Wednesday, May 20, 2026
Homeចរាចរណ៍ដុកទ័រវះកាត់ បើកឡានបុករបាំងថ្ម

ដុកទ័រវះកាត់ បើកឡានបុករបាំងថ្ម

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត (ដុកទ័រ) ផ្នែកវះកាត់ នៃមន្ទីរពេទ្យព្រះកុសុមៈ ម្នាក់ ដោយសារតែជាប់រវល់វះកាត់ សង្គ្រោះអ្នកជំងឺ អត់ងងុយពេញ ១យប់ លុះចប់ការងារ បើករថយន្តត្រឡប់ទៅផ្ទះវិញ ទាំងស្ថានភាពងងុយ ធ្វើឱ្យរេចង្កូតរថយន្ត ទៅបុកក្បាលរបាំងថ្មពុះចែកបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតខ្ទេច មុខយ៉ាងដំណំ តែសំណាងល្អ លោកដុកទ័រ មិនមានរងរបួសអ្វីធ្ងន់នោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២៦ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី នៅចំណុចខាងលិចអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ ឲ្យដឹងថា លោកដុកទ័រ អ្នកបើកបររថយន្តបង្កហេតុ មិនត្រូវបានស្គាល់អត្តសញ្ញា ណនោះទេ នៅមុនពេលកើតហេតុ គាត់បានបើកបររថយន្ត ១គ្រឿង ម៉ាក BYD ពណ៌ស ពាក់ស្លាកលេខ កម្ពុ ជា RDR.3699 ធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យរថយន្តខ្ទេចមុខ យ៉ាងដំណំ។ ដោយឡែកក្បាលរបាំងថ្មនោះ ខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ហើយគាត់មិនបានរងរបួសទេ បន្ទាប់មក បានទុករថយន្តចោល រួចបានចាកចេញទៅបាត់ និងបានប្រាប់ឪពុករបស់គាត់ ទៅកាន់កន្លែងកើតហេតុ ដើម្បីដោះស្រាយ។

តាមប្រភពបុរសជាឪពុកលោកដុកទ័រនោះ បានឱ្យដឹងថា កូនប្រុសគាត់ គឺជាដុកទ័រ ផ្នែកវះកាត់ នៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ហើយពេញ ១យប់ ថ្ងៃទី១៧ ខែឧសភា កូនប្រុសគាត់ បានវះកាត់ ជួយសង្គ្រោះអ្នកជំងឺ មិនបានដេកទេ ជាហេតុនាំឲ្យងងុយដេកខ្លាំង។ លុះដល់វេលារសៀលថ្ងៃកើតហេតុ ទើបបើករថយន្ត ១គ្រឿងខាងលើ ត្រលប់ទៅផ្ទះ នៅតាមផ្លូវលេខជាតិ៥១ ទាំងងងុយដេក លុះធ្វើដំណើរមកដល់ត្រង់ចំណុចកើត ហេតុ កូនប្រុសគាត់ បានងោក ១ភាំង ធ្វើឲ្យរថយន្តរេចង្កូតបុកទ្រូងផ្លូវបែបនេះតែម្តង ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់កន្លែងកើតហេតុ រួចរាយការណ៍ជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ចុះទៅស្ទូចយករថយន្តខាងលើទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES