Friday, April 10, 2026
Homeតារាខ្មែរជា លាងឈែ-នួន ណត្ថិយា សន្សំលុយរៀបការ

ជា លាងឈែ-នួន ណត្ថិយា សន្សំលុយរៀបការ

ភ្នំពេញ ៖ តារាសម្ដែង លោក ជា លាងឈែ បានសារភាពថា លោកនិងគូស្នេហ៍ កញ្ញានួន ណត្ថិយា បានរួមរស់ក្រោមដំបូលតែមួយ ជាមួយគ្នា ជិត៥ឆ្នាំហើយ ដែលពេលនេះ កំពុងតែសន្សំលុយរួមគ្នា ដើម្បីរៀបការ នាពេលដ៏ឆាប់ខាងមុខ ។ ប៉ុន្ដែលោក លាងឈែ មិនកំណត់ឲ្យច្បាស់លាស់ទេថា តើរៀបការ ថ្ងៃខែឆ្នាំណាឡើយ ខណៈដែលបណ្ដូលចិត្តលោកវិញថា បើសិនជាមិនបានរៀបការតាមប្រពៃណីខ្មែរ ទោះជាបានត្រឹមចុះត្រឹមអេ តាស៊ីវិល ក៏នាងពេញចិត្ដដែរ ។

លោក ជា លាងឈែ ប្រាប់អ្នកយកព័ត៌មាន «នគរធំ» កាលពីពេលថ្មីៗនេះថា រាល់ថ្ងៃលោកមិនសូវមមាញឹក ការងារសិល្បៈទេ តែលោកជាមន្រ្ដីរាជការម្នាក់ រកស៊ីលក់ផលិតផលតាម Online និងធ្វើជា BA ផ្សព្វ ផ្សាយឲ្យក្រុមហ៊ុនផ្សេងៗផងដែរ។ លោកថា ចំណងស្នេហាជិត៥ឆ្នាំ រវាងលោកនិងសង្សារ គឺអត់ដែលមានភាពរកាំរកូស គ្នាឡើយ សូម្បីតែ ១ដង ព្រោះតែលោកនិងសង្សារ មានចិត្តនិងគោលដៅដូចគ្នា ហេតុនេះមិនដែលមានគំនិតចង់បោះបង់គ្នាម្ដងណាទេ ។ លោកថា រឿងរៀបការ គឺត្រូវការពេលវេលា ព្រោះសព្វថ្ងៃ អ្វីដែលលោកផ្ដោត គឺត្រូវការសន្សំលុយសិន ដោយសារលោកនិងសង្សារ ចង់រៀបការ ដោយលុយកម្លាំងញើសឈាមខ្លួនឯង អត់ចង់យកលុយប៉ាម៉ាក់ មករៀបការខ្លួនឯងទេ ។

ចំណែកកញ្ញា នួន ណត្ថិយា វាចាថា ជិត៥ឆ្នាំ មកនេះ នាងនិងសង្សារ យល់ចិត្តគ្នាច្រើន ទាំងរឿងក្ដៅត្រជាក់ នៅជាមួយគ្នា ហើយជាធម្មតាទៅហើយដែលអណ្ដាតនិងធ្មេញតែងតែប៉ះគ្នា ប៉ុន្ដែនាងថា លើលោកនេះ គ្មានមនុស្សណា perfect (ល្អឥតខ្ចោះ) ទេ អ៊ីចឹងយើងស្រលាញ់គ្នា កុំទាមទារនូវអ្វីដែលគេគ្មាន បើទាមទារ ប្រាកដជាប្រេះឆាមិនខាន។ នាងថា ថ្ងៃក្រោយ បើគ្មានលទ្ធភាពរៀបការ ក្នុងនាមនាងជាសង្សារលោក ឈែ ទោះជាបានត្រឹមតែចុះអេតាស៊ីវិល ក៏រូបនាងពេញចិត្តដែរ ព្រោះមនុស្សពីរនាក់ ស្រលាញ់គ្នា សំខាន់យល់ចិត្តគ្នា ។

ជា លាងឈែ ជាកូនអ្នកក្រុងភ្នំពេញ ខណៈដែលសង្សារលោក តារាសម្ដែង កញ្ញានួន ណត្ថិយា មានស្រុក កំណើតនៅខេត្តបាត់ដំបង ហេតុនេះ លោក ឈែ ថាឲ្យតែបានទៅលេងស្រុកខាងប្រពន្ធម្ដងៗ វេចខ្ចប់មិន ប្រណីទេ របស់ធម្មជាតិ យកមកភ្នំពេញ ពិសេសគឺ អង្ករបាត់ដំបង ។

ឆ្លើយតបសំណួរថា តើលោក ជា លាងឈែ ដែលបានរស់នៅជាមួយប្រពន្ធ ជាង៤ឆ្នាំ ទៅហើយ ធ្លាប់គិតគួររឿងយកកូន មុនរៀបការ ឬយ៉ាងណា? លោកថា រឿងយកកូននេះ ចាំបន្ដិចទៀតសិន អត់ទាន់ដល់ពេលគិតគួរយកកូនឆាប់ៗទេ ។ ដោយឡែក កញ្ញានួន ណត្ថិយា និយាយបែបលេងសើចថា «យកBaby ម៉េច បើខ្ញុំហ្នឹងហើយជា Baby ហើយតើ!» ។          

ជា លាងឈែ ទោះជាមិនហ៊ានកំណត់ថ្ងៃរៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍ក្ដី ប៉ុន្ដែកាលពីឆ្នាំ២០២១ លោកបានដឹកដៃនួន ណត្ថិយា ទៅថត Pre-Wedding រួចទៅហើយ ព្រោះពួកគេច្បាស់លាស់គ្នា ១០០% ឬចិត្ត១ថ្លើម១ ។ លោក លាងឈែ ធ្លាប់សាងស្នាដៃក្នុងភាពយន្ដជាច្រើន ដូចជារឿង «លោកប្រី ៣៦៤ថ្ងៃ», «ព្រះចន្ទញញឹម», «ឱកាសស្នេហ៍គេដូចមុន», «ហេតុអ្វីជាអ្នក?/Why You ?» និងរឿង «ភ័ព្វព្រងនាងពិដោរ» ជាដើម ។ លោក លាងឈែ ត្រូវបានទស្សនិកជនសរសើរថា សម្ដែងជាតួមន្រ្ដីយោធា ពិតជាស័ក្តិសម ខណៈដែលក្នុងជូររាជការ លោកក៏ជាមន្រ្ដីយោធាម្នាក់ដែរ ។ ចំណែកញ្ញា នួន ណត្ថិយា ក្រោយរយាលៗពីអាជីពសិល្បៈ សព្វថ្ងៃ នាងជាគ្រូបង្ហាត់កាយសម្បទាម្នាក់ផងដែរ ៕

RELATED ARTICLES