ភ្នំពេញ ៖ និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា កំពុងមានការកើនឡើងជាលំដាប់ ដោយក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនី ចុះបញ្ជីជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួន ៣២៤៣ គ្រឿង ដែលចំនួននេះបាននាំឱ្យយានយន្តអគ្គិសនីចុះ បញ្ជីសរុបកើនដល់ ១៦ ២១០គ្រឿង បើគិតមកត្រឹមខែមីនា ឆ្នាំ២០២៦ ហើយក្នុងនោះការចុះបញ្ជីរថយន្តអគ្គិសនី មានចំនួនច្រើនជាងគេបំផុត។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ថា នៅខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនី ចុះបញ្ជីនៅក្រសួងសាធារណការនិងដឹកជញ្ជូន ចំនួន ៤៨៨គ្រឿង (រថយន្ត ៤០៩គ្រឿង) និងខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជី ១០៧៨គ្រឿង (រថយន្ត ៨៨៩គ្រឿង)។ ដោយឡែក នៅខែមីនា មានយានយន្តអគ្គិសនី ចុះបញ្ជីច្រើនជាងគេ រហូតដល់ ១៦៧៦គ្រឿង (ក្នុងនោះរថយន្ត ១២៩៣គ្រឿង) ដែលតួលេខនេះកើនឡើងជាលំដាប់។

លោក ផន រឹម បន្តថា សម្រាប់ប្រទេសកម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនី គឺចាប់ផ្តើមដំបូងក្នុងឆ្នាំ២០១៨ ដែលកាលនោះមានរថយន្តអគ្គិសនី តែ ១គ្រឿងប៉ុណ្ណោះ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការនិងដឹកជញ្ជូន ប៉ុន្តែចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនី គឺមានកំណើនជារៀងរាល់ឆ្នាំ។ ការកើន ឡើងនេះគឺស្របទៅនឹងការកើនឡើងនៃនិន្នាការប្រើប្រាស់យានយន្តអគ្គិសនី នៅលើទូទាំងពិភពលោក។

យោងតាមទិន្នន័យចុះបញ្ជីក្រសួងសាធារណការនិងដឹកជញ្ជូន គិតត្រឹមខែមីនា ឆ្នាំ២០២៦ ស្ថិតិចុះបញ្ជីយានយន្តអគ្គិសនី ចុះបញ្ជី សរុបចំនួន ១៦ ២១០គ្រឿង ក្នុងនោះ ទោចក្រយានយន្តចុះបញ្ជី មានចំនួន ៣៨៣២គ្រឿង ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តមានចំនួន ១១ ៦៥៦គ្រឿង៕