Monday, May 18, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាន់កាំភ្លើង ជួញថ្នាំញៀន ជាប់ខ្នោះ៧នាក់

កាន់កាំភ្លើង ជួញថ្នាំញៀន ជាប់ខ្នោះ៧នាក់

ភ្នំពេញៈ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿង ញៀនឆ្លងដែន នៅ៨គោលដៅ ក្នុងរាជធានី-ខេត្ត ចំនួន៣ ឃាត់ខ្លួនជនសង្ស័យ ៧នាក់ រឹបអូសបានថ្នាំញៀន មួយចំនួនធំ រួមនិងអាវុធខ្លី ចំនួន១ដើម។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តម សេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំមន្ទីរប្រឆាំង គ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តម សេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រតិបត្តិការនេះ ធ្វើឡើងពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តស្វាយ រៀង ដឹកនាំសម្របសម្រួល ដោយលោក ឈារី ម៉ារ៉ូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ធ្វើការបង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀន ឆ្លងដែន ចំនួន៨គោលដៅ ផ្សេងៗគ្នា ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៧នាក់ (ស្រី១)  ក្នុងនោះមាន ជនជាតិខ្មែរ ១នាក់ និងជនជាតិវៀតណាម ៦នាក់ (ស្រី១)។

ចំពោះវត្ថុតាងចាប់យក រួមមាន ៖ សារធាតុញៀន មួយចំនួនធំ អាវុធខ្លី ១ដើម រថយន្តចំនួន ៤គ្រឿង ឃាត់ទុក គណនីធនាគារ ចំនួន ១៨គណនី និងសម្ភារៈផ្សេងៗ មួយចំនួនធំ។

សូមជម្រាបថា រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត។ ដូច្នេះហើយ ទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ទីរប្រឆាំងគ្រឿងញៀន ប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្តមសេ នីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្តនិងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្តារាជធានី-ខេត្ត យ៉ាងសស្រាក់សស្រាំ ដូចភ្លៀងរលឹម ធ្វើយ៉ាងណា បង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស៕

RELATED ARTICLES