ភ្នំពេញ ៖ ថ្មីៗនេះ ពិធីករប៉ែន ចំរ៉ុង រំភើបចិត្តខ្លាំងនៅពេលដែលប្រើឧបករណ៍តេស្ដទឹកនោមភរិយា ស្រាប់តែលទ្ធផលចេញមកថា ប្រពន្ធលោកកំពុងតែមានកូនទី៣។ ទាំងលោកចំរ៉ុង និងភរិយា ញញឹមព្រមគ្នា ព្រោះថា នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ពួកគេទទួលបានកាដូធំមួយទៀត មិនអាចកាត់ថ្លៃបាន តែនៅមិនទាន់ដឹងថា ជាកូនស្រីទៀត ឬប្រុសទេ ខណៈដែលតាមព័ត៌មានថា លោកចំរ៉ុង ចង់បានកូនប្រុស ព្រោះកូនៗលោក ទាំង៣នាក់ (ទាំងកូនស្រី ជាមួយអតីតប្រពន្ធ ភិន សុដាលីស) សុទ្ធតែស្រីទាំងអស់ ។

គួរបញ្ជាក់ថា អំឡុងពេលដែលលោកប៉ែន ចំរ៉ុង កំពុងញញឹមបិទមាត់មិនជិត ព្រោះជិតបានកូនទី៤ នោះ គឺចំពេលដែលអតីតប្រពន្ធលោក អ្នកនាង ភិន សុដាលីស បាននាំកូនស្រីឈ្មោះ Katerina អាយុ១០ឆ្នាំ មកលេងស្រុកខ្មែរ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រោយសុដាលីស ទៅធ្វើការនិងជូនកូនទៅរៀននៅអាមេរិក ២ឆ្នាំ ហើយ ។ នៅព្រលានយន្ដហោះ គេឃើញតែលោកអ៊ិន សុភិន ប៉ុណ្ណោះ ដែលទៅទទួលចៅស្រីលោក ពោលគឺគ្មានមុខលោកចំរ៉ុង ទៅទទួលទេ បើទោះជាកាលពីចុងខែកុម្ភៈ ឆ្នា២០២៦ អតីតឪក្មេកពិធីកររូបនេះ លោកសុភិន បានប្រកាសជាសាធារណៈថា លោកចំរ៉ុង អាចជួបមុខកូនស្រីបានគ្រប់វិនាទី តាមចិត្តឲ្យតែលោកចង់ក៏ដោយ តែថៅកែមហាហង្សមាស រូបនោះថា ចំរ៉ុង មិនដែលបានទៅមើល ឬជួបកូនស្រី តាំងពីនាងនៅក្នុងពោះ ៣ខែ ។

មានការកត់សម្គាល់ថា ពិធីករ ប៉ែន ចំរ៉ុង រស់នៅជាមួយភរិយាថ្មី អ្នកនាង ហ៊ុន ម៉ាណេ ជិត៧ឆ្នាំហើយ ដោយទទួលបានចំណងដៃ កូនស្រីពីរនាក់ គឺកូនទី១ ឈ្មោះចំរ៉ុង បេឡាជុតិម៉ា អាយុជាង ៥ឆ្នាំ កូនទី២ស្រី ឈ្មោះចំរ៉ុង សោម៉ា ម៉ានីណា អាយុជាង១ឆ្នាំ និងកូនទី៣ ភរិយាលោកនឹងសម្រាលនៅដើមឆ្នាំ២០២៧ ខាងមុខ ។ក្រោយមានប្រពន្ធកូន លោកចំរ៉ុង មិនសូវមានសកម្មភាពសិល្បៈលេចធ្លោទេ ប៉ុន្ដែនៅរក្សាតំណែងជាពិធីករ បាន នៅតាមកម្មវិធីមួយចំនួន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅដើមឆ្នាំ២០២៦ នេះ លោកបានវិវឌ្ឍខ្លួនពីពិធីករនិងតារាសម្ដែងធម្មតា ទៅជាផលិតករ ឬថៅកែកុន ទៅហើយ ។ ប៉ុន្តែទោះជាក្លាយទៅជាថៅកែ ក៏លោកចំរ៉ុង មិនបន្ធូរដៃអាជីពចាស់ដែរ ដោយថ្មីៗនេះ នៅកម្មវិធីប្រលងចម្រៀងរ៉េប មួយគេឃើញលោកថែមទាំងលេងខ្លួនចម្លែក មិនចាញ់យុវវ័យទៀតផង នោះគឺក្រងសក់ និងស្លៀកឈុតមានស្រោបដោយខ្សែក្រវាត់ហ៊ុមព័ទ្ធចង្កេះជាច្រើនជាន់ រហូតដល់តារាភេទទី៣ធុងប៉េត្រូ សួរទៅលោកចំរ៉ុង ថាតើទៅធ្វើពិធីករ ឬលក់ខ្សែក្រវាត់?

អ្នកតាមដានសកម្មភាពសិល្បៈរបស់ពិធីករ ប៉ែន ចំរ៉ុង លើកឡើងថា នៅឆ្នាំថ្មីនេះ លោកចំរ៉ុង ពិតជាមានយីអ៊ុនល្អមែន ព្រោះក្លាយជាថៅកែផលិតកម្មផង ជិតបានកូនថែម ១ទៀតផង ហើយអ្វីដែលគួរឲ្យកត់សម្គាល់លោកស្រលាញ់និងថ្នាក់ថ្នមភរិយាថ្មីខ្លាំងណាស់៕

