ភ្នំពេញ ៖ លោក សុខ ពេជ្រចាន់ភារៈ រហស្សនាម «អ្នកលេងដៃទទេ» អាយុ២៣ឆ្នាំ ជាកូនក្រុមរបស់លោកប្រុសឡា (Bross La) មានស្រុកកំណើតនៅភ្នំពេញ មានមុខរបរជាអ្នករត់តុ និងអ្នកដឹកម្ហូបអាហារ (delivery) បានក្លាយជាម្ចាស់ពាន Cambo Rapper រដូវកាលទី១ ក្រោយយកឈ្នះបេក្ខភាព ៣រូបទៀត គឺលោកស៊ីណា «Sina» (កូនក្រុមលោកសង្ហា), លោកប៊ីធូ «B2» (កូនក្រុម តន់ ច័ន្ទសីម៉ា) និងលោកហ្វ័រអិល «4L» កូនក្រុមលោកធីមប៉ូ ទ្រីស (Tempo Tris) នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ។ ប្រភពថា លោក AK-K ទទួលបានរង្វាន់ជាទឹកប្រាក់ ចំនួន១០០លានរៀល និងនាឡិកាដៃប្រណិត ១គ្រឿង រួមទាំងក្លាយជាតារារ៉េប របស់ផលិតកម្ម Galaxy ផងដែរ ។

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅលោក សុខ ពេជ្រចាន់ភារៈ កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ប៉ុន្ដែគ្មានអ្នកទទួល ។ យ៉ាងណា តាមព័ត៌មានថា មុនឈ្នះពានលោក AK-K មានប្រវត្តិកម្សត់ រស់នៅក្នុងជីវភាពខ្វះខាត ហើយលោកតែងតែផលិតបទចម្រៀងដាក់នៅលើយូធូប និងធ្វើបទខ្លួនឯង បានដល់ទៅ ១៤បទ ប៉ុន្ដែមិនសូវមានអ្នកស្គាល់លោកឡើយ ។ បទចម្រៀងដែលលោកយកមកច្រៀងរ៉េប នៅវគ្គជម្រុះ ទទួលបានការចាប់អារម្មណ៍ មានដូចជាបទ «សេចក្ដីផ្ដើម», «មានតែមួយ», «សាមគ្គី», «ស្រុកខ្មែរ» និង «នេះគឺ Ah K AKA» ជាដើម ។

លោកពេជ្រចាន់ភារៈ ធ្លាប់និយាយថា លោកស្រលាញ់វិស័យរ៉េប តាំងពីអាយុ១៤ឆ្នាំតែទើបចេះរ៉េប នៅឆ្នាំ២០២០ ហើយពេលលោកប្រឡូកអាជីពនេះ មានអ្នកជុំវិញខ្លួន តែងតែលើកយកលោកទៅប្រៀបធៀបជាមួយអ្នកផ្សេងៗទៀត នាំឲ្យប៉ះអារម្មណ៍លោក ។ ប៉ុន្ដែលោកថា ក្រុមគ្រួសារ បងប្អូនលោកទាំងអស់ គាំទ្រឲ្យលោកចាប់អាជីពរ៉េប តាមការស្រលាញ់របស់លោក។

លោកសុខ ពេជ្រចាន់ភារៈ ថ្លែងសារតាមគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ថា លោកអរគុណអ្នកគាំទ្រ លោកគ្រូបង្វឹក និងខ្លួនឯង ដែលប្រឹងមកដល់ចំណុចទទួលបានពាននេះ ព្រោះលោកមិនធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្ត។

មានការកត់សម្គាល់ថា ម្ចាស់ពាន Cambo Rapper លោកសុខ ពេជ្រចាន់ភារៈ មានប្រវត្តិជាអ្នកដឹកម្ហូបអាហារ (delivery) ដូចម្ចាស់ពាន Rapper Fighter រដូវកាលទី១ លោកលោកមាស ប៊ុនណាលិ ហៅអូជី ហ្គូលឌិន (OGGOLDEN) ហើយការលើកពានរបស់លោកពេជ្រចាន់ភារៈ នាពេលនេះ គឺក្រោយតែជាង ១ខែប៉ុណ្ណោះ ដែល Rapper Fighter រដូវកាលទី២ រកឃើញម្ចាស់ពានថ្មី លោក Gen Zy ។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៦ តារារ៉េប លំដាប់ជូរមុខគេនៅកម្ពុជា នៅតែជាលោកម៉ាន់ វណ្ណដា និងងួន ចាន់ដេវីត ដដែល ហើយនៅឆ្នាំ២០២៥-២០២៦ មានការប្រឡងរ៉េប ៣កម្មវិធីផ្សេងគ្នា ក្នុងពេលដំណាលគ្នា នោះគឺ Rapper Fighter រៀបចំដោយPNN, Cambo Rapper រៀបចំដោយ Galaxy និង The Next Levelៈ Rapstar រៀបចំដោយផលិតកម្មបារមី ។

ជុំវិញវិស័យរ៉េប កំពុងតែធ្វើឲ្យយុវវ័យជ្រួលជ្រើមខ្លាំងនេះដែរ លោក ឯល ប៊ុនណា ជាកវីនិពន្ធ និងតន្រ្ដីករជំនាន់លោក ស៊ីន ស៊ីសាមុត ដែលចេះនិពន្ធបទភ្លេង ទំនុកច្រៀង និងសម្រួលតន្ត្រី ជូនលោក ស៊ីន ស៊ីសាមុត ធ្លាប់បានប្រាប់ «នគរធំ» ថាតាមពិតស្ថានីយទូរទស្សន៍ និងផលិតកម្មដែលរៀបចំប្រឡងចម្រៀងរ៉េប ទាំងនោះ មិនបានឆ្លងកាត់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទេ គឺគេរៀបចំខ្លួនឯង ទទួលខុសត្រូវដោយខ្លួនឯង។ លោកប៊ុនណា សំណូមពរថា សូមឲ្យខាងទូរទស្សន៍ និងផលិតកម្មទាំងនោះ ពិចារណាឡើងវិញ ព្រោះចង្វាក់រ៉េប មិនមែនជារបស់ខ្មែរទេ កុំចាំឲ្យរបស់យើងមានស្រាប់ បាត់បង់ ទើបស្ដាយក្រោយ។ លោកថា បើវិស័យនេះ កាន់តែរីកនៅកម្ពុជា ថែមទៀត អាចធ្វើឲ្យសាបអត្តសញ្ញាណជាតិខ្មែរ ៕


