Wednesday, May 6, 2026
Homeតារាខ្មែរស្រីស្អាតបេប៊ី ខួបកំណើត២៦ឆ្នាំ អត់ទាន់ចង់បានប្ដី

ស្រីស្អាតបេប៊ី ខួបកំណើត២៦ឆ្នាំ អត់ទាន់ចង់បានប្ដី

ភ្នំពេញ ៖ ស្រីស្រស់ បេប៊ី ត្រូវមិត្តភក្ដិ Surprise ខួបកំណើត គម្រប់២៦ឆ្នាំ កាលពីរាត្រីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បើទោះជាថ្ងៃខួបកំណើតនាងពិត នៅថ្ងៃទី២ ខែឧសភា ក៏ដោយ ប៉ុន្ដែតារារួមអាជីពដែលស្និទ្ធនាងនៅតែបន្ដយកនំខេក មកឲ្យជាបន្ដបន្ទាប់។ បេប៊ី ថាខួបឆ្នាំនេះ នាងគ្មានប៉ងប្រាថ្នាអ្វីច្រើនទេ គឺសុំឲ្យតែនាងបានល្បីដូចមុនវិញ ព្រោះឥឡូវ គីឡូក៏វិលមករកសភាពដើមអស់ហើយដែរ ។

 បេប៊ី ប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅរសៀលថ្ងៃទី៤ ខែឧសភា ថាខួបឆ្នាំនេះ នាងធ្វើជាលក្ខណៈគ្រួសារប៉ុណ្ណោះ ពោលគឺរៀបចំ ៤តុ នៅផ្ទះ ហើយភ្ញៀវមានតែក្រុមគ្រួសារ និងអ្នកជិតដិតបំផុតទេ ។ នាងថាអ្វីដែលប៉ងប្រាថ្នាក្នុងជីវិត នៅថ្ងៃខួបកំណើត កន្លងមក មិនទាន់បានដូចចិត្តអស់ទេ ហើយឆ្នាំនេះ នាងប៉ងប្រាថ្នាធំ ចង់ឲ្យល្បីដូចមុនម្ដងទៀត។ ប៉ុន្ដែនៅពេលសួរនាំរឿងចេញបទចម្រៀងថ្មីៗ បេប៊ី ថាពេលនេះ សេដ្ឋកិច្ចមិនសូវល្អ នាងមិនទាន់រៀបគម្រោងចេញបទថ្មី ឲ្យបានច្បាស់លាស់ នៅពេលណាឡើយ។ តែស្រីស្អាតរូបនេះ ទទួល​ស្គាល់​ថា បើមិនចេញបទថ្មីឡើងវិញទេ ប្រាកដណាស់ថា នឹងធ្វើឲ្យនាងស្ងប់ស្ងាត់ថែមទៀតជាមិនខាន ។

សូមរំលឹកថា កញ្ញា ជុំ រចនាពេជ្រ ហៅបេប៊ី ជាតារាសម្ដែងលេចធ្លោម្នាក់ ដែលវិវឌ្ឍខ្លួនក្លាយទៅជាពិធីការិនី របស់ CTN  ជាង១០ឆ្នាំ ទើបបោះអាជីពចាស់ទាំងពីរផ្ដោតតែលើការពង្រឹងលើវិស័យចម្រៀង អំឡុងនាងជ្រកនៅផលិតកម្មថោន បាន៥ឆ្នាំ ទើបចុងក្រោយ ធ្វើជាតារាចម្រៀងឯករាជ្យវិញម្ដង ។ ពេលច្រៀងគ្មានផលិតកម្ម បេប៊ី ចំណាយលុយធ្វើបទចម្រៀងខ្លួនឯង ហើយនាងបានដកខ្លួនពីអាជីពសិល្បៈ ជាច្រើនឆ្នាំ គឺទើបតែវិលមកវិញ កាលពីចុងឆ្នាំ២០២៣ ។ ប៉ុន្ដែពេលនោះ គេថា បេប៊ី ឡើងគីឡូជ្រុលបន្ដិច ហើយបើមិនប្រញាប់រត់ទៅសម្រកគីឡូ ជាបន្ទាន់ទេ នាងនឹងលែងត្រូវប៉ាន់ជាមិនខាន ។

 បេប៊ី ថារយៈពេល ២ទៅ៣ខែចុងក្រោយនេះ នាងសម្រកទម្ងន់ បានដល់ទៅ ១៤គ.ក្រ  ព្រោះមុននេះ គីឡូនាងឡើងដល់ទៅ ៦៤គ.ក្រ តែឥឡូវនៅសល់តែ ៥០គ.ក្រ ។ នាងថាបានប្រើផលិតផលខ្លះ ហាត់ប្រាណខ្លះ ទើបបានវិលមករកគីឡូដូចដើមនេះ ហើយនាងថា នឹងមិនចង់សម្រកគីឡូថែមទៀតទេ ព្រោះនាងស្រលាញ់ទម្ងន់ ៥០គ.ក្រហ្នឹង ពិសេស សព្វថ្ងៃគេសរសើរនាងថា ពេលស្រកគីឡូអីចឹង ស្អាតជាងមុន ដែលធ្វើឲ្យនាងសប្បាយ​ចិត្តដែរ ។

ទាក់ទងរឿងថា ឥឡូវបេប៊ី អាយុ២៦ឆ្នាំហើយ តើពេលណាទើបព្រមយកស្វាមី? អតីតតារាចម្រៀងថោន រូបនេះថា រឿងយកប្ដី នាងមិនប្រញាប់ទេ ។ បេប៊ី ថារឿងគូស្រករម្ដាយបានផ្ដល់សិទ្ធិឲ្យនាងពេញលេញក្នុងការសម្រេច​ចិត្តដោយខ្លួនឯង គ្រាន់តែរូបនាងមិនទាន់ចង់បាន ហើយក៏មិនអាចកំណត់បានដែរថា ឆ្នាំណានឹងគិតគួររឿងប្ដីសីនេះ បើទោះជាមិត្តភក្ដិនៅជុំវិញខ្លួននាង ពួកគេខ្លះមានសង្សារ គូដណ្ដឹង និងប្តី ហើយមានកូនក្ដី ។  

គួរបញ្ជាក់ថា អំឡុងពេលដែលបេប៊ី បាត់មុខពីឆាកតន្រ្ដីទាំងឡាយ ជាច្រើនឆ្នាំនោះ នាងបានបើកហាងកាហ្វេ ដែលមានសាខាជាច្រើនកន្លែង នៅភ្នំពេញ និងជាយក្រុង ហើយនាងក៏បានទិញផ្ទះយ៉ាងប្រណិត នៅបុរីជីពម៉ុង លែន ផ្លូវជា សុផារ៉ា ផងដែរ ។ គេថា សម្រស់ដូចបេប៊ី ទោះជាពន្យារពេលយកប្ដី ១០ឆ្នាំទៀត ក៏មិនខ្លាចប្រ​ឈម​អត់បុរសសុំរៀបការដែរ ។ ប៉ុន្ដែកន្លងមក អ្នកស្រី ប៊ុន ណារី ម្ដាយបេប៊ី និយាយបែបលេងសើចថាថា កូនស្រី «អ្នកក្រមិនហ៊ាន អ្នកមានមិនចូល» ហេតុនេះលោកស្រី ខ្លាចតែបេប៊ី បន្ដនៅលីវ ច្រើនឆ្នាំទៀត៕

RELATED ARTICLES