ភ្នំពេញ ៖ លោក គឹម ប្រុស ប្រធានសាខា ក.ប.ប ខេត្តបាត់ដំបង ដែលល្បីរឿងពិនិត្យទុរេនថៃ ថាជាទុរេនខ្មែរ ហើយត្រូវបានដកមកបញ្ឈរជើងនៅអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានប៉ុន្មានថ្ងៃនោះ ពេលនេះ ត្រូវបានរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល ចេញប្រកាសបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ ក្រោយសម្តេចហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានស្នើឲ្យចាត់វិធានការច្បាប់ លើមន្ត្រីកាងទុរេនថៃ ថាទុរេនខ្មែរ ។

គួររំលឹកថា នៅក្នុងលិខិតបង្គាប់ការ របស់អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) ចុះថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានបង្គាប់ ៖ ត្រូវបានចាត់តាំងលោក គឹម ប្រុស អត្តលេខ១៧៣០៥០០០២០ ក្របខ័ណ្ឌ ក.២.២ បច្ចុប្បន្នជាប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ខេត្តបាត់ដំបង ឱ្យមកជួយការងារពាក់ព័ន្ធនឹងការរួមបញ្ចូលគ្នានៃធុរកិច្ច នៅនាយកដ្ឋានកិច្ចការប្រកួតប្រជែង នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម ។ ប្រគល់ភារកិច្ចជូនលោក ចេង ជីវ័ន្ត អត្តលេខ១៦៧០៦០០០១៥ ក្រប ខ័ណ្ឌ ក.២.២ បច្ចុប្បន្នជាអនុប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងខេត្តបាត់ដំបង ជាប្រធានស្ដីទី សាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ខេត្តបាត់ដំបង។
ក្រោយការចេញលិខិតបង្គាប់ការ របស់អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) បានតែ៦ថ្ងៃ គឺនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក គឹម ប្រុស ត្រូវបានរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្រ្តីរាជការតែម្ដង ទាក់ទងនឹងករណីកាង ឈ្មួញនាំចូលទុរេនថៃ។
នៅក្នុងប្រកាសស្តីពីការបញ្ចប់មុខតំណែងនិងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល ចុះថៃ្ងព្រហស្បតិ៍ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានសម្រេច ត្រវបានបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ លោក គឹម ប្រុស អត្តលេខ ១៧៣០៥០០០២០ ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង “ក.ប.ប.» ខេត្តបាត់ដំបង នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង។ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋានធនធានមនុស្ស ប្រធានគ្រប់អង្គភាពពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

គួរបញ្ជាក់ថា ការបញ្ចប់តំណែង និងលុបឈ្មោះលោក គឹម ប្រុស ចេញពីក្របខ័ណ្ឌមន្រ្តីរាជការនេះ បានធ្វើឡើងភ្លាមៗ ក្រោយពីសម្ដេច ហ៊ុន សែន បានថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្វាយរៀង កាលពីនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្ដេចហួសចិត្តចំពោះមន្ត្រី ក.ប.ប ខេត្តបាត់ដំបង ដែលប្រកាសថា ទុរេនថៃ ជាទុរេនខ្មែរ មកពីខេត្តកំពង់ចាម ខណៈអ្នកនាំចូល បានសារភាពថា ជាទុរេនថៃ ហើយសម្ដេច បានសួរទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថាតើមានចំណាត់ការបែបណាចំពោះមន្ត្រី ក.ប.ប នោះ?
សម្តេច ហ៊ុន សែន បានបញ្ជាក់នៅពេលនោះថា សម្ដេច ជាអ្នកខេត្តកំពង់ចាម គឺអាចដឹងបានថា ទុរេនកំពង់ ចាម មិនទាន់មានលទ្ធភាពផ្គត់ផ្គង់ដល់ខេត្តបាត់ដំបង ទេ យ៉ាងច្រើនមានក្នុងខេត្តកំពង់ចាម និងមកដល់ភ្នំ ពេញ ប៉ុណ្ណោះ ។ ជុំវិញករណីទុរេនខេត្តកំពង់ចាម នាំចូលទៅបាត់ដំបង នេះ សម្តេច ធ្លាប់បានលើកឡើងនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា នៃខេត្តតាកែវ កាលពីពេលថ្មីៗនេះម្ដងហើយថា ទុរេនកំពង់ចាម មិនទាន់មានលទ្ធភាពផ្គត់ផ្គង់ទៅខេត្តបាត់ ដំបង នោះទេ ។
សង្កត់ធ្ងន់លើចំណុចនេះ សម្ដេច ហ៊ុន សែន បញ្ជាក់ថា បញ្ហានេះ មិនមែនជារឿងពហិការនោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ សម្ដេច ត្រូវតែណែនាំដល់មន្ត្រីគ្រប់រូប មិនគួរយកគំរូតាមមន្ត្រីរូបនេះនោះឡើយ ហើយសម្តេច នឹងសួរនាំរឿងមន្ត្រីកាងជនខិលខូចនាំចូលទុរេនថៃ ព្រោះសម្រាប់មន្ត្រីបែបនេះ មិនគួរចាត់វិធាន ការត្រឹមអនុវត្តវិន័យរបស់មន្ត្រីនោះទេ តែគួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូច ដែលមិនគួរកើត មាន ។
ជុំវិញការដកតំណែងនិងលុបឈ្មោះលោក គឹម ប្រុស មានមជ្ឈដ្ឋានជាច្រើន បានសម្ដែងការសាទរ និងគិតថា ការសម្រេចរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សមហេតុផលហើយ ព្រោះជាកំហុសឆ្គងនោះ នៅពេលពលរដ្ឋប្រតិកម្មទាក់ទងនឹងការដាក់លក់ទុរេន ជាច្រើន ក្នុងផ្សារភូពុយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលសង្ស័យជាទុរេននាំចូលពីប្រទេសថៃ នោះ ខាងមន្រ្តី ក.ប.ប. សាខាបាត់ដំបង បានចុះទៅត្រួតពិនិត្យ ហើយបែរជាចេញសេចក្ដីប្រកាសព័ត៌មានថា ក្រោយពីបានសាកសួរក្រុមអាជីវករលក់ទុរេន នៅផ្សារភូពុយ ថាមានប្រភពមកពីបែកអន្លូង ស្ទឹងត្រង់ មេមត់ ខេត្តកំពង់ចាម ផ្សារនាគមាស ផ្សារដើមគថ្មី រាជធានីភ្នំពេញ និងពុំមានការទិញពីឈ្មួញ ឬអ្នកនាំចូលទុរេនពីថៃ ទៅវិញ ។ ប៉ុន្តែសម្រាប់មជ្ឈដ្ឋានមួយចំនួនទៀត យល់ថា ពាក់ព័ន្ធនៅក្នុងករណីបណ្ដោយឲ្យឈ្មួញនាំទុរេនថៃ ចូលមកលក់នៅកម្ពុជា បាននេះ មិនត្រូវទម្លាក់កំហុសតែលើលោក គឹម ប្រុស ប្រធាន ក.ប.ប សាខាខេត្តបាត់ដំបង តែម្នាក់ទេ គឺមានមន្ត្រីពាក់ព័ន្ធច្រើនទៀត ក៏ត្រូវតែទទួលខុសត្រូវដូចគ្នាដែរ មិនមែន «មួយខេត្ត មានកំហុស គឹម ប្រុស ទទួលខុសតែម្នាក់ឯងទេ» ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានតាមដានករណីនេះ បានលើកឡើងពីលោក គឹម ប្រុស នេះ តាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយដាក់ចំណងជើងថា «មិនមែនតែគាត់ម្នាក់ទេ!» ។

លោកបណ្ឌិត គិនភា បានបញ្ជាក់ពន្យល់ថា “គាត់មានកំហុសត្រង់ថា មិនទាន់បានស្រាវជ្រាវប្រភពទុរេន ឱ្យបានច្បាស់លាស់ ហើយឈានដល់ការសន្និដ្ឋានដោយប្រញាប់ប្រញាល់។ ប៉ុន្តែករណីតូចមួយនេះ មិនមែនពាក់ព័ន្ធតែគាត់ម្នាក់នោះទេ។ សំណួរដែលត្រូវមានចម្លើយគឺ ៖ តើទុរេន ទាំងនោះ នាំចូលតាមច្រកណា? តើនរណាខ្លះ ត្រូវទទួលខុសត្រូវ? ហើយតើត្រូវផ្ដន្ទាទោសពួកគេ ដោយរបៀបណា ក្រៅពីវិធានការវិន័យរដ្ឋបាល តើត្រូវមានពិរុទ្ធភាពអ្វីផ្សេងទៀតដែរឬទេ? នេះជាការសាកល្បងដ៏សែនតូចមួយ ដើម្បីស្ដារទំនុកចិត្តប្រជាពល រដ្ឋ។ ការដកតំណែងនិងលុបឈ្មោះគាត់ចេញពីក្របខ័ណ្ឌ ក្រោយប្រសាសន៍ធ្ងន់ៗរបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានរំលេចឱ្យឃើញថា វប្បធម៌ការងាររាជការស្រុកយើង វិធានការក្ដៅ អាចកើតមានឡើងបាន លុះត្រាតែថ្នាក់ដឹកនាំកំពូល ចេញបទបញ្ជា ឬផ្ដល់អនុសាសន៍ ប៉ុន្តែបន្ទាប់មកក៏ស្ងាត់ល្ហឹមវិញ ហើយរឿងដដែលៗ ក៏នៅ តែបន្តកើតមាន ដូចវែកចកដូច្នោះដែរ“ ៕ កុលបុត្រ