Saturday, April 25, 2026
Homeសង្គម និងជីវិតលែងកន្ធាយក្បាលកង្កែប ១៥ក្បាល ចូលដែនទឹកធម្មជាតិ

លែងកន្ធាយក្បាលកង្កែប ១៥ក្បាល ចូលដែនទឹកធម្មជាតិ

ខេត្តក្រចេះ ៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារជំនាញអភិរក្សជលផល និងមន្ត្រីពាក់ព័ន្ធ លែងកន្ធាយក្បាលកង្កែប ចំនួន ១៥ក្បាល ចូលដែនទឹកធម្មជាតិ និងចុះពិនិត្យទីតាំងសំបុកកន្ធាយ ពង្រឹងការគ្រប់គ្រងសត្វកន្ធាយក្បាលកង្កែប នៅភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសម្បូណ៌ ក្នុងខេត្តក្រចេះ។

ដំណើរបេសកកម្មមានការចូលរួមពីលោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយ កដ្ឋានជលផល លោក ផៃ សុម៉ានី លោកអ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោកសៀង គិន  អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះ លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោកនេត្រ វិបុល នាយករងអង្គការអភិរក្សសត្វព្រៃ (WCS) អាជ្ញាធរភូមិឃុំ និងតំណាងសហគមន៍មូលដ្ឋានមួយចំនួន។

នាឱកាសជំនួបជាមួយសហគមន៍ កញ្ញា អ៊ឹម រចនា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងអរគុណ ពីសំណាក់រដ្ឋមន្ត្រី ឌិត ទីណា ជូនដលស់មាជិកសហគមន៍ដែលបានបំពេញភារកិច្ចអភិរក្សទីជម្រកសត្វកម្រ តាមដងទន្លេមេគង្គ។ កញ្ញាបានសម្តែងនូវការថ្លែងអំណរគុណផងដែរ ដល់នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល អង្គការ WCS ខណ្ឌរដ្ឋបាលជលផលក្រចេះ និងស្ទឹងត្រែង រួមនិងសហគមន៍ ក្នុងបេសកកម្មអភិរក្សសត្វកំពុងរងគ្រោះជិតផុតពូជ និងលើកទឹកចិត្តបន្តការងារដែលមានដូចជា ៖ ការពារសម្បុក ការអប់រំ និងការផ្សព្វផ្សាយ ការពង្រឹងការអនុវត្តច្បាប់ និងគម្រោងលើកស្ទួយជីវភាពប្រជាសហគមន៍។

សូមជម្រាបជូនថា សត្វកន្ធាយក្បាលកង្កែប (Pelochlys Cantorii) ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទជិតផុតពូជ ដោយបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ និងជាប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា។

បច្ចុប្បន្ន កន្ធាយក្បាលកង្កែប ត្រូវបានបាត់បង់របាយរស់នៅក្នុងប្រទេសជាច្រើន ហើយនៅប្រទេសកម្ពុជា តាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង គឺជារបាយរស់នៅតែមួយគត់ ដែលមានវត្តមានសត្វកន្ធាយក្បាលកង្កែប ច្រើនជាងគេលើពិភពលោក។

នៅក្នុងឆ្នាំ២០២៦ នេះ សម្បុកកន្ធាយក្បាលកង្កែប ចំនួន១៤ ត្រូវបានរកឃើញនិងការពារ។ ជាលទ្ធផល កូនកន្ធាយ ចំនួន៩៥ក្បាល ត្រូវបានញាស់ដោយជោគជ័យ និងមេពូជកន្ធាយក្បាលកង្កែប ចំនួន០១ ត្រូវបានជួយសង្គ្រោះ និងបាននាំយកទៅថែទាំនិងតាមដាននៅ មជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង៕

RELATED ARTICLES