Friday, April 3, 2026
Homeតារាខ្មែរសុគន្ធ និសា ផ្ទុះការវែកញែក «កាឌិនហយ»

សុគន្ធ និសា ផ្ទុះការវែកញែក «កាឌិនហយ»

ភ្នំពេញ ៖ បទចម្រៀងថ្មី របស់សុគន្ធ និសា «កាឌិនហយ» ដែលនាងច្រៀងចាប់ដៃជាមួយរ៉ូលីន បានផ្ទុះការវែកញែកពីសំណាក់អ្នកតាមដានមួយចំនួនថា និសា ជាតារាលំដាប់ប្រទេសម្នាក់ គួរណាស់តែការច្រៀងសម្ដែងរបស់នាង មានការប្រុងប្រយ័ត្នខ្ពស់ជាងនេះ ព្រោះបទនេះ អ្នកខ្លះថា មិនសមជាមួយនាងដែលមានរហស្សនាមថាជាតារាស្រគត់ស្រគំឡើយ ដោយសារតែឃ្លាខ្លះ បង្ហាញពីកេរ្ដិ៍ខ្មាស ជាដើម ។ ប៉ុន្ដែអ្នកនិពន្ធបទនេះ បែរជាចាត់ទុកអ្នករិះគន់ទាំងនោះថា ចងគំនុំទៅវិញ ។

គណនីហ្វេសប៊ុក ឈ្មោះ «Rani Rim» ខម្មិនថា «ហ៊ឹម…ស្រីខ្មែរ ដល់ថ្នាក់ហ្នឹងហ្ន៎ អាចច្រៀងពីកន្លែងកេរ្ដិ៍ ខ្មាសរបស់ខ្លួន ធម្មតាទៅហើយ ។ ស្រីខ្មែរដែលធ្លាប់ជាស្រីល្អលើសគេលើលោក ពេលនេះ ចរិតលក្ខណៈត្រូវរលាយផេះផង់អស់ហើយ…»។ ចំណែកគណនីហ្វេសប៊ុក ឈ្មោះ «Toro Toro» ខម្មិនថា «ខ្ញុំសូមចិត្តអ្នក ចម្រៀងស្ដង់ដារ កុំសូវក្បែរអ្នកនិពន្ធអត់គ្រូពេក នាំក្រេឌីតយើងធ្លាក់តាមវាដែរឡូវហើយ រកអ្នកនិពន្ធត្រឹមត្រូវទៅ» ។

ជុំវិញប្រតិកម្មអ្នកលេងបណ្ដាញសង្គម លើបទថ្មីរបស់សុគន្ធ និសា នេះ លោកសោម ដូរ៉េ ជាអ្នកនិពន្ធ Melody និងទំនុកច្រៀង បទ «កាឌិនហយ» បានឆ្លើយតបទៅម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «Toro Toro» ថា «ខ្ញុំតែងតែឆ្លើយតបរាល់មតិរិះគន់ទាំងអស់ ពីសំណាក់ទស្សនិកជន គ្រប់វ័យ គ្រប់ជាន់ថ្នាក់ តែសម្រាប់ការរិះគន់ចេញពីបងប្អូនក្នុងរង្វង់សិល្បៈដូចគ្នា ខ្ញុំសូមមិនបកស្រាយវែងឆ្ងាយឡើយ ព្រោះខ្ញុំមើលឃើញថា សំណេររបស់គាត់ គឺជាការចងកំហឹង ចងគំនុំ ហើយបោះពាក្យមកលើខ្ញុំធ្ងន់ធ្ងរណាស់ ខ្ញុំមិនដឹងខ្លួនសោះថា ខ្ញុំធ្លាប់ប៉ះពារអ្វីលើគាត់? មិត្តភក្ដិ បងប្អូន ជួយគិតខ្ញុំផង» ។

ទាក់ទងបញ្ហានេះ ទាំងសុគន្ធ និសា និងរ៉ូលីន គ្មានប្រតិកម្មតបទៅអ្នករិះគន់ទេ តែតារាទាំងពីរ បានព្យាមយាមផ្សព្វផ្សាយបទមួយនេះ ទៅ Fan ពួកគេរៀងៗខ្លួន ដើម្បីរាំសប្បាយ ថ្ងៃចូលឆ្នាខ្មែរ ។ នេះជាការចាប់ដៃគ្នា ជាលើកទី២ របស់និសា-រ៉ូលីន តែកាលពួកគេច្រៀងលើកទី១ បទ «ចាក់ក្រឡេកទយ» មិនមានការិះគន់ដូចលើកនេះឡើយ ។

គួរបញ្ជាក់ថា ក្រោយចេញពីហង្សមាស ២ឆ្នាំ សុគន្ធ និសា ក្លាយជាតារាឯករាជ្យ ដែលផលិតបទចម្រៀងដោយខ្លួនឯង ហើយក្រៅពីរ៉ូលីន នាងក៏ធ្លាប់ច្រៀងដៃគូជាមួយលោកនីកូ, លោកខាយ (KAI) និងពេជ្រ សូលីកា ជាដើម ប៉ុន្ដែមិនមែនជាដៃគូប្រចាំទេ ពោលគឺពេលមានបទថ្មីណាដែលសម ទើបពួកគេច្រៀងជាមួយគ្នា ។ ចំពោះការចាប់ដៃជាមួយរ៉ូលីន ដែលគេចាត់ទុកជាអ្នកពូកែលេងសើចនោះ និសា ប្រាកដជាផ្លាស់ប្ដូរចរិត សឹងតែទាំង ស្រុង ពីការច្រៀងសម្ដែងដែលមិនមែនជាធម្មជាតិរបស់នាង ទាំងការប្រើពាក្យពេចន៍ និងកាយវិការ ឲ្យស៊ីគ្នាជាដើម ដែលចំណុចនេះ អ្នកនិពន្ធ ត្រូវតែសរសេរបទចម្រៀងនោះ ឲ្យសមគ្នា ទើបអ្នកខ្លះដែលធ្លាប់តែចាត់ទុក និសា ជាតារារម្យទម ស្រគត់ស្រគំជាងគេនោះ នៅមិនទាន់ទទួលយកបាន ពីបច្ចេកទេសនៃការផ្លាស់ប្ដូរស្ទីល ច្រៀងសម្ដែងរបស់នាង ពេលនេះ ។

គួរបញ្ជាក់ថា សុគន្ធ និសា កំពុងមានបញ្ហារលាកបំពង់សំឡេង ដែលរំខានដល់ការច្រៀង សម្ដែងរបស់នាង រហូតចោលកមមវិធីមួយចំនួន កាលពីដើមខែមីនា ឆ្នាំ២០២៦ ប៉ុន្ដែសម្រាប់គម្រោងចេញទៅច្រៀងសម្ដែងនៅ អាមេរិក ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី២៥ និង២៦ ខែមេសា ឆ្នាំ២០២៦ ដែលកម្មវិធីនោះ ប្រព្រឹត្តនៅវត្តពុទ្ធរង្សី ទីក្រុងវូហ៊ី (Voorhees ) រដ្ឋញូវជេស៊ី (New Jesey) នៅតែរក្សាដដែល ព្រោះជាង ១០ឆ្នាំហើយ ដែលនាងអាក់ខានច្រៀងសម្ដែងនៅបរទេស គឺទើបតែឆ្នាំនេះ និសា ព្រមទទួល ដោយត្រៀមបទមរតកដើម និងបទប្រពៃណីខ្មែរ ជាច្រើនផងដែរ ។ ប្រភពថា ក្នុងដំណើរទៅសហរដ្ឋអាមេរិក និសា នឹងត្រូវស្វាមីនាង លោកចៅ សម្បត្តិ ជូនដំណើរ ហើយបន្ទាប់ពីច្រៀងសម្ដែងចប់ ពួកគេនឹងសម្រាកនៅផ្ទះផ្ទាល់ខ្លួន មួយរយៈ នៅទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក ទើបវិលវិញ៕

RELATED ARTICLES