ភ្នំពេញ ៖ កញ្ញា នួន ស្រីនាង បានគ្រងមកុដពានរង្វាន់កម្មវិធីប្រកួតបង្ហាញម៉ូដ The Amazing Star ២០២៥-២០២៦ (រដូវកាលទី១) របស់ហង្សមាស កាលពីរាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ។ ក្ដីសុបិន ក្លាយជាការពិត ក្រោយពីមានការប្រកួតជម្រុះដល់ទៅ ៥ខែ ទើបឈានដល់វគ្គផ្ដាច់ព្រ័ត្រ (Final) ស្រីនាង បានយកឈ្នះបេក្ខភាព ១៧រូបផ្សេងទៀត មិនមែនជារឿងចៃដន្យឡើយ តែនាងថា វាកើតចេញពីការព្យាយាមឲ្យខ្លួននាងមានភាពលេចធ្លោ ពីមួយវគ្គ ទៅមួយវគ្គ ជាមួយភាពរហ័សរហួននិងឆ្លាតវៃផងដែរ ។

ក្នុងវ័យ ២១ឆ្នាំ កម្ពស់១,៧០ម៉ែត្រ ទម្ងន់៥៥គ.ក្រ កញ្ញា នួន ស្រីនាង មានបងប្អូន ៣នាក់ (ស្រី១ ប្រុស២) នាងជាកូនពៅ កំព្រាឪពុកតាំងពីតូច និងមានស្រុកកំណើតនៅខេត្តព្រៃវែង។

ក្នុងជំនួបតាមទូរស័ព្ទ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ កញ្ញា នួន ស្រីនាង ប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថា នាងសង្ឃឹមខ្លួនមានការប្រែប្រួលច្រើន បន្ទាប់ពីឈ្នះមកុដមួយនេះដូចក្ដីសុបិន ហើយនាងនឹងប្រឡូកការងារសិល្បៈ តាមដែលហង្សមាស តម្រូវឲ្យ ដូចជា ធ្វើ MC ឬការសម្ដែងនានាជាដើម ។ នាងថា បេក្ខភាពទាំងអស់សុទ្ធ តែមានសម្រស់ និងសមត្ថភាពលេចធ្លោដូចគ្នា ហេតុនេះការឈ្នះមកុដដ៏អស្ចារ្យមួយនេះ រូបនាងផ្ទាល់ក៏សឹងតែមិនជឿថា ខ្លួនអាចធ្វើបានដែរ ។ ប៉ុន្ដែនាងថា ភាពវៃឆ្លាត រហ័សរហួន និងធ្វើខ្លួនឲ្យមានភាពលេចធ្លោ គ្រប់វិញ្ញាសានោះហើយ ដែលនាំឲ្យនាងសម្រចគោលដៅធំមួយនេះ។ នាងថា កម្មវិធីនេះល្អ ដើម្បីឲ្យអ្នកដែលមានក្ដីស្រមៃដូចនាង អាចសម្រេចគោលដៅបាន ហើយអ្នកផ្សេងៗទៀត ក៍៏អាចធ្វើបានដូចនាងដែរ តាមរយៈការចេះតស៊ូ ក្លាហាន និងជឿជាក់លើសមត្ថភាពខ្លួនឯង ។ ប៉ុន្តែទាក់ទងថា ថ្ងៃក្រោយនាងមានមហិច្ឆតាចង់ទៅប្រកួតបង្ហាញម៉ូដ លើឆាកអន្ដរជាតិ ដែរឬយ៉ាងណា? នាងថា នឹងគិតនាពេលខាងមុខ ព្រោះនាងស្រលាញ់វិស័យមួយនេះខ្លាំង ប៉ុន្ដែពេលនេះនាងនឹងធ្វើអ្វីទៅតាមគោលការណ៍ក្រុមហ៊ុនសិន ។

ញ្ញា នួន ស្រីនាង ថាដើម្បីពង្រឹងសមត្ថភាពខ្លួនឯង នាងបានព្យាយាមយកចំណុចល្អៗរបស់រៀមច្បង ជាអ្នកបង្ហាញម៉ូដ ច្រើននាក់ ហើយមុនឈ្នះមកុដ The Amazing Star នេះនាងក៏ធ្លាប់ប្រលងបវរកញ្ញាMiss Cambodia 2024 ដែលពេលនោះឈ្នះលំដាប់រងទី៣ (3Rd Runner Up) ផងដែរ។ ប៉ុន្ដែនាងថា ការប្រលងបង្ហាញម៉ូដ និងបវរកញ្ញា មិនដូចគ្នាទេ មានភាពខុសគ្នាច្រើន ។
ក្រៅពីកញ្ញា នួន ស្រីនាង ក្លាយជាម្ចាស់មកុដ The Amazing Star រដូវកាលទី១ មានស្រីស្អាត ៤រូបទៀត បានឈ្នះពានបន្ទាប់ពីនាងផងដែរ គឺកញ្ញា អ៊ិន ម៉ូលីកា លំដាប់រងទី១ (1st Runner Up), កញ្ញា រតនៈ ដួងដាវ លំដាប់រងទី២ (2nd Runner Up), កញ្ញា ផល ធីតា លំដាប់រងទី៣ (3Rd Runner Up) និងកញ្ញា ដាំ សុភ័ក្រ្ដស៊ីនឌី លំដាប់រងទី៤ (4th Runner Up)។

ម្ចាស់ពាន ស្រីនាង បានឲ្យដឹងដែរថា ក្រៅពីស្រលាញ់វិស័យបង្ហាញម៉ូដ និងបវរកញ្ញា បច្ចុប្បន្ននាងក៏ជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យ PSBU ផ្នែកគ្រប់គ្រងផងដែរ ។ នាងថាបានដាក់គោលដៅត្រូវបន្ដការសិក្សាឲ្យចប់ ហើយនឹងយកជំនាញនេះ ទៅប្រើប្រាស់ ទន្ទឹមនឹងការងារសិល្បៈតែម្ដង ។

ទាក់ទងរឿងគួជីវិត កញ្ញា នួន ស្រីនាង ថានាងនៅលីវ អត់មានសង្សារ ព្រោះវ័យសិក្សា មិនចង់មានស្នេហា។ នាងបង្ហើបឲ្យដឹងដែរថា សម្រស់នាង នៅរក្សាពីធម្មជាតិ ១០០% គិតត្រឹមឆ្នាំ២០២៦ ពោលគឺមិនទាន់បានកែកុនត្រង់ណាបន្ដិចឡើយ។ ស្រីនាង ថានាងជាមនុស្សមានគោលដៅនិងតាំងចិត្តខ្ពស់ ព្រោះកំព្រាឪពុកតាំងពីនៅតូច ពោលគឺរស់នៅបែកឪ រយៈពេល ២០ឆ្នាំមកហើយ ដោយសាតែម្ដាយនិងឪពុក បែកបាក់គ្នា តែនាងនៅតែអាចរឹងមាំបាន។ ប៉ុន្ដែនាងថា នៅតែនឹករលឹក ហើយទូរស័ព្ទទៅលេងឪពុក ញឹកញាប់ដែរ ៕