ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពគាស់ផ្ទះស្ត្រីជាអ្នកភូមិម្នាក់ លួចស្រូវ ចំនួន២បេ ធុងបាស់១ រួមនិងរបស់របរមួយចំនួនទៀត បន្ទាប់មកនាំគ្នាគេចខ្លួនបាត់ លុះក្រោយមក ស្ត្រីជាម្ចាស់ផ្ទះត្រឡប់មកវិញ ដឹងថាមានចោរចូលលួចរបស់ទ្រព្យក្នុងផ្ទះ ក៏ប្តឹងសមត្ថកិច្ចស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីចោរគាស់ផ្ទះ លួចសម្ភារៈនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិយស់ជោ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ។ រហូតមកដល់វេលាម៉ោង ៩និង០៥នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់។
ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះភឿង វាសនា ហៅម៉ាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះស៊ូន ចាន់ធី ហៅទយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រា កដ។ ជនសង្ស័យទាំង២នាក់ មានលំនៅ ភូមិយស់ជោ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ។ ចំណែកជនរង គ្រោះ មានឈ្មោះសូ រី ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិយស់ជោ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ។
តាមប្រភពសមត្ថកិច្ច កាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ខណៈជនរងគ្រោះចេញពីធ្វើការ ត្រឡប់មកដល់ផ្ទះវិញ ឃើញទ្វាផ្ទះចំហ លុះពេលចូលទៅក្នុងផ្ទះ ឃើញអីវ៉ាន់រាយប៉ាយ និងបាត់ស្រូវ ចំនួន២បាវ ធុងបាស់១ និងសម្ភារៈ មួយចំនួនទៀត។
ក្រោយកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច បន្ទាប់មក កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ កំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ (១-ឈ្មោះភឿង វាសនា ហៅម៉ាង ២-ឈ្មោះស៊ូន ចាន់ធី ហៅទយ) ព្រមទាំងដកហូតវត្ថុតាង រួមមាន ស្រូវ១បាវ ធុងបាស់១ ខ្សែភ្លើង ១ខ្សែ ម៉ូទ័រកាត់១ ផ្លែកាត់១ កាំបិតផ្គាក់ ១ដើម និងម្សៅក្រាមពណ៌ស សង្ស័យគ្រឿងញៀន ចំនួន២កញ្ចប់ រួមនិងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕