Friday, March 13, 2026
Homeតារាខ្មែរសុគន្ធ និសា ត្រៀមទៅច្រៀងនៅអាមេរិក

សុគន្ធ និសា ត្រៀមទៅច្រៀងនៅអាមេរិក

ភ្នំពេញ ៖ តារាចម្រៀង សុគន្ធ និសា នឹងហោះទៅច្រៀងសម្ដែងនៅអាមេរិក នៅថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលកម្មវិធីនោះ ប្រព្រឹត្តនៅវត្តពុទ្ធរង្សី ទីក្រុងវូហ៊ី (Voorhees ) រដ្ឋញូវជេស៊ី (New Jesey) នៃសហរដ្ឋអាមេរិក ។ និសា បានត្រៀមបទចម្រៀងប្រពៃណីខ្មែរ ជាច្រើនបទ ដើម្បីឲ្យពុទ្ធបរិស័ទ គ្រប់មជ្ឈដ្ឋាន បានរាំកម្សាន្ដសប្បាយ បន្ទាប់ពីនាងអាក់ខានមិនបានចេញទៅច្រៀងសម្ដែងនៅអាមេរិក ជាង១០ឆ្នាំហើយ ដោយសាតែមមាញឹកខ្លាំងនឹងការងារសិល្បៈនៅក្នុងស្រុក ។

សុគន្ធ និសា ថ្លែងទាំងអារម្មណ៍រីករាយថា នេះជាការសម្ដែងជាថ្មី លើទឹកដីអាមេរិក ហើយនាងទៅតាមរយៈសមាគមខ្មែរវត្តពុទ្ធរង្សី ។ នាងក៏បានអំពាវនាវឲ្យពុទ្ធបរិស័ទចំណុះជើងវត្ត ទៅចូលរួមឲ្យបានច្រើនកុះករផងដែរ ហើយប្រភពថា ស្វាមីសុគន្ធ និសា លោកចៅ សម្បត្តិ ក៏ត្រៀមជូនដំណើរនិសា ទៅអាមេរិក ផងដែរ ព្រោះក្រោយបញ្ចប់ការសម្ដែង ពួកគេនឹងទៅផ្ទះផ្ទាល់ខ្លួន នៅទីក្រុងបូស្ដុន (Boston) រដ្ឋ Massachusetts សហ រដ្ឋអាមេរិក ផងដែរ ។

 តាមព័ត៌មានថា សុគន្ធ និសា ក្រៅពីត្រៀមច្រៀង ពីរថ្ងៃ (២៥ និង២៦ ខែមេសា) ខាងមុខនេះ នាងគ្មានគម្រោងទទួលច្រៀងកម្មវិធីផ្សេងៗទៀតនៅអាមេរិក ទេ ដោយនឹងវិលមកស្រុកវិញ តាមការកំណត់ ដើម្បីបន្ដការងារសិល្បៈ ដែលម្ចាស់កម្មវិធីខ្លះ បានកក់នាងរួចទៅហើយ ។ ប៉ុន្ដែនិសា ក៏មានដំណើរកម្សាន្ដ រយៈពេលខ្លី ជាមួយប្ដី និងសាច់ញាតិ នៅអាមេរិក ផងដែរ មុនពេលវិលត្រឡប់មកស្រុកខ្មែរវិញ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ស្វាមីសុគន្ធ និសា តែងតែនាំនាងទៅដើរលេងនៅមេរិក  ហើយសឹងតែរាល់លើក ពួកគេជ្រើសរើសយកការចេញទៅ នៅរដូវធ្លាក់ភ្លៀង ដែលការងារសិល្បៈ របស់និសា រាងស្បើយ។ ប៉ុន្ដែការចេញទៅជាមួយប្ដី លើកមុនៗ និសា មិនដែលឆ្លៀតសម្ដែងសិល្បៈឡើយ ពោលគឺជាដំណើរកម្សាន្ដជាលក្ខណៈឯកជនសុទ្ធសាធ ។ សម្រាប់ឆ្នាំនេះ និសា ដែលជាតារាចម្រៀងម្នាក់ អាចច្រៀងបទមរតកដើម បានយ៉ាងពីរោះនោះ នាងនឹងធ្វើឲ្យអាណិកជនខ្មែរ នៅអាមេរិក បានរីករាយ នៅវត្តពុទ្ធរង្សី ជាមិនខាន តាមរយៈការច្រៀងបទចម្រៀងចង្វាក់ប្រពៃណីខ្មែរ។

សូមរំលឹកថា សុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុនមែនញូឡាយ ប្រចាំកម្ពុជា កាលពីចុងឆ្នាំ២០១៧  ប៉ុន្ដែចំណងស្នេហាឆ្លងទ្វីប ជិត៩ឆ្នាំនេះ អ្នកទាំងពីរ មិនទាន់បានកូនបន្ដពូជ ១ គ្រាប់នៅឡើយ បើទោះជានិសា បានរៀបគម្រោងយកកូន តាំងពីឆ្នាំ២០២២ ក្ដី ប៉ុន្ដែលទ្ធផលសូន្យ ។ ទោះជាយ៉ាងណា ចំណងស្នេហានិសា និងស្វាមី គ្មានភាពរង្គោះរង្គើឡើយ ផ្ទុយទៅវិញ ស្វាមីនាង បានបើកសិទ្ធិឲ្យលេងសិល្បៈ ដោយសេរី មិនចេះប្រចណ្ឌផ្ដេសផ្ដាសទេ បើទោះជាមុនរៀបការ លោកចង់ឲ្យនិសា ផ្ដាច់ខ្លួនពីសិល្បៈ ទាំងស្រុងក្ដី តែក្រោយនាងលើកហេតុផលថា តស៊ូក្នុងសិល្បៈ ជាង១០ឆ្នាំ មិនអាចបញ្ឈប់ត្រឹមនេះបាន ទីបំផុតស្វាមីក៏យល់ស្របតាមបំណងនាង បន្ដអាជីពមួយនេះតទៅទៀត ហើយលោកថែមទាំងមិនដែលដើរតាមនិសា នៅតាមឆាកតន្រ្ដីនានា ដូចប្ដីតារាខ្លះរនោះឡើយ ។          

ក្រៅពីសុគន្ធ និសា តារាដែលយកស្វាមីជាអាណិកជនខ្មែរនៅអាមេរិក មានដូចជា អ្នកស្រី អម្ពរ ទេវី, គឹម លក្ខិណា, វ៉េត រតនា, សារ៉ាយ សក្ខណា និងខៀវ សុខារ៉ាវី ជាដើម ។ ប៉ុន្ដែក្នុងនោះ មានតែ ប៊ុន សុគន្ធា ហៅសុគន្ធ និសា និងសារ៉ាយ សក្ខណា ទេ ដែលរៀបការរួច នៅបន្ដអាជីពសិល្បៈ ពេញទំហឹងដូចដើម ៕

RELATED ARTICLES