ប្រទេសជប៉ុន ៖ ស្រីស្រស់ រ៉េត ស៊ូហ្សាណា បានជ្រើសដំណើរកម្សាន្ដរបស់ខ្លួន នៅប្រទេសជប៉ុន ដោយនាងបានទៅដល់ទីនោះ កាលពីថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៦ ដើម្បីមើលទេសភាពព្រិលធ្លាក់លើភ្នំ Fuji ខណៈដែលភ្នំនេះ កន្លងមក កញ្ញា មាន សូនីតា ក៏បានទៅដល់ទីនោះដែរ ហើយថែមទាំងណែនាំឲ្យអ្នកផ្សេង ទៅលេងនៅភ្នំនោះដែរ ។ ស៊ូហ្សាណា មិនទាន់កំណត់ថ្ងៃវិលវិញទេ ព្រោះនាងត្រូវដើរលេងនៅតំបន់ជាច្រើនទៀត នៅទីក្រុង ប៉ុន្ដែស្រីស្អាតអត់បង្ហាញថា អ្នកណារួមដំណើរជាមួយខ្លួនឡើយ បើទោះជារូបថត និងវីដេអូ របស់នាង ជាច្រើនប្លង់ មានអ្នកថតជាប្រចាំឲ្យក៏ដោយ ។

សូមបញ្ជាក់ថា សម្រាប់ដំណើរកម្សាន្ដនៅប្រទេសជប៉ុន មិនមែនជាលើកទី១ ឡើយ សម្រាប់រ៉េត ស៊ូហ្សាណា ព្រោះកន្លងមក នាងក៏ធ្លាប់ទៅដើរលេងនៅទីនោះ ជាមួយឪពុកម្ដាយនាងដែរ បន្ទាប់ពីប្រទេសកូរ៉េ និងសាំងហ្គាពួរ ជាដើម ខណៈដែលការច្រៀងសម្ដែង កាលពីឆ្នាំមុន នាងធ្លាប់បានចេញទៅប្រទេសបារាំង និងអាមេរិក ។ សកម្មភាពរបស់ហ្សាណា ពេលនេះគឺនាងប្រឹងរកលុយពីការច្រៀងសម្ដែង និងទៅដើរលេងនៅប្រទេសណាដែលខ្លួនចង់ទៅ ពោលគឺរកលុយផង ដើរចាយលុយផង ។ ប៉ុន្ដែគេកត់សម្គាល់ថា ក្រោយហ្សាណា ចេញពីហង្សមាស ជាង២ឆ្នាំនេះ នាងមិនសូវមមាញឹកច្រៀង Concerts ធំៗដូចមុនទេ ពោលគឺការច្រៀងសម្ដែងរបស់នាង ភាគច្រើនជាក្រុម ឬផលិតកម្មបារមី ជាអ្នករៀបចំ។ យ៉ាងណា ការចេញមុខយូរៗម្ដង លើឆាកតន្រ្ដីនោះ ក៏មិនមែនមានន័យថា ហ្សាណា ធ្លាក់ប្រាក់ចំណូលដែរ ព្រោះកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នាងទើបទិញរថយន្ដទំនើប ម៉ាក BMW x6 2026 ដែលមានតម្លៃប្រមាណ 134,600ដុល្លារ បន្ថែមពីលើរថយន្ដម៉ាក Jeep Rubicon តម្លៃជាង ១០ម៉ឺនដុល្លារ ដែលមានស្រាប់។

តារាវ័យ២៦ឆ្នាំ រូបនេះ ប្រឡូកសិល្បៈ ១០ឆ្នាំ ត្រូវបានចាត់ទុកនាងសល់ទ្រព្យច្រើនគួរសមដែរ ព្រោះក្រៅពីជិះរថយន្ដទំនើបៗ នាងទិញបានផ្ទះ ២ល្វែង និងមានហាងសម្លៀកបំពាក់ផ្ទាល់ខ្លួនទៀតផង ។ អ្វីដែលតារាមានត្រេមុខស្រដៀងកូនកាត់ជប៉ុន រូបនេះ មិនឈឺក្បាលនោះ គឺនាងមិនដែលមានរឿងអាស្រូវស្នេហាទេ តាំងពីចាប់អាជីពចម្រៀងមក ពោលខុសពីស្រីស្អាតៗផ្សេងទៀត ក្នុងពិភពសិល្បៈ ឲ្យតែពួកគេទិញផ្ទះ និងរថយន្ដទំនើប តែងតែគេចមិនផុតពីរឿងគេម៉ៃមានប្រុសចិញ្ចឹម ។ ចំពោះហ្សាណា ច្រៀង ១ទសវត្ស អត់ទាន់ប៉ះរឿងអាស្រូវកេរ្ដិ៍ ព្រោះតែឪពុកម្ដាយតាមនាងសឹងគ្រប់ជំហានទាំងអស់ ហើយកន្លងមក តារាប្រុសធ្លាប់ស្និទ្ធនាង មានតែកូនឧកញ៉ា ព្រាប សុវត្ថិ គឺសុវត្ថិ មុនីនាគ (N.John) ម្នាក់ប៉ុណ្ណោះ ប៉ុន្ដែគួរឲ្យស្ដាយ ទំនាក់ទំនងពួកគេបានដល់ទីបញ្ចប់ កាលពីឆ្នាំ២០២២ ក្រោយលោកស្រី ឡុង ស្រីមុំ ភរិយាលោកព្រាប សុវត្ថិ ប្រកាសបដិសេធកូនប្រុសគាត់មានស្នេហាជាមួយស៊ូហ្សាណា ។ ប៉ុន្តែគេសង្កេតឃើញថា តាំងពីហ្សាណា ចូលបារមី នាងត្រូវបានឪពុកម្ដាយអនុញ្ញាតឲ្យលេងស្និទ្ធជាមួយតារាប្រុស ២នាក់ គឺយូហៃ និងនរិទ្ធ ប៉ុន្ដែថៅកែថ្មីបារមី មិនទាន់ឲ្យនាងចាប់ដៃជាមួយវណ្ណដា ទៅតាមការចង់ឃើញរបស់ Fan ឡើយ ។

មជ្ឈដ្ឋានមហាជន កត់សម្គាល់ថា រ៉េត ស៊ូហ្សាណា ទោះជានៅវ័យក្មេង តែនាងមានសមត្ថភាពនិពន្ធទំនុក ច្រៀង ដូចគ្នាទៅនឹងពេជ្រ សោភា, អេដា, វណ្ណដា និងងួន ចាន់ដេវីត ជាដើមដែរ ។ ចំណុចនេះហើយដែលធ្វើឲ្យហ្សាណា អាចច្រៀងបទអ្វីក៏បាន ឲ្យតែខ្លួនចង់ពេលទៅដល់ទ្រនំថ្មីនេះ ហើយនាងថែមទាំងវិវឌ្ឍខ្លួនក្លាយទៅជា Director ម្នាក់ទៀតផង ។ ប្រភពថា ហ្សាណា នៅតែរក្សាគោលការណ៍ច្រៀងបទជាភាសាខ្មែរ លាយភាសារអង់គ្លេស ដដែល ព្រោះកន្លងមក នាងត្រូវបានគេចាប់អារម្មណ៍ពេលច្រៀងអង់គ្លេស ច្រើនជាង ច្រៀងខ្មែរ ។ ប៉ុន្តែ ២ឆ្នាំនេះ ហ្សាណា មិនទាន់មានបទល្បីៗ ដូចនាងច្រៀងជាភាសាខ្មែរ នៅហង្សមាស បទ «ប្រយោគស្នេហ៍» និង «ឈប់» ឡើយ ៕
