ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ បានបញ្ជាក់ថា ជនជាតិវៀតណាម ចំនួន៧៧៦នាក់ (ស្រី១៨៣នាក់) ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។

តាមប្រភពអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ៧៧៦នាក់ (ស្រី១៨៣នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។
ជនជាតិវៀតណាម ទាំង៧៧៦នាក់ ត្រូវបានទទួលពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងប្រតិបត្តិការបង្ក្រាបនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្នុងនោះមានចំនួន ៤៥៧នាក់ (ស្រី១២៦នាក់) ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង និងចំនួន ៣១៩នាក់ (ស្រី៥៧នាក់) ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ត្រពាំងស្រែ ខេត្តក្រចេះ។

ការបណ្តេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋា ភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ទាំង ក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យមានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសរបស់ ខ្លួនវិញ៕