ខេត្តកំពត ៖ ស្រ្តីម្នាក់ បានបាត់កូនស្រីក្រមុំ វ័យ២១ឆ្នាំ អស់រយៈពេល ២យប់ ហើយដំបូងសង្ស័យត្រូវសង្សារ ជនជាតិចិន ចាប់បង្ខាំង ដើម្បីជំរិតទារលុយ ២៥០០ដុល្លារ នៅពេលបានឮកូនស្រីទូរស័ព្ទមកប្រាប់ថា ត្រូវគេចាប់នោះ ចុងក្រោយបែរជារកឃើញនៅក្នុងមណ្ឌលកែប្រែខេត្តកណ្ដាល បន្ទាប់ពីសមត្ថកិច្ចនៃស្នងការរាជធានីភ្នំ ពេញ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀន ។

គួររំលឹកថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ស្រ្តីម្នាក់ រស់នៅភូមិដំណាក់សុក្រំ ឃុំស្នាយ អញ្ជឹត ស្រុកជុំគិរី ខេត្តកំពត បានប្រកាសតាមបណ្ដាញសង្គមថា គាត់បានបាត់កូនស្រីម្នាក់ ឈ្មោះ កយ ស្រីពៅ អាយុ២១ឆ្នាំ ហើយគាត់បានធ្វើសន្និដ្ឋានជំហានបឋមថា កូនស្រីរបស់គាត់ អាចនឹងត្រូវគេចាប់ជំរិត ឬអាចមានសង្សារជន ជាតិចិន ស្គាល់តាមអនឡាញ ហើយល្បួងលួងលោមចាប់បង្ខាំងកូនស្រីគាត់ ដើម្បីជំរិតទារលុយ ២៥០០ដុល្លារ ឬអាចនឹងទុកធ្វើទារុណកម្មលើកូនស្រីគាត់ ដូចដែលធ្លាប់មានព័ត៌មានចុះផ្សាយករណីជនជាតិចិន ធ្វើបាបនារីខ្មែរ ជាច្រើនករណី មានប្រើហិង្សា ឃាតកម្ម សម្លាប់ ជំរិតទារប្រាក់ ជាដើម ព្រោះបន្ទាប់ពីបាត់ខ្លួននោះ កូនស្រីរបស់គាត់ បានទូរស័ព្ទមកប្រាប់គាត់ថា នាងត្រូវបានគេចាប់ហើយ ត្រូវយកលុយ 2500ដុល្លារ មកដោះ ទើបនាងអាចរួចខ្លួនវិញ ។
ស្រ្តីជាម្ដាយ បានបញ្ជាក់ពេលនោះថា ក្នុងការនិយាយគ្នាតាមទូរស័ព្ទ មិនបានមួយនាទី ហើយកូនស្រីក៏បិទទូរស័ព្ទនោះ កូនស្រីរបស់គាត់មិនបានប្រាប់ថា នាងត្រូវគេចាប់ដោយសារមូលហេតុអ្វីទេ តែការដែលគាត់សង្ស័យថា អាចត្រូវសង្សារជនជាតិចិន ចាប់ជំរិតទារលុយ២៥០០ដុល្លារនោះ ក៏ព្រោះតែនាងបានបាត់ខ្លួន ក្នុងពេលចាកចេញពីខេត្តព្រះសីហនុ នៅវេលាម៉ោង ៧យប់ ថ្ងៃទី៩ ខែ មីនា ឆ្នាំ២០២៦ ហើយឮនាងប្រាប់ថា កំពុងដំណើរទៅរាជធានីភ្នំពេញ ជាមួយមិត្តភក្តិស្រី រួមជាមួយជនជាតិចិន ម្នាក់ ជាតៃកុងឡាន ។
ទោះបីយ៉ាងណា ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ស្រ្តីជាម្ដាយនារីបាត់ខ្លួន ឈ្មោះសុខ វេន អាយុ៤៩ឆ្នាំ បានបញ្ជាក់ថា កូនស្រីរបស់គាត់ មិនមែនត្រូវបានជនជាតិចិន ចាប់ជំរិតទេ គឺត្រូវប៉ូលិសនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចាប់ខ្លួន ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន (មានផ្ទុកសារធាតុញៀន) តាំងពីយប់ដែលនាងបានទូរស័ព្ទមកគាត់ម្ល៉េះ តែគាត់ទើបតែទទួលបានដំណឹងច្បាស់ការ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ។ ក្រោយទទួលដំណឹងដ៏គួរឲ្យរន្ធត់នេះ គាត់បានឡើងមកជួបមុខកូនស្រី នៅអធិ ការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដើម្បីបង្ហាញអារម្មណ៍ពិតដល់កូនស្រីថា គាត់មានក្ដីបារម្ភ និងចង់ឲ្យជួយកូនមានសេរីភាពវិញណាស់ ។ ប៉ុន្តែក្នុងជួបគ្នានោះ គាត់បានឃើញស្រីតែមួយភ្លែត និងបានត្រឹមតែពាក្យកូនស្រីសុំទោស ដែលនាងធ្វើឲ្យម្ដាយរងភាពអាម៉ាស់ មានកូនស្រីជាប់គ្រឿងញៀន បន្ទាប់មក កូនស្រីត្រូវបានបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន នៅស្រុកកណ្ដាលស្ទឺង ខេត្តកណ្ដាល ។ នៅទីនេះ គាត់មិនបានជួបកូនស្រីទេ ហើយក៏មិនបានឮព័ត៌មានអ្វីច្រើន ទាក់ទងនឹងទោសទណ្ឌកូនស្រីដែរ គ្រាន់ តែឮថា នាងជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ត្រូវការរស់នៅក្នុងមណ្ឌល ដើម្បីបន្សាបគ្រឿងញៀន និងអប់រំកែប្រែ ។
អ្នកស្រី ខេន វេន បាននិយាយថា “ចា! នៅម៉ោង៣កន្លះ ថ្ងៃទី៩ គាត់បានសុំខ្ញុំមកលេងនៅភ្នំពេញ ជាមួយពួកម៉ាក ។ នៅម៉ោង ៧ជាង គាត់បា្រប់មកខ្ញុំថា កូនទៅភ្នំពេញ ហើយណាម៉ែ កូនឡើងឡានដែរ ។ ខ្ញុំបានសួរថា បើកូនឯងឡើងឡាន កូនឯងបើកកាមេរ៉ា ឲ្យម៉ែមើលបន្តិចមើលចុះ? លុះពេលបើកកាមេរ៉ា ខ្ញុំឃើញកូន ឡើងឡាន ពីរនាក់ពួកម៉ាកស្រីមែន ។ បន្ទាប់មក នៅថ្ងៃទី១០ ម៉ោងខ្ទង់១០ នាងបាន call មកប្រាប់ថា ខ្ញុំត្រូវគេចាប់ហើយម៉ែ យកលុយ ២៥០០ មកលោះមក ។ ខ្ញុំក៏ថា កូន! ម៉ែរកលុយឯណាបាន បើម៉ែកំពុងបំណុលជាប់ ខ្លួនហ្នឹង? កូនឯងមូលហេតុអីបានឲ្យម៉ែ រកលុយបង់? នាងក៏ឆ្លើយថា ម៉ែ! បានហើយអ៊ីចឹង ឲ្យកូនសុំទោស! ចាប់ពីពេលហ្នឹងមក ក៏អត់មានដំណឹងអីបន្តិចបន្តួច ហើយគាត់មិនបានបញ្ជាក់ថាប៉ូលិសចាប់ទេ តែខ្ញុំសន្និដ្ឋានថា ចាប់ជំរិត ដោយសារខ្ញុំខ្លាចគាត់ដើរ គាត់មានសង្សារចិន អីអ៊ីចឹង ធ្វើស៊ី ធ្វើអីអ៊ីចឹងទៅ ខ្ញុំមិនដឹងខាងយើងយ៉ាងម៉េចទេ ខ្ញុំភ័យខ្លាចតែចិនទេ ។ ប៉ុន្តែទីបំផុត នាងបែរជាត្រូវប៉ូលិសចាប់ ពាក់ព័ន្ធនឹងការផ្ទុកសារធាតុញៀន ហើយខ្ញុំទៅជួបនាងនៅកន្លែងស្នងការ បានតែមួយភ្លែត គេក៏យកនាងទៅមណ្ឌលកែប្រែ ។ ពេលជួបបានមួយភ្លែតនោះ នាងគ្រាន់តែនិយាយថា ម៉ែ! ឲ្យកូនសុំទោស ពេលកូនមកវិញ ចាំកូនកែប្រែចិត្តគំនិត កូនខំរកស៊ីចិញ្ចឹមម៉ែ កូនខុសហើយ!“ ។
ភ្ជាប់ជាមួយការបញ្ជាក់ច្បាស់ពីមូលហេតុដែលកូនស្រីត្រូវបាត់ខ្លួន និងចាប់ខ្លួន ស្រី្ដជាម្ដាយ ក៏បានត្អូញត្អែរពីជីវភាពរស់នៅរបស់គាត់ថា គាត់គឺជាស្រ្តីមេម៉ាយ ក្រក្រី កន្លងមក ពឹងតែលើកូនពីរនាក់ គឺកូនប្រុសច្បងម្នាក់ និងកូនស្រីពៅម្នាក់នេះ រកស៊ីចិញ្ចឹម ឬធ្វើការងាររកប្រាក់ មកដោះទ័លជីវភាពដែលខ្វះខាត ។ ប៉ុន្តែអ្វីដែលជាការឈឺហួសពណ៌នា និងគិតថា អភ័ព្វហួសថ្លែង ដោយកូនទាំងពីរនេះ សុទ្ធតែត្រូវច្បាប់ចាប់ចង ហើយកំពុងរស់នៅក្នុងមណ្ឌលកែប្រែដូចគ្នា ។ ក្នុងនោះ កូនប្រុសច្បង ឈ្មោះខេន ណាក់ អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាលើអ្នកដទៃ ក្នុងវង់រាំ ហើយត្រូវបានគ្រួសារជនរងគ្រោះប្ដឹង រហូតត្រូវបានតុលាការផ្ដន្ទាទោស ពិន័យជាប្រាក់ ២០លានរៀល និងដាក់ពន្ធនាគារ ៣ឆ្នាំកន្លះ ។ មកទល់ពេលនេះ កូនប្រុសនេះ ទើបតែអនុវត្តទោសនៅក្នុងពន្ធនាគារ បាន២ឆ្នាំ គឺនៅ ១ឆ្នាំកន្លះទៀត ។
ស្ត្រីជាម្តាយ បន្តថា កូនប្រុសនេះ ពីដំបូងឡើយ បានរៀបការប្រពន្ធ ទៅរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ុន្តែក្រោយបានកូន១ និងចែកផ្លូវជាមួយប្រពន្ធ ដោយការរស់នៅមិនចុះសម្រុងគ្នា គេក៏បានវិលមករស់នៅជាមួយគាត់នៅឯស្រុកកំណើត ខេត្តកំពត វិញ ហើយបានដើរតួនាទីសំខាន់ក្នុងការរកប្រាក់ទំនុកបម្រុងគ្រួសារ ដែលមានសមាជិក ៣នាក់ គឺគាត់ជាម្ដាយ និងរូបគេ ព្រមទាំងប្អូនស្រីរបស់គេ ។ មិនតែប៉ុណ្ណោះ មួយរយៈក្រោយមក គេក៏ចាប់ផ្ដើមរកគូជីវិតថ្មី ដោយបានភ្ជាប់ពាក្យជាមួយនារីម្នាក់ នៅក្នុងភូមិ ជាអកុសល ក្រោយពីគេមានរឿងត្រូវបូលិសចាប់ និងកំពុងជាប់គុក មកដល់ពេលនេះ គូដណ្ដឹងនោះ ក៏បានផ្ដាច់ពាក្យពីគេវិញ ដោយមិនបានរៀបការនឹងគ្នានោះទេ ។ រីឯកូនស្រីពៅ ដែលទើបតែត្រូវបានចាប់ខ្លួននេះ ពីមុនមក គាត់ជាម្ដាយមិនបានចាប់អារម្មណ៍ថា នាងប្រើប្រាស់គ្រឿងញៀនទេ គ្រាន់តែដឹងថា ក្នុងជីវិតជាយុវវ័យ នាងក៏ធ្លាប់មានសង្សារ និងធ្លាប់រាប់អានជាមួយមិត្តជាច្រើនដែរ ហើយមានទាំងជនជាតិចិន ទៀតផង ។ កន្លងមក មុនត្រូវចាប់ខ្លួន នាងបានដើរតួជំនួសបងប្រុសរបស់នាង ក្នុងការរកប្រាក់ចិញ្ចឹមគាត់ជាម្ដាយ តាមរយៈមុខរបរខាងសាឡន ។ ដូច្នេះនិយាយសរុបឲ្យខ្លីទៅ ពេលអស់ពីកូនស្រីពៅនេះទៀត ជីវិតគាត់ពិតជាលំបាកហើយ ។
អ្នកស្រី សុខ វេន បានបញ្ជាក់បន្ថែមថា តាមពិតទៅ គាត់ខ្លួនមួយ ក៏អាចរស់នៅតស៊ូនឹងជីវភាពបានដែរ ប៉ុន្តែអ្នកដែលពិបាកប្រឈមមុខ គឺកូនទាំងពីរ សុទ្ធតែជាប់ឃុំ ដោយអំពើមិនគប្បី ទទួលយកមិនបានទេ ហើយក៏មិនចង់ឃើញពួកគាត់រស់ពិបាកក្នុងគុកទេ ។ ជាពិសេសមិនចង់ឃើញកូនស្រីពៅនេះ រស់នៅវេទនាក្នុងមណ្ឌលកែប្រែទេ ហើយគាត់ជឿថា កូនជឿថា បើកូនស្រីនេះ មានសេរីភាព នាងនឹងអាចកែប្រែខ្លួនបាន ។ ដូច្នេះគាត់សុំស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ មេត្តាដោះលែងកូនស្រីគាត់ ឲ្យមានសេរីភាពវិញផង ដើម្បីឲ្យនាងមានឱកាសនៅបម្រើគាត់ជាម្ដាយ និងមានឱកាសធ្វើការងារល្អនៅក្នុងសង្គមផង ។
អ្នកស្រី សុខ វេន បានថ្លែងថា “ខ្ញុំមានតែសំណូមពរសូមឲ្យបងប្អូនជួយខ្ញុំផង ព្រោះខ្ញុំមានតែកូនស្រីមួយនេះ ជួយរកស៊ីចិញ្ចឹមខ្ញុំ និងដោះបំណុលអង្គការ ហើយខ្ញុំមេម៉ាយទុរគត អត់មានបងប្អូនទេ សូមឲ្យសមត្ថកិច្ចជួយខ្ញុំ ឲ្យកូនខ្ញុំបានចេញមកវិញផង ហើយខ្ញុំសង្ឃឹមថា កូនខ្ញុំនឹងកែប្រែខ្លួន…”៕ កុលបុត្រ