Friday, March 6, 2026
Homeសង្គម និងជីវិតកូនភ្លោះស្រី២ ម៉ែឪរត់ចោល យាយយំ អត់ទឹកដោះឲ្យចៅបៅ

កូនភ្លោះស្រី២ ម៉ែឪរត់ចោល យាយយំ អត់ទឹកដោះឲ្យចៅបៅ

ភ្នំពេញ ៖ ទារិកាភ្លោះ ២នាក់ ត្រូវបានឪពុកចុះចោល តាំងពីនៅក្នុងផ្ទៃម្តាយ លុះក្រោយពីទារិកាភ្លោះកើតបាន២ខែ ទទួលដំណឹងថា ឪពុកបានស្លាប់បាត់ទៅហើយ រីឯស្ត្រីជាម្តាយ ក្រោយពីសម្រាលកូនភ្លោះ បាន២ខែ រត់ចោលកូន ទុកឱ្យម្តាយជរា ត្រូវរ៉ាប់រងមើលថែចិញ្ចឹមចៅភ្លោះ តែម្នាក់ឯង យំស្រែករកជំនួយ ព្រោះអត់ទឹកដោះឲ្យចៅបៅ។

ទារិកាភ្លោះ ទាំង២នាក់ ១-ឈ្មោះ ផល លីហ្សា ជាកូនបង និងម្នាក់ទៀត ឈ្មោះ ផល ម៉ូលីកា ជាប្អូន។ ទារិកាភ្លោះ ទាំង២ សម្រាលកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សព្វថ្ងៃកំពុងរស់នៅក្រោមការគ្រប់គ្រងមើលថែរបស់ជីដូនជរា នៅបន្ទប់ជួល មួយកន្លែង ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសម្តីរបស់ស្ត្រីចំណាស់ ឈ្មោះ សយ ផាន អាយុ៧០ឆ្នាំ ត្រូវជាជីដូនបង្កើតរបស់ទារិកាភ្លោះខាងលើ បានរៀបរាប់ប្រាប់ថា ចៅភ្លោះ របស់គាត់នេះ មានម្តាយបង្កើត ឈ្មោះធឿន ស្រីពេជ្រ អាយុ២២ឆ្នាំ (ត្រូវជាកូនស្រីបង្កើតរបស់គាត់) និងមានឪពុកឈ្មោះ ផន ផល (ស្លាប់)។ ចៅភ្លោះនេះ ពិតជាអភ័ព្វខុសគេ ព្រោះត្រូវឪពុកចុះចោល តាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ខណៈដែលពួកគេនៅក្នុងផ្ទៃម្តាយ លុះឪពុករត់ចោលបាន៧ថ្ងៃ ពោលគឺនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ចៅភ្លោះរបស់គាត់ក៏បានសម្រាល។

ស្ត្រីជាជីដូន បានបន្តថា លុះក្រោយពីចៅភ្លោះសម្រាលបាន ២ខែ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ស្រាប់តែម្តាយរបស់ពួកគេ បានរត់ចោលកូនទៀត ទុកឱ្យគាត់ជាជីដូន ត្រូវរ៉ាប់រងមើលថែ ចិញ្ចឹមចៅភ្លោះ តែម្នាក់ឯង ទាំងដែលគ្មានមុខរបរចិញ្ចឹមជីវិត និងគ្មានលុយកាក់ជាប់ខ្លួនសោះ ហើយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ចៅភ្លោះរបស់គាត់ឈឺ សម្រាកនៅមន្ទីរពេទ្យគន្ធបុប្ជា ឃើញម្តាយរបស់គេ បានមកអើតមើលកូន បានមួយភ្លែតដែរ រួចក៏ចាកចេញទៅវិញបាត់ រហូតដល់សព្វថ្ងៃ មិនដែលមកអើត ឬផ្ញើលុយកាក់អ្វីសម្រាប់ចិញ្ចឹមកូនសោះ។ ដោយឡែក កូនប្រសាប្រុសរបស់គាត់ ត្រូវជាឪពុករបស់ចៅភ្លោះនេះ ក្រោយពីកូនភ្លោះ មាន អាយុ២ខែ គាត់ទទួលបានដំណឹងថា បានស្លាប់បាត់ទៅហើយ។

ស្ត្រីជាជីដូន បានបញ្ជាក់ថា រាល់ថ្ងៃ គាត់កំពុងជួបការលំបាកខ្វះខាតខ្លាំងណាស់ ព្រោះគ្មានលុយកាក់ទិញទឹកដោះគោ ចិញ្ចឹមចៅភ្លោះឡើយ ដោយសារគាត់ជាមនុស្សចាស់ជរាផង និងគ្មានការងាររកស៊ីអ្វី មានតែពឹងលើទឹកចិត្តអ្នកជិតខាង និងសប្បុរសជនប៉ុណ្ណោះ។

បន្ទាប់ពីទទួលបានដំណឹងខាងលើនេះ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោករឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ បានចាត់ឱ្យក្រុមការងារនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជននិងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន ជូនដល់លោកយាយ សយ ផាន ជាជីដូនបង្កើតរបស់ទារិកាភ្លោះខាងលើ នៅភូមិទ្រា២ សង្កាត់ស្ទឺងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

ចំពោះអំណោយរបស់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជននិងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន ដែលផ្តល់ជូនជីដូនរបស់ទារិកាភ្លោះខាងលើ រួមមាន គ្រឿងឧបភោគ-បរិភោគ ដូចជា មី ១កេស ទឹកសុទ្ធ ២កេស អង្ករ ៥០គីឡូក្រាម និងថវិកា ចំនួន៣០ម៉ឺនរៀល៕

RELATED ARTICLES