ភ្នំពេញ ៖ អតីតតារាហង្សមាស និងថោន ឈិត សុវណ្ណបញ្ញា បានធ្វើឲ្យតារារួមអាជីព និង Fan របស់នាង មានការចាប់អារម្មណ៍ថែមមួយកម្រិតទៀត ក្រោយវិលរកអាជីពចាស់វិញបាន ១ឆ្នាំ តាមរយៈការច្រៀង Cover បទចម្រៀងល្បីៗរបស់ចិន និងអង់គ្លេស ។ អ្នកស្ដាប់បទសុវណ្ណបញ្ញា ថានាងមិនត្រឹមតែអាចច្រៀងបទជា ភាសារខ្មែរ បានជាច្រើនទម្រង់នោះទេ ប៉ុន្ដែបទភាសាបរទេស ក៏ធ្វើបានល្អទៀត ដែលចំណុចនេះហើយ ធ្វើឲ្យ Fan នៅតែចង់ឃើញនាងប្រឡូកក្នុងវិស័យសិល្បៈ ពេញទំហឹងដូចមុនវិញ ។ ការលេចមុខច្រៀង Cover បទចិន និងអង់គ្លេសនេះដែរ ក្រោយពេលបញ្ញា បានធ្វើឲ្យមានការភ្ញាក់ផ្អើលម្ដងរួចទៅហើយ កាលចុងខែមករា ព្រោះស្ងាត់ៗ នាងចេញច្រៀងភ្លេងការ ជាមួយលោក ខាំ សូនាង នៅក្នុងពិធីអាពាហ៍ ពិពាហ៍មួយ ។

លោក Kenz ជាអ្នកគ្រប់គ្រងការងារសិល្បៈរបស់ឈិត សុវណ្ណបញ្ញា ប្រាប់ «នគរធំ» តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា តាមពិត សុវណ្ណបញ្ញា អត់ចេះភាសាចិន ទេ ប៉ុន្ដែនាងអាចច្រៀង ប្រើប្រាស់សំលេងទៅតាមក្បួនខ្នាតបានត្រឹមត្រូវ ដល់ទៅ៧០-៨០% ឯណោះ ព្រោះលោកចេះភាសាចិន អាចដឹងពីបច្ចេកទេសច្រៀងរបស់នាងបាន ។ អ្នកស្និទ្ធសុវណ្ណបញ្ញា រូបនោះ បន្ថែមថា បទចិន ដែលសុវណ្ណបញ្ញា ច្រៀង Cover ជាបទដែលល្បីល្បាញ កាលពី៣០ឆ្នាំមុន ដែលអ្នកស្រលាញ់បទចិន គេស្គាល់ ហើយលោកបានសម្រិតសម្រាំង ចំនួន៧បទសម្រាប់បញ្ញា ច្រៀង តែទើបចេញបាន ៣បទសិន ។ ចំណែកបទជាភាសារអង់គ្លេស សុវណ្ណបញ្ញា អាចច្រៀងបាន ដោយគ្មានឧបសគ្គទេ ព្រោះនាងអាចនិយាយភាសាអង់គ្លេស បានល្អ ហើយលោកបានត្រៀមបទជាភា សារអង់គ្លេស ៣បទ សម្រាប់ឲ្យនាងច្រៀង Cover ផងដែរ ។

យ៉ាងណា លោក Kenz ថាទោះជាឈិត សុវណ្ណបញ្ញា ងាកមកត្រៀមចេញបទ Cover ជាភាសាចិន និងអង់គ្លេស ជាបន្ដបន្ទាប់ ប៉ុន្ដែលោកក៏មានបទ Original Songs ចំនួន ៣បទ សម្រាប់នាងផងដែរ គ្រាន់តែមិនទាន់ចេញនៅពេលនេះ ព្រោះរង់ចាំចេញនៅពេលវេលាសមស្រប ។ លោកថា សុវណ្ណបញ្ញា ក៏នៅតែរក្សារគោលការណ៍ច្រៀង Cover បទល្បីៗរបស់នាងនៅហង្សមាស ពីមុនដែរ ប៉ុន្ដែការចេញបទប្រពៃណីខ្មែរ សម្រាប់ឆ្នាំ២០២៦ នេះ លោកមិនអាចរៀបចំឲ្យបញ្ញា ច្រៀងបទថ្មីៗទាន់ទេ ។

ឈិត សុវណ្ណបញ្ញា បាត់មុខពីឆាកតន្រ្ដី ជិត៨ឆ្នាំ ដោយងាកទៅចាប់វិថីជីវិតថ្មី ជាមួយព្រះធម៌ តាមមាគាព្រះពុទ្ធសាសនា ស្លៀកស ញ៉ាំអាហារបួស ធ្វើសមាធិឲ្យស្ងប់ចិត្ត និងកាន់សីល៥ ផងដែរ ទើបតែនៅខែមីនា ឆ្នាំ២០២៥ បញ្ញា បានវិលមកកាន់ក្បាលមីក្រូ សាជាថ្មី ដែលចេញច្រៀងតាមឆាកនានា រៀបចំដោយ Agency តាម Pub និងក្លឹប ជាដើម ។

ឆ្លើយតបសំណួរថា តើឈិត សុវណ្ណបញ្ញា វិលវិញ ១ឆ្នាំនេះ នាងមានការងារសិល្បៈ និង Fan គាំទ្រដូចអំឡុង ច្រៀងពេញទំហឹង ឬប្រែប្រួលយ៉ាងណា? លោក Kenz អះអាងថាបញ្ញា បានចេញច្រៀងតាកម្មវិធីនានា ជាហូរហែវិញ តាំងពីនាងវិលវិញ ហើយ Fan ក៏មានច្រើន ព្រោះពេលច្រៀងតាម Pub មានគេទៅគាំទ្រច្រើន។ ប៉ុន្ដែលោកថា សុវណ្ណបញ្ញា មិនផ្សព្វផ្សាយពីស្រាបៀរ ឬកាន់ដបស្រាទេ ព្រោះនាងកាន់សីល៥ ដែលនេះជាការតាំងចិត្តរបស់នាង។ លោកថា មិនត្រឹមតែអត់ផ្សាយពីស្រាបៀរទេ តែបញ្ញា ក៏អត់ផឹកស្រាដែរ ២ទៅ៣ឆ្នាំចុងក្រោយនេះ ព្រោះនាងជាអ្នកកាន់សីល៥។

មហាជនលើកឡើងថា ឈិត សុវណ្ណបញ្ញា នៅឆ្នាំ២០២៦ នេះ ទោះជានាងលែងលាក់មុខក្ដី ប៉ុន្ដែរឿងស្នេហារបស់នាង នៅតែមិនទាន់បើកចំហដដែល ហេតុនេះហើយបានជាតារាវ័យ ៣៧ឆ្នាំរូបនេះ នៅតែគ្មានតម្រុយរៀបការប្ដី នៅថ្ងៃណាឡើយ ៕


