Friday, March 6, 2026
Homeតារាខ្មែរSk ស្មោះ Step ជិត៣ឆ្នាំ

Sk ស្មោះ Step ជិត៣ឆ្នាំ

ភ្នំពេញ ៖ តារាសាច់សខ្ចីរលើបរលោងម៉ដ្ឋខៃ កញ្ញា Sk (ហៀង) បានច្រៀងឆ្លងឆ្លើយជាមួយដៃគូពិសេសរបស់នាងលោក សុខ វិបុល ហៅ Step ២បទ ឆ្លងឆ្លើយ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលឆាប់ៗនេះគឺ «រាំនៅណា?» និងបទ «អ៊ួយ! ក្ដៅ» ដែលមើលទៅស្រីស្រស់ប៉ះប្រុសរូបសង្ហា គឺពិតជាសមគ្នា ទាំងក្នុងនិងក្រៅឆាក ។ អ្វីដែលគួរឲ្យកត់សម្គាល់ ជិត ៣ឆ្នាំមកនេះ Sk មិនដែលចាប់ដៃគូជាមួយតារាប្រុសណា ក្រៅពីលោក Step ឡើយ បើទោះជា Fan ចង់ឃើញនាងចាប់ដៃជាមួយលោក ថុល សុភិទិ ដែលជាតារារួមទ្រនំ កុំឲ្យច្រៀងតែជា មួយលោកវិបុល ដដែលៗពេក នាំឲ្យគេសាំ ក៏នាងមិនខ្វល់ឡើយ ។

 Sk ត្រូវបានចាប់អារម្មណ៍ថា នាងចូលចិត្តស្ទីលតារាចម្រៀងកូរ៉េខាងត្បូង នាង Jisoo សមាជិកក្រុម Blackpink ស្របពេលលោក Step លេងស្ទីលដូចតារាកូរ៉េ លោក Rain (លី យ៉ុងចេ) ហើយច្រៀងឲ្យ Gen Musix ជាង២ឆ្នាំ Sk ល្បីបទ «សំខាន់ច្រើននាក់», «រក្សាគម្លាត» និង ចាប់ដៃជាមួយលោក Step ដូចជាបទ «ថ្ងៃមួយ», «សៀវភៅកំណែ», «អ្នកកំដរឈ្លោះ» និង «និស្ស័យ៥០% ។ ទោះជាគ្មានដៃគូប្រុសណាក្រៅពីលោក Step ប៉ុន្ដែថ្មីៗនេះ Sk បានច្រៀងឆ្លងឆ្លើយជាមួយដៃគូស្រីដូចគ្នា កញ្ញា Cherry បទ «អផ្សុក» ផងដែរ ខណៈដែលថ្មីៗនេះ នាងបានចេញបទទោល «ខឹងៗ» ដែលទាំងការតែងខ្លួន និងស្ទីលរបស់នាង កាន់តែប្លែកទៅៗ ។

 មជ្ឈដ្ឋានមហាជន មើលឃើញថា នារយៈពេលចុងក្រោយនេះ Sk ហាក់ដូចជាត្រូវថៅកែផលិតកម្ម លើកឲ្យធ្វើជាតួឯក របស់ផលិតកម្ម Gen Musix ព្រោះតែនាងល្បីរហ័ស ធ្វើឲ្យបណ្ដារក្រុមហ៊ុនមួយចំនួន ចង់បាននាងធ្វើ BA ។ ប៉ុន្ដែអ្នកគ្រប់គ្រងផលិតកម្មនេះ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា តារាទាំងអស់របស់ Gen Musix ទាល់តែបានតម្លៃខ្លួនមួយដែលផលិតកម្មកំណត់ទុក ទើបទទួលការងារនោះ មិនមែនចេះតែថតនោះទេ ។

ការឡើងកូដរបស់ SK នាពេលនេះ ចំពេលដែលតារាល្បីៗរបស់ហង្សមាស ដែលជាផលិតកម្មមេ របស់ Gen Musix បានដើរចេញអស់ជាច្រើនដួង ក្នុងនោះមានដូចជា ពេជ្រ សោភា, សុគន្ធ និសា, វី ឌីណែត, សុខ ស្រីនាង, ពេជ្រ សូលីកា, កែវ សុបញ្ញា  និងប៉ាច គីមមួយ ជាដើម ទើបធ្វើឲ្យមានការលើកឡើងថា ស្រីស្រស់ SK អាចនឹងក្លាយទៅជាតារាសំខាន់របស់ផលិតកម្មធំនេះ ។ ប៉ុន្តែយ៉ាងណា គេចាំមើលថា តើ SK នៅតែបន្ដចាប់ដៃលោក Step តែម្នាក់ តទៅទៀត ឬថៅកែ នឹងរុញនាងឲ្យទៅច្រៀងឆ្លងឆ្លើយជាមួយលោកថុល សុភិទិ តាមសំណូមពរ Fan ?          

សូមបញ្ជាក់ថា SK ធ្លាប់ត្រូវបានលោក Step ប្រកាសសារភាពស្នេហ៍ លើឆាកតន្រ្ដី ជាញឹកញាប់ ដែលពេលខ្លះ ធ្វើឲ្យនាងអៀន និយាយអ្វីមិនចេញ។ ប៉ុន្ដែវាមិនមែនជារឿងចៃដន្យនោះទេ ដែលសុខៗ លោកវិបុល ធ្វើបែបនេះ តែជាការបោះមួយជំហានឲ្យបានមុនប្រុសៗទាំងឡាយដែលចង់ឆ្មក់ស្នេហានាង និងដើម្បីកុំឲ្យយឺតពេល ហើយពេលនេះ ពួកគេទៅច្រៀងតាមខេត្ត ជិះរយន្ដជាមួយគ្នា និងហៅគ្នាអូន-បង យ៉ាងផ្អែមល្ហែមដូចគូស្នេហ៍ឬ ប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មី បើទោះជាមិនទាន់មានដំណឹងថា តារាទាំងពីរ ភ្ជាប់ពាក្យជាមួយគ្នាក៏ដោយ ៕

RELATED ARTICLES