៕ កុលបុត្រ

RELATED ARTICLES