Thursday, March 26, 2026
Homeតារាខ្មែរតារា៣០០ដួង អបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ 

តារា៣០០ដួង អបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ 

ភ្នំពេញ ៖ សមាគមទូរទស្សន៍កម្ពុជា បានរៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ព.ស ២៥៧០ គ.ស ២០២៦ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដែលមានតារាប្រុសស្រី ចំនួនដល់ទៅជិត ៣០០នាក់ ច្រៀងរាំបទប្រពៃណីខ្មែរ នៅស្ទូឌីយោ CTN ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 លោក ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័តមាន និងជាអនុប្រធានសមាគមទូរទស្សន៍កម្ពុជា

តារាចម្រៀង កែវ សុបញ្ញា ថានាងសប្បាយចិត្ត ដែល ១ឆ្នាំ ជួបគ្នាម្ដង មានអារម្មណ៍ថាប្លែក ព្រោះឃើញរៀម ច្បង បងប្អូនសិល្បករ ជួបជុំគ្នា ។ នាងថា «នគរសង្រ្កាន្ដ» ឆ្នាំនេះ នាងច្រៀងនៅភ្នំពេញ តែអារម្មណ៍នឹករលឹកនិងខ្វាយខ្វល់ដល់វីរកងទ័ពជូរមុខ ជនភៀសសឹក ជានិច្ច ខណៈដែលឪពុកនាង កំពុងឈរជើងស្ថិតនៅជូរមុខផងដែរ ។ បញ្ញា ថាសូមផ្ញើសេចក្ដីស្រលាញ់ នឹករលឹកនិងប្រសិទ្ធពរជ័យដល់បងៗវីរកងទ័ពជូរមុខ ឈ្នះអស់ មារសត្រូវទាំងអស់គ្នា។

អ្នកនាង កែវ ពេជ្រពិសី ប្រាប់ថា នាងមានសេចក្ដីសប្បាយរីករាយមែនទែន ដែលបានចូលរួមរាំកម្សាន្ដសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះអាក់ខានចូលរួមថតពិធីនេះ ឆ្នាំមុន ដោយសារតែជាប់មើលថែកូន។ ពេជ្រពិសី ថានាងជាតារាសម្ដែង ហេតុនេះតម្រូវឲ្យសម្ដែង រាំលេងកម្សាន្ដ មិនបានឡើងច្រៀងទេ ។ ក្នុងឱកាសឆ្នាំថ្មី ២០២៦ នេះពិសី សូមជូនពរទស្សនិកជន ទាំងក្នុងនិងក្រៅប្រទេស ទទួលបាននូវសុខសុវត្ថិភាព ក៏ដូចជាសេចក្ដីសុខគ្រប់ក្រុមគ្រួសារ និងបួងសួងឲ្យទេវតា តាមថែរក្សារប្រជាជនខ្មែរ ទូទាំងប្រទេស សូមជួបតែសុខសាន្ដ។

តារាចម្រៀង ឌួង ផាន់ណា ថ្លែងថា លោកច្រៀង ៣បទ ជាបទប្រពៃណីខ្មែរ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ របស់សមាគមទូរទស្សន៍កម្ពុជា ឆ្នាំនេះ។ ការថតបទប្រពីណីខ្មែរ បែបនេះលោកយល់ថា ល្អ ដើម្បីដាស់តឿនអារម្មណ៍បងប្អូនខ្មែរយើង ឲ្យរំលឹកនូវបទប្រពៃណីខ្មែរយើង មានគ្រប់ចង្វាក់ ដូចជា រាំវង់ សារាវ៉ាន់ ឡាំលាវ និងកន្ទឹ្រម ជាដើម។ លោកផាន់ណា ផ្ញើសារជូនពរពលរដ្ឋខ្មែរ គ្រប់រូប ឲ្យមានសុខភាពល្អ សុវត្ថិភាព  ធ្វើដំណើរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

ចំណែកកញ្ញា លីន សោម៉ា ក៏បានឡើងច្រៀងដូចឆ្នាំមុនដែរ ហើយនាងបានផ្ញើសារជូនពរបងប្អូនខ្មែរ ទូទាំងប្រទេស ឲ្យមានសុខភាពល្អ រកស៊ីមានបាន។

 តាមប្រភពថា ក្រៅពីស្ថានីយទូរទស្សន៍ធំៗ ក៏មានទូរទស្សន៍ Online ផងដែរ ដែលបានបញ្ជូនតារាតំណាងរបស់ខ្លួន ចូលរួមរាំកម្សាន្ដ និងច្រៀង អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំនេះ ។

 លោក ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័តមាន និងជាអនុប្រធានសមាគមទូរទស្សន៍កម្ពុជា ដែលបានចុះទៅដឹកនាំផ្ទាល់ ការថត សម្តែង របស់សមាគមទូរទស្សន៍កម្ពុជា សម្រាប់ពិធីបុណ្យប្រពៃណីចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំនេះ បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថា ជារៀងរាល់ឆ្នាំ សមាគមទូរទស្សន៍កម្ពុជា មានការផលិតកម្មវិធី ២ធំៗ ទី១ ៖ អបអរសាទរ ៧មករា និងទី២ ៖ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

លោកសុទិត្យា ថាការរៀបចំថតរបស់សមាគមទូរទស្សន៍កម្ពុជា អបអរឆ្នាំថ្មី គោលបំណងគឺចង់រក្សារនូវប្រពៃណីនិងវប្បធម៌ខ្មែរ ដែលតែងតែធ្វើជារៀងរាល់ឆ្នាំ មិនដែលខាន និងម្យ៉ាងទៀត គឺជាការជួបជុំសិល្បករ សិល្បការិនី និងតាមស្ថានីយទូរទស្សន៍ ដែលជាបណ្ដាសមាជិករបស់សមាគមទូរទស្សន៍កម្ពុជា ។

 លោក ហ៊ឹម សុទិត្យា ថ្លែងថា «ឆ្នាំនេះ ទោះជាយើងប្រារព្ធពិធីបុណ្យចូលឆ្នាំមែន ប៉ុន្ដែយើងមិនភ្លេចបេះដូងនិងទឹកចិត្តរបស់យើង នូវវីរភាពដ៍អង់អាចក្លាហានរបស់វីរកងទ័ព ដែលលោកបានបូជាសាច់ស្រស់ ឈាមស្រស់ នៅព្រំដែន ពីសង្រ្គាមឈ្លានពានរបស់ប្រទេសជិតខាង។ យើងក៏មិនភ្លេចទេ នូវបងប្អូនជនភៀសសឹកមួយចំនួន ដែលមិនទាន់បានត្រឡប់ទៅវិញ ចំនួនជាង ២ម៉ឺននាក់។ សិល្បករ សិល្បការិនី លោកក៏បានផ្ញើនូវសេចក្ដីនឹករលឹកដល់វីរកងទ័ពរបស់យើងដែរ»។

 លោក ហ៊ឹម សុទិត្យា បានឲ្យដឹងដែរថា ឆ្នាំនេះ មាន១៩ស្ថានីយទូរទស្សន៍ ចូលរួម ក្នុងនោះ បូករួមទាំងទូរ ទស្សន៍ Online  ហើយបទចម្រៀង មានជាង ២០បទ សម្រាប់យកទៅចាក់ផ្សាយ ក្នុងរយៈពេល ៣ថ្ងៃ ក្នុងនោះ មានចង្វាក់ប្រពៃណីខ្មែរ គ្រប់ចង្វាក់ទាំងអស់ ហើយសិល្បករជាក់ស្ដែងដែលបានចូលរួមទាំងអស់ ចំនួនលើសពី ២៥០-៣០០នាក់។ លោកថា កម្មវិធីសំខាន់ៗ មានដូចជា ការសម្ដែងរបាំ និងចម្រៀង ជាដើម ហើយជារួមការ រៀបចំកម្មវិធីនេះឡើង គឺចង់បង្ហាញនូវប្រពៃណី វប្បធម៌ជាតិយើង ជូនទស្សនិកជន ទាំងក្នុងនិងក្រៅប្រទេសដើម្បីទស្សនា នូវទំនៀមទម្លាប់ប្រពៃណីខ្មែរ ដ៏ផូរផង់របស់យើង ជាពិសេស ចង់ឲ្យក្មេងៗជំនាន់ក្រោយ បានឃើញនូវបទចម្រៀង ការរាំរបស់ខ្មែរ ដើម្បីឲ្យគាត់បានជួយថែរក្សាប្រពៃណីជាតិ។ លោកសុទិត្យា បានផ្ញើសារថា លោកសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ទសបារមី ទេវតាឆ្នាំថ្មី ដែលនឹងយាងមកឆាប់ៗនេះ សូមជួយថែរក្សា ដែនដីសុវណ្ណភូមិខ្មែរ ក៏ដូចជាពលរដ្ឋខ្មែរ ជាពិសេស បងប្អូនវីរកងទ័ពការពារទឹកដីព្រំដែន សូមជួយថែរក្សាលោក មានសេចក្ដីសុខ សុវត្ថិភាព ឈ្នះអស់មារសត្រូវគ្រប់ទិសទី ៕

RELATED ARTICLES