Saturday, May 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរបិទមុខ គាស់ហាងទូរស័ព្ទ លួចអស់ជាង១ម៉ឺន៥ពាន់ដុល្លារ

ចោរបិទមុខ គាស់ហាងទូរស័ព្ទ លួចអស់ជាង១ម៉ឺន៥ពាន់ដុល្លារ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ពាក់ម៉ាស់បិទមុខជិត បានធ្វើសកម្មភាពគាស់ដំបូលហាងលក់ទូរស័ព្ទដៃ ១ កន្លែង ចូលទៅលួចទូរស័ព្ទ ម៉ាក iPhone ចំនួន៤៩គ្រឿង គិតជាទឹកប្រាក់ប្រមាណជាង ១ម៉ឺន៥ពាន់ដុល្លារ ហើយបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅចំណុចហាងលក់ទូរស័ព្ទដៃ មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងជ្រៅ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីលក់ដូររួច គាត់បានចាក់សោហាងត្រឹមត្រូវ ហើយឡើងទៅដេកនៅបន្ទប់ជាន់ខាងលើ។ លុះមកដល់វេលាព្រឹកថ្ងៃដដែល គាត់ភ្ញាក់ឡើង ស្រាប់តែបាត់ទូរស័ព្ទ ម៉ាក iPhone ចំនួន៤៩គ្រឿង បើគិតជាទឹកប្រាក់ ១៥ ៨៣៥ដុល្លារ។

ជនរងគ្រោះ បានបន្តថា ភ្លាមៗ គាត់បានឆែកមើលតាមកាមេរ៉ាសុវត្ថិភាព បានឃើញជនសង្ស័យម្នាក់ ពាក់ ម៉ាស់បិទមុខជិត បានដើរកាត់ពីក្រោយផ្ទះរបស់គាត់ រួចឡើងទៅលើដំបូលផ្ទះ ធ្វើសកម្មភាពគាស់ដំបូល ចូលធ្វើសកម្មភាពលួចទូរស័ព្ទ ម៉ាក iPhone ចេញពីក្នុងទូដាក់តាំង ដាក់ចូលកាបូបស្ពាយរួចឡើងទៅលើដំបូល រត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ រួចបន្តធ្វើការស្រាវជ្រាវរកមុខសញ្ញា ដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់៕

RELATED ARTICLES