ភ្នំពេញៈកែវ ពេជ្រពិសី ដែលផ្អាកអាជីពសម្ដែងជាច្រើនឆ្នាំមកហើយនោះ ថ្មីៗនេះនាងបានលេចមុខថតអប រអរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រៀបចំដោយសមាគមទូរទស្សន៍កម្ពុជា ហើយពិសី ថែមទាំងប្រកាសថានាងចង់វិលមកប្រឡូកអាជីពសិល្បៈឡើងវិញពេញទំហ៊ឹងទៀតផង ។ចំពោះមូលហេតុនៃការតាំងចិត្តបែបនេះដោយសាតែពេជ្រពិសី ថាអារម្មណ៍នាងនៅតែដិតដាមជាមួយសិល្បៈ បើទោះជាបច្ចុប្បន្ននាងមានអាជីវកម្មមួយចំនួនក្រៅពីសិល្បៈក្ដី។


កែវ ពេជ្រពិសី ប្រាប់អ្នកយកព័តមាន«នគរធំ »ថា«ខ្ញុំនៅតែទទួលថតសម្ដែងអីចឹង ឲ្យតែផលិតកម្មត្រូវការ ព្រោះខ្ញុំស្រលាញ់អាជីពនេះជាប់ក្នុងចិត្តជានិច្ច ។ប៉ុន្ដែផលិតកម្មមួយចំនួនដែលធ្លាប់ហៅខ្ញុំថតជំនាន់នោះភាគ ច្រើនគាត់ឈប់រកស៊ីវិស័យនេះ ចំណែកផលិតករថ្មីៗខ្លះអត់ស្គាល់យើងអីចឹងបានជាអត់ហៅ ។តារាសម័យខ្ញុំច្រើនណាស់ដែលមកដល់ពេលនេះមិនសូវមានការងារធ្វើ អ្នកចម្រៀងជំនាន់នោះក៍អីចឹងដែរចំណូលសិល្បៈធ្លាក់ចុះដូចគ្នា ។

កែវ ពេជ្រពិសី ថានាងបានដឹងច្បាស់ថាអាជីពសិល្បៈមិនស្ថិតថេរទេ គឺប្រៀបបានផ្ការីកគង់រោយទៅវិញ អីចឹងជីវិតយើងក៍បែបនេះដែរ ។នាងបានត្រៀមខ្លួនរួចជាស្រេចជាយូឆ្នាំមកហើយថាពេលអាជីពសិល្បៈខ្សត់ការងារទៅត្រូវធ្វើអ្វី? ហើយរាល់ថ្ងៃនាងមានមុខរបរតិចតួចដែរក្រៅពីសិល្បៈដូចជាមានហាងសំអាងការ សាឡន និងលក់ផលិតផលជាដើម ។ប៉ុន្ដែសំអាងការដែលនាងរកស៊ីជាង១០ឆ្នាំទៅហើយនោះពេលនេះកំពុងដាក់សេង តែមិនទាន់ដាច់ ហើយកូនប្រុសអាយុជាង៤ឆ្នាំក៍ចូលសាលារៀន ទើបនាងគិតថាអាចឆ្លៀតថតសម្ដែងឡើងវិញបានឲ្យតែមានគេហៅថត។

ការប្រកាសរបស់កែវ ពេជ្រពិសី វិលមករកអាជីពចាស់ បន្ទាប់ពីផ្អាកជាង១០ឆ្នាំមកនេះលើកនេះពិសី មិនមានល័ក្ខខណ្ឌច្រើនដូចលើកមុនថាទាល់តែតួនោះនាងពេញចិត្តស្រលាញ់ទើបព្រមថត ឬមិនគួរឲ្យនាងលេងជាតួម៉ែព្រោះអាយុនាងមិនទាន់ដល់ធ្វើតួម្ដាយទេ តែនាងចង់ឲ្យខ្លួនមានសកម្មភាពសិល្បៈរបស់ខ្លួនមានឡើងវិញ ដោ យមិនប្រកាន់តួសម្ដែង។ប៉ុន្ដែដោយសាតែវិស័យភាពយន្ដខ្មែរលិចអណ្ដែតៗ ហេតុនេះហើយគេមិនដឹងថាពេជ្រពិសី ដែលមានទេពកោសល្យសិល្បៈអាចសម្ដែងបានជាច្រើនទម្រង់នោះផលិតករទាំងឡាយនៅតែមើលរំលងនាងទៀតឬយ៉ាងណានោះទេ ខណៈដែលក្រៅពីការថតភាពយន្ដនាងក៍ទទួលផ្សព្វផ្សាយពីផលិតផល និងស្ពតពាណិជ្ជកម្មទាំងឡាយផងដែរ ។

កែវ ពេជ្រពិសី ធ្លាប់ល្បីល្បាញរឿង«រស់ជាតិជីវិត »,«អាត់៣ » និងភាពយន្ដជាច្រើនរឿងទៀត ។ប៉ុន្ដែទីផ្សារសិល្បៈរបស់នាងមានការប្រែប្រួលក្រោយមានស្វាមី និងកូន តែនេះមិនមែនតែរូបនាងទេ ពោលគឺតារាផ្សេងៗទៀតដែលមានស្វាមីនិងកូនហើយក៍អាជីពសិល្បៈរបស់ពួកគេធ្លាក់ចុះដូចគ្នាដែរ ។សម្រាប់ពេជ្រពិសី វិញនាងពន្យាពេលចេញទៅរស់នៅប្រទេសកាដាណា តាមស្វាមី ហើយបំណងធំរបស់នាងគឺចង់បានកូនទីពីរជាកូនស្រី។
កែវ ពេជ្រពិសី បន្ថែមថា«ឥឡូវកូនប្រុសខ្ញុំអាយុជាង៤ឆ្នាំហើយ អីចឹងខ្ញុំចង់បានកូនម្នាក់ទៀតជាកូនស្រី។តែឥឡូវគឺអត់ទាន់មានទេ ហើយសំណាងដែរ ប៊ិសតែអត់បានកូន១ផង ឥឡូវបានមួយរាងធូចិត្តបន្ដិច ។បំណងខ្ញុំចង់បានកូនត្រឹមតែពីរនាក់ទេប្រុស១ ស្រី១ អត់ចង់បានថែមលើសពីរ២នាក់ហ្នឹងទេ ព្រោះការយកកូននេះក្នុង ចំណោមតារាទាំយឡាយខ្ញុំក៍រាងយឺតយ៉ាវ(late)ជាងគេដែរ»។

កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយបុរសពោះម៉ាយអាណិកជនខ្មែរមកពីកាណាដា កាលពីថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២០ និងសម្រាលកូនប្រុសឈ្មោះDura Peou កាលពីពាក់កណ្ដាលឆ្នាំ២០២១ ដែលពេលនេះក្រៅពីរៀបគម្រោងយកកូនស្រីនាងថាគ្មានផែនការណ៍រៀបអាពាហ៍ ពិពាហ៍ នោះទេ ។ទាក់ទងបញ្ហានេះពេជ្រពិសី ថាដោយសាតែនាងនិងស្វាមីសុទ្ធតែធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ រួចហើយ និងគិតថាបើចង់រៀបការគួរតែរៀបការមុនយកកូន ប៉ុន្ដែពេលមានកូនហើយនាងមិនចង់រៀបការទេ ។

ក្រៅពីកែវ ពេជ្រពិសី តារាបាត់មុខពីសិល្បៈជាច្រើនឆ្នាំតែវិលវិញមានដូចជាអ្នកនាងអម្ពរ ទេវី ,ឡាយ លក្ខិ ណា និងស៊ឹម ថៃណា ជាដើម ។ចំពោះពេជ្រពិសី វិញនាងថាទោះជាស្វាមីបើកដៃឲ្យថតសិល្បៈដោយសេរីមែន ប៉ុន្ដែក៍មានដែនកំណត់ដែរ ពោលគឺមិនអាចតាមចិត្តដូចកាលនៅលីវឡើយ ដែលចំណុចនេះគេជឿថាពិសី នឹងមិនលេងឈុតស្រើបស្រាលទេ ៕