
ភ្នំពេញៈ អ្នកវិភាគ បានជំរុញឱ្យកម្ពុជា ពិចារណាប្រើយន្តការដែលចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយអ្នកវិភាគយល់ថា កិច្ចព្រមព្រៀងនេះ គឺជាមូលដ្ឋានគតិយុត្តអន្តរជាតិដែលកម្ពុជា អាចយកមកប្រើប្រាស់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី នៅពេលមានការរំលោភបំពានពីប្រទេសជិតខាង ជាពិសេសប្រទេសថៃ នៅពេលនេះ ។ ដូច្នេះអ្នកវិភាគថា ដល់វេលាប្រើយន្តការកិច្ចព្រមព្រៀងប៉ារីសហើយ ដោយដំណាក់ការដំបូងៗនេះ កម្ពុជា ត្រូវប្រើពេលវេលា ការទូតឲ្យបានគ្រប់គ្រាន់ដោយស្ងាត់ស្ងៀម សម្រាប់បញ្ចុះបញ្ចូល និងសុំយោបល់ ជាមួយប្រទេសជាសហប្រធាន រួចបន្តទៅកាន់ប្រទេសហត្ថលេខីទាំង១៥ទៀត (លើកលែងតែប្រទេសថៃ) មុនការការកោះប្រជុំប្រទេសហត្ថលេខី ត្រូវបានធ្វើឡើង។
លោកបណ្ឌិតមាស នី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវសង្គម ដើម្បីការអភិវឌ្ឍន៍ បានបញ្ជាក់ថា ជ្រុងតូចមួយនៃដំណោះស្រាយព្រំដែនកម្ពុជា-ថៃ នាពេលនេះ ជាកាលវេលាដ៏សមគួរ ដែលលោកយល់ថា សម្រាប់កម្ពុជា ដើម្បីប្រើយន្តការកិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្រាប់ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ បានហើយ ដោយសារកម្ពុជា កំពុងបានផ្សារភ្ជាប់ទំនាក់ទំនងប្រសើរឡើងវិញជាមួយមហាអំណាចធំៗ ដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។ តែដំណាក់ការដំបូងៗនេះ លោកថា កម្ពុជា ត្រូវប្រើពេលវេលា ការទូតឲ្យបានគ្រប់គ្រាន់ដោយស្ងាត់ស្ងៀម សម្រាប់បញ្ចុះបញ្ចូល (lobbying) និងសុំយោបល់ (consultation) ជាមួយប្រទេសជាសហប្រធាន រួចបន្តទៅកាន់ប្រទេសហត្ថលេខីទាំង១៥ទៀត (លើកលែងតែប្រទេសថៃ) មុនការការកោះប្រជុំប្រទេសហត្ថលេខី ត្រូវបានធ្វើឡើង។
ក្រៅពីយន្តការកិច្ចព្រមព្រៀងប៉ារីស លោកបណ្ឌិតមាស នី មើលឃើញថា បេសកកម្មទូតកម្ពុជា នៅឯអង្គការសហប្រជាជាតិ ក៏ត្រូវតែធ្វើការឲ្យបានសកម្ម ទាំងព្រម ជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អសប) លើបញ្ហានេះផងដែរ ដើម្បីដាស់ស្មារតីមហាអំណាចទាំងអស់នោះឲ្យសម្លឹងមកមើលកម្ពុជាឡើងវិញ ព្រោះបើខ្មែរមិនប្រឹងខ្លួនឯងទេនោះ កុំសង្ឃឹមថា សៀម នឹងខ្ជាក់ទឹកដីមកឲ្យយើងវិញឲ្យសោះ ។

លោកបណ្ឌិតមាស នី បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ថា “បាទ! ច្រកផ្លូវអន្តរជាតិ មាន៣ មាន ICJ មាន ICC អីចឹង តែជាករមើលឃើញរបស់ខ្ញុំ ឃើញថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស វាជារឿងមួយដែលមានប្រវត្តិផ្ទាល់ជាមួយថៃ ហើយជាពិសេសហត្ថលេខី រួមទាំងសមាជិកអាស៊ានទាំងអស់ផង ហើយពេលនេះ ខ្ញុំគិតថា ដោយសារតែកិច្ចព្រមព្រៀងប៉ារីសនេះ ជាកិច្ចព្រមព្រៀងមួយដែលទទួលស្គាល់សាក្សីពីក្រុមប្រឹក្សាអង្គការប្រជាជាតិផងដែរ ហើយនៅពេលនេះ ខ្ញុំថាមាឱកាសល្អមួយ ត្រង់ថា កម្ពុជា បានចាប់ផ្ដើមស្ដារទំនាក់ទំនងល្អទាំងជាមួយអាមេរិក ហើយនិងចិនឡើងវិញ ។ អ៊ីចឹងនៅក្នុងស្ថានភាពនេះ បើយើងប្រើឱកាសនេះ ហើយបន្ទាប់ទៀត យើងដាស់បញចូលនូវស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈការសុំយោបល់ពីប្រទេសជាសមាជិកហត្ថលេខីទាំងអស់នោះវិញ ឲ្យគេផ្ដល់យោបល់ថាតើត្រូវធ្វើម៉េចដើម្បីឲ្យមានកិច្ចប្រជុំឡើងវិញ ព្រោះយើងទទួលស្គាល់ថា ប្រទេសនីមួយៗហ្នឹងដូររបបហ្នឹងវាច្រើនសារហើយ ហើយអ្នកដែលស៊ីញ៉េខ្លួនឯងអ្នកខ្លះក៏ស្លាប់ទៅហើយដែរ ។អ៊ីចឹងបើសិនជាយើងមិនប្រើពេលវេលាដើម្បីដាក់គេឡើងវិញទេនោះ អាហ្នឹងមិនមានអ្នកណាគេខ្វល់ខ្វាយពីយើងទេ ហើយយើងក៏មិនអាចគ្រាន់តែស្រែក ហើយទៅហៅគេមកប្រជុំបានដែរ នៅពេលដែលយើងមិនទាន់បានដាស់ស្មារតីគេឡើងវិញ ។ ខ្ញុំមើលឃើញតែប៉ណ្ណឹងទេខ្ញុំមិនមែនចង់ជំរុញអីទេ គ្រានតែថាវាឱកាសល្អ ព្រោះមកដល់ពេលនេះ យើងអត់ទាន់ដឹងថា បឋញ្ហាព្រំដែនយើង ដីដែលបាត់ ត្រូវដោះស្រាយយ៉ាងម៉េច យើងអត់ទាន់ដល់ពេលដោះសាយ ។មែនទែនទៅ នៅក្នុងកិច្ចព្រមព្រៀងហ្នឹង ឲ្យប្រទេសដែលពាក់ព័ន្ធជម្លោះ ជាពិសេសប្រទេសនៅជិតខាងកម្ពុជាហ្នឹង ត្រូវគោរពនូវបូរណភាពទឹកដីកម្ពុជា ដែលបើនិយាយមែនទែនទៅ គឺយោងទៅលើផែនទីបារាំង-សៀម នោះ “ ។
លោកបណ្ឌិតមាស នី បានមានប្រសាសន៍បន្តថា “ ដូច្នេះអ្វីដែលត្រូវធ្វើ ដូចខ្ញុំបានសរសេរនៅក្នុងហ្នឹងហើយ ថាទីមួយ បេសកកម្មទូតរបស់ខ្មែរយើងនៅអង្គការសហប្រជាជាតិហ្នឹង គឺអាចនឹងចាប់ផ្ដើមធ្វើការជាមួយនឹងមហាអំណាចទាំងអស់ នៅក្នុងសមាជិកក្រុមប្រឹក្សាសន្តិសុខ ដើម្បីជម្រាបគេពីបញ្ហាយើងកំពុងប្រឈម ហើយនិងយើងសុំយោបល់គេទៅ ថាបើយើងចាប់ផ្ដើមរុះរើអាហ្នឹងឡើងវិញ តើគេអាចជួយយើងបានទៀត ក៏យើងឡប់ប៊ីឲ្យគេត្រៀមលក្ខណៈជួយយើងតែម្ដង ។ ប៉ុន្តែអាបេសកកម្មការទូតរបស់យើងនៅតាមប្រទេសហត្ថលេខីទាំង១៨ហ្នឹង ក៏ត្រូវចាប់ផ្ដើមធ្វើការនៅហ្នឹង ដើម្បីស្ទង់ស្ទាប និងសុំយោបល់ពីប្រទេសជាមិត្តដែលហត្ថលេខីហ្នឹង យើងកំពុងមានទុក្ខរឿងបញ្ហាថៃឈ្លានពាន ហើយធ្វើការលើស្មារតី២៣តុលា ឡើងវិញ ថាតើគេយល់យ៉ាងម៉េច? អាហ្នឹងវត្រូវចែកការងារយើងធ្វើអ៊ីចឹង ហើយបានយើងយកលទ្ធផលនៃការសុំយោបល់ហ្នឹងមកសរុបសេចក្ដី ថាតើយើងដាស់គេបានដែរ ។ ប៉ុន្តែវាជាឱកាសពេលនេះ ដោយសារពីដើមមក មានការប្រទាញប្រទង់រវាងចិន ហើយនិងសហរដ្ឋអាម៉េរិក មកលើប្រទេសខ្មែរ ប៉ុន្តែឥឡូវនេះ យើងមានទំនាក់ទំនងល្អ្យ អ៊ីចឹងយើងគួរតែប្រើពេល ប៉ុន្តែខ្ញុំក៏មិនដឹងថា តើរដ្ឋាភិបាល គាត់អាចមានការព្រួយបារម្ភយ៉ាងម៉េច ជារឿងរបស់គាត់ទេ ។ ឧទាហរណ៍ គាត់គិតពីរឿងសិទ្ធិមនុស្ស ប្រជាធិបតេយ្យអ៊ីចឹង ព្រោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងប្រាកដជាភ្ជាប់ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ។ ដូច្នេះឱកាសមានហើយ ប៉ុន្តែការរំពឹងទុក ខ្ញុគិតថា វាទាល់តែយើងសាកល្បងសិន តែបើយើងមិនសាកល្បងទេ រឿងហ្នឹងវានៅអណ្ដែតអណ្ដូងៗដូចរាល់ថ្ងៃអ៊ីចឹង ។ ដល់អ៊ីចឹងទៅ កាលទុកយូរពេកទៅ វាធ្វើឲ្យរាស្រ្តមិនទុកចិត្តរដ្ឋ មិនទុកចិត្តរដ្ឋាភិបាល ហើយរដ្ឋាភិបាលក៏មិនចង់ឲ្យរាស្រ្តហ្នឹងងើបឡើងដែរ ករណីបន្តទៀត ។ ប៉ុន្តែការបដិសេធកិច្ចព្រមព្រៀងនេះអស់សុពលភាព មានតែខ្មែរយើងភាគីតែមួយទេ ប៉ុន្តែភាគីទាំងអស់ ដែលចុះហត្ថលេខីហ្នឹង ក៏គេមិនទាន់មានអ្នកណានិយាយថា អស់សុពលភាពដែរ ខ្មែរយើងខ្លួនឯងតើ ដែលថាអស់សុពលភាព ប៉ុន្តែបើខាងហត្ថលេខី មិនទាន់មានប្រទេសណាមួយមកបំភ្លឺទេ ” ។

ស្របគ្នានេះដែរ លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ថា មានទិដ្ឋភាពមួយចំនួន ដែលបង្ហាញឲ្យឃើញអំពីមូលដ្ឋាននៅក្នុងការពិចារណារបស់កម្ពុជា ដល់ពេលវេលាដែលត្រូវប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ។ ក្នុងនោះទិដ្ឋភាពច្បាប់ កម្ពុជាអាចស្នើឲ្យសហប្រធាននៃសន្និសីទទីក្រុងប៉ារីស រៀបចំកិច្ចប្រជុំហ្នឹងឡើងវិញ ដើម្បីពិនិត្យមើលទៅលើការរំលោភបំពានរបស់ប្រទេសជិតខាងណាមួយលើដែនអធិបតេយ្យភាពកម្ពុជា ពីព្រោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គឺជាផ្លូវមួយដែលសំខាន់សម្រាប់កម្ពុជា នៅក្នុងការទាក់ទាញឬក៏ចាប់យកការចាប់អារម្មណ៍និងគាំទ្រពីប្រទេសជាហត្ថលេខី ជាពិសេសគឺប្រទេសមហាអំណាចដែលជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិទាំងប្រាំ ដើម្បីឲ្យមកជួយកម្ពុជា ទៅតាមផ្លូវច្បាប់ ។
លោកសេក សុជាតិ បានមានប្រសាសន៍ថា “ បាទ! បញ្ហានេះគឺជាប្រធានបទមួយ ក្ដៅគគុក ហើយនិងមានភាពរសើបខ្លាំងនៅក្នុងពេលបច្ចុប្បន្ន ហើយពាក់ព័ន្ធជាមួយទិដ្ឋភាពទាំងអស់នេះ ត្រូវធ្វើការពិចារណាដោយយកចិត្តទុកដាក់ពិសេសគឺត្រូវផ្ដោតទៅលើទិដ្ឋភាពរួមធំៗ ទាក់ទងនឹងច្បាប់អន្តរជាតិ ក៏ដូចជាភូមិសាស្ត្រនយោបាយក្នុងតំបន់ ហើយនិងសកលលោកផងដែរ ។ នៅក្នុងន័យនេះ យើងបានដឹងហើយថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ម្ភៃបីតុលា គឺជាកិច្ចព្រមព្រៀងមួយដែលមានការទទួលស្គាល់ពីមហាអំណាចទាំងប្រាំ រួមទាំងប្រទេសដែលមានព្រំដែនជាប់នឹងប្រទេសកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិសំខាន់ៗផ្សេងផ្សេងទៀតក៏បានដឹងឮពីបញ្ហាហ្នឹងដែរ ។ ដូច្នេះយើងអាចពិចារណាថា ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា ជាមួយនឹងប្រទេសជាប់ខាង គឺអាចប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបាន ក៏ប៉ុន្តែមុននឹងឈានទៅដល់នេះ គឺត្រូវគិតគូរទៅលើបញ្ហាជាបន្តបន្ទាប់គ្នា ។ នៅត្រង់ចំណុចនេះ ខ្ញុំចង់ផ្ដោតទៅលើទិដ្ឋភាពមួយចំនួន ដើម្បីបង្ហាញឲ្យឃើញអំពីមូលដ្ឋាននៅក្នុងការពិចារណារបស់កម្ពុជា ថាតើប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរអត់នៅក្នុងទិដ្ឋភាពហ្នឹង ? ទីមួយ បើសិនជាយើងពិនិត្យមើលទៅលើទិដ្ឋភាពច្បាប់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសម្ភៃបីតុលាឆ្នាំមួយពាន់ប្រាំបួនរយកៅសិបមួយ គឺជាកិច្ចព្រមព្រៀងដែលមានមហាអំណាចទាំងប្រាំ ហើយនិងប្រទេសជាប់ខាងកម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិ នៅក្នុងតំបន់ ហើយនិងអង្គការសហប្រជាជាតិ ក៏ដូចជាសហភាពអឺរ៉ុបអី គឺបានទទួលស្គាល់និងដឹងឭអំពីអធិបតេយ្យភាពពេញលេញរបស់កម្ពុជា ហើយតាមរយៈកិច្ចព្រមព្រៀងសន្តិភាពនេះ មិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនោះទេប៉ុន្ដែវាក៏ជាពិធីសារស្ដីពីអធិបតេយ្យភាព បូរណភាពទឹកដី និងភាពមិនអាចរំលោភបាននៃដែនដីកម្ពុជា ផងដែរ ។ យោងតាមមាត្រាពីរ នៃពិធីសារនេះ គឺបានចែងបញ្ជាក់ថា ប្រទេសហត្ថលេខី រួមទាំងថៃ វៀតណាម និងមហាអំណាចទាំងអស់ គឺត្រូវបានការពារនិងគោរពទៅលើដែនអធិបតេយ្យភាពកម្ពុជាជាពិសេសបូរណភាពទឹកដីកម្ពុជា គឺមិនអាចរំលោភបំពានទេ ពីព្រោះវាបានផ្តល់សិទ្ធិឲ្យកម្ពុជាបដិសេធនូវរាល់សន្ធិសញ្ញា ឬក៏កិច្ចព្រមព្រៀងទាំងឡាយដែលផ្ទុយបូរណទឹកដីរបស់ខ្លួន ដែលធ្វើឡើងនៅក្នុងពេលដែលកម្ពុជាមានសង្រ្គាមផ្ទៃក្នុង ហើយនិងបន្តមានសង្គ្រាមស៊ីវិល ចន្លោះពីឆ្នាំមួយពាន់ប្រាំបួនរយចិតសិបប្រាំបួនដល់មួយពាន់ប្រាំបួនរយកៅសិបមួយ មុនពេលដែលកម្ពុជាទទួលបាននូវសន្តិភាពតាមរយៈកិច្ចព្រមព្រៀងសន្តិភាព ហ្នឹង ។ ហើយយន្តការទីពីរ គឺជាយន្តការនៅក្នុងការអនុវត្ត ។ ពាក់ព័ន្ធជាមួយនឹងការអនុវត្តនេះ គឺផ្ដោតសំខាន់ទៅលើការអន្តរាគមន៍ពីអន្តរជាតិហើយបើសិនជាក្នុងករណីកម្ពុជាមានការរំលោភបំពានធ្ងន់ធ្ងរទៅលើដែនអធិបតេយ្យភាព ឬក៏ព្រំដែនកម្ពុជាត្រូវបានរំលោភបំពាន ដូច្នេះយើងអាចប្រើប្រាស់យន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសម្ភៃបីតុលាមួយពាន់ប្រាំបួនរយកៅសិបមួយបាន ពីព្រោះប្រទេសជាហត្ថលេខី គឺបានឯកភាពគ្នាជាឯកច្ឆន្ទ ហើយគាំទ្រកម្ពុជាមានដែនអធិបតេយ្យភាពច្បាស់លាស់ “ ។

លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “ ដូច្នេះនៅក្នុងកន្លែងនេះ គឺកម្ពុជាអាចស្នើឲ្យសហប្រធាននៃសន្និសីទទីក្រុងប៉ារីស មានប្រទេសបារាំង ហើយនិងប្រទេសឥណ្ឌូនេស៊ីវៗនេះ គឺអាចរៀបចំកិច្ចប្រជុំហ្នឹងឡើងវិញដើម្បីពិនិត្យមើលទៅលើការរំលោភបំពានរបស់ប្រទេសជិតខាងណាមួយលើដែនអធិបតេយ្យភាពកម្ពុជា ពីព្រោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គឺវាជាផ្លូវមួយដែលសំខាន់សម្រាប់កម្ពុជា នៅក្នុងការទាក់ទាញឬក៏ចាប់យកការចាប់អារម្មណ៍និងគាំទ្រពីប្រទេសជាហត្ថលេខី ជាពិសេសគឺប្រទេសមហាអំណាចដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិទាំងប្រាំ ដើម្បីឲ្យមកជួយកម្ពុជា ព្រំដែនកម្ពុជា ទៅតាមផ្លូវច្បាប់ ។ អានេះគឺជាឥទ្ធិពលរបស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលយើងអាចប្រើ ។ ចំណុចទីបី គឺទាក់ទងជាមួយនឹងឧបសគ្គ ហើយនិងការអនុវត្តជាក់ស្ដែង ។ បើទោះជាស្ថិតនៅក្នុងយន្យការមើលទៅហាក់បីដូចជាកិច្ចព្រមព្រៀងគែជាយុទ្ធសាស្ត្រតែមួយគត់ ដែលអាចដោះស្រាយបញ្ហាទាំងអស់បានមែន ប៉ុន្តែត្រូវចាំថា មុនអាចឈានទៅដល់ចំណុចនេះ គឺកម្ពុជាត្រូវតែសិក្សាឲ្យបានហ្មត់ចត់ ហើយពិនិត្យមើលទៅលើសន្ធិសញ្ញាផ្សេងៗទៀត ដែលកម្ពុជាអាចយកមកប្រើប្រាស់បាន ។ នៅក្នុងពេលថ្មីៗនេះ យើងឃើញហើយតាមរយៈ MOU 2000 2001នេះ គឺជាមូលដ្ឋានដែលប្រទេសទាំងពីរអាចធ្វើការចរចាជាលក្ខណៈទ្វេភាគី ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ គឺប្រទេសថៃបានសម្រេចលុបចោលជាឯកឆន្ទដោយឯកតោភាគីទៅហើយ ។ ដូច្នេះហើយកម្ពុជាគឺមិនអាចប្រើប្រាស់យន្តការទ្វេភាគីជាមួយនឹងប្រទេសថៃ នៅក្នុងការចរចាស្វែងរកសន្តិភាពបានទៀតទេ ។ ដូច្នេះវាគឺជាពេលវេលាដែលសមស្របហើយនដែលកម្ពុជាត្រូវប្រើប្រាស់នូវយន្តការបន្តមួយតង់ទៀត ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះជាមួយប្រទេសថៃ ។ កាពិតទៅ ប្រទេសកម្ពុជាគឺចង់ដោះស្រាយបញ្ហានេះជាមួយនឹងភាគីថៃ ដោយ សន្តិភាពតាមរយៈទ្វេភាគី ក៏ប៉ុន្តែបើសិនជាក្នុងករណីការដោះស្រាយទ្វេភាគីត្រូវបានទាត់ចោលហើយ ដូច្នេះវាចូលទៅដល់ជម្រើសបន្តបន្ទាប់ ដែលកម្ពុជាគួរតែធ្វើ ។ ទីមួយ បន្ទាប់ពីការលុបចោលនៃកិច្ចព្រមព្រៀងសន្តិភាព ឬក៏អនុស្សរណៈយោគយល់ ទ្វេភាគីហើយ អ៊ីចឹងមានន័យថា ការចរចាជំហានដំបូងគឺត្រូវបានបញ្ចប់ ហើយវាក៏ជាវិធីសាស្ត្រមួយដែលកម្ពុជាអាចយកមកធ្វើជាមូលដ្ឋាននៅក្នុងការជំរុញដោះស្រាយបញ្ហាមួយតង់ទៀត ហើយវាក៏ជាពេលវេលាដែលកម្ពុជាត្រូវប្រើប្រាស់យន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅក្នុងន័យប្រើប្រាស់ជាយុទ្ធសាស្ត្រនយោបាយដែលជាគ្រឹះដ៏រឹងមាំរបស់កម្ពុជា នៅក្នុងការធានាអំពីការជួយជ្រោមជ្រែងរបស់អន្តរជាតិ ហើយអន្តរជាតិត្រូវតែជួយកម្ពុជា បើសិនជាមានករណីរំលោភបំពានទឹកដីឬក៏ដែនដីកម្ពុជាពិតប្រាកដមែន ហើយវាក៏ជាមធ្យោបាយមួយដ៏ល្អសម្រាប់កម្ពុជា នៅក្នុងការទាក់ទាញ ហើយនិងជាមូលដ្ឋានសម្រាប់ឲ្យបរទេសមើលឃើញកាន់តែច្បាស់ការរងគ្រោះរបស់កម្ពុជា ហើយនៅពេលដែលយើងដាក់បញ្ហានេះទៅ ច្បាស់ណាស់ កិច្ចព្រមព្រៀងសន្តិភាព គឺនឹងជំរុញឲ្យភាគីទាំងពីរ នឹងចូលខ្លួនទៅដោះស្រាយបញ្ហា ដោយយោងទៅលើច្បាប់អន្តរជាតិ។ ដូច្នេះយុទ្ធសាស្រ្តនៃការដោះស្រាយលើបញ្ហាជម្លោះដែនអធិបតេយ្យភាពកម្ពុជា បើសិនជាករណីលើដែនសមុទ្រ គឺច្បាស់ណាស់ គឺ UNCLOS ដែលកម្ពុជា ត្រូវប្រើ ហើនៅក្នុងករណីនេះ បើសិនជាប្រើ UNCLOS ក៏ជាជម្រើសមួយ ដែលតុលាការយុត្តិធម៌អន្តរជាតិ នឹងអាចយកមកប្រើដែរ ពីព្រោះវាគឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់កម្ពុជា និងតុលាការយុត្តិធម៌អន្តរជាតិ នៅក្នុងការកាត់សេចក្ដី ហើយវាជាសេចក្ដីសម្រេចមួយចុងក្រោយផងដែរ ដែលវាមានសារសំខាន់សម្រាប់កម្ពុជា នៅក្នុងការដោះស្រាយបញ្ហាការរំលោភបំពានពីភាគីថៃ “ ។
លោកសេក សុជាតិ បានមានប្រសាសន៍បន្តទៀតថា “ ដោយសារតែចំណុចទាំងអស់នេះហើយ គឺយើងអាចនិយាយបានដោយខ្លីថា ប្រសិនបើឈានទៅដល់ការប្ដឹងទៅដល់តុលាការអន្តរជាតិ ដូច្នេះតុលាការអន្តរជាតិ នឹងប្រើប្រាស់ឯកទេសព្រំដែនសមុទ្រ UNCLOS ឆ្នាំ១៩៨២ ដើម្បីកាត់សេចក្ដី ដូចគ្នាជាមួយនឹងការយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋាននៅក្នុងការបកស្រាយសាលក្រម ដែលកម្ពុជាឈ្នះក្តីថៃ លើបញ្ហាប្រាសាទព្រះវិហារ នៅឆ្នាំមួយពាន់ប្រាំបួនរយហុកសិបពីរ ដោយនៅឆ្នាំពីរពាន់ដប់បីហ្នឹង យើងដឹងហើយ គឺជាឧទាហរណ៍ជាក់ស្ដែង ដែលICJ តុលាការយុត្តិធម៌អន្តរជាតិ បានបង្ខំឲ្យថៃទទួលស្គាល់ដែនអធិបតេយ្យកម្ពុជាកម្ពុជា តាមរយៈខ្សែបន្ទាត់ផែនទីព្រំដែនដែលកំណត់ដោយប្រទេសបារាំង និងប្រទេសសៀម នៅឆ្នាំមួយពាន់ប្រាំបួនរយបួន និងមួយពាន់ប្រាំបួនរយប្រាំពីរ ។ ដូច្នេះគ្មានខ្សែបន្ទាត់ព្រំដែនឬក៏គ្មានផែនទីណាមួយ ដែលអាចទៅជំនួសផែនទីដែលជាការឯកភាពគ្នារវាងបារាំង-សៀម នៅឆ្នាំ១៩០៧ ១៩០៤ បានឡើយ ហើយការរៀបចំជាឯកតោភាគី គឺគ្មានតម្លៃទេ សម្រាប់ការកាត់សេចក្ដីរបស់តុលាការយុត្តិធម៌អន្តរជាតិ ដូច្នេះវាគឺជាចំណុចសំខាន់ ។ ត្រឡប់មកវិញ គឺកម្ពុជា នៅក្នុងជំហានទីមួយ គឺបានប្រើប្រាស់អនុស្សរណៈយោគយល់ ឆ្នាំ2000 2001 ហើយបើសិនជាវិធីសាស្ត្រដោះស្រាយទ្វេភាគីបរាជ័យហើយ គឺឈានទៅដល់ការប្រើប្រាស់យុទ្ធសាស្ត្រនយោបាយតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីឲ្យអន្តរជាតិជួយ ដឹងឮនិងការពារដែនអធិបតេយ្យភាពកម្ពុជាហើយនៅពេលដែលយើងធ្វើការកោះប្រជុំតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប្រទេសទាំងអស់ ជឿជាក់ថា នឹងឲ្យកម្ពុជានិងថៃដោះស្រាយតាមយន្តការអន្តរជាតិ តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ។ ដូច្នេះពេលនោះហើយ បើដោះបញ្ហាដែនសមុទ្រ នឹងប្រើ UNCLOS ហើយបើដោះស្រាយបញ្ហាព្រំដែនគោក ច្បាស់ណាស់ គឺផែនទីដែលកម្ពុជា ហើយនិងប្រទេសថៃ តាមរយៈផែនទីបារាំងសៀម ឆ្នាំ១៩០៤ និង១៩០៧ គឺជាអត្ថិភាពដ៏ធំបំផុត ដែលយើងអាចនឹងឈ្នះក្ដី ហើយនិងអាចការពារដែនអធិបតេយ្យភាពកម្ពុជាបាន ក៏ប៉ុន្តែគ្រប់យ៉ាង គឺទាមទារឲ្យមានការសម្រេចចិត្តមួយដ៏ច្បាស់លាស់ ពីសំណាក់ថ្នាក់ដឹកនាំប្រទេសរបស់យើង ថាតើគួរដល់ពេលហើយឬនៅ? សរុបមកវិញ យើងអាចនិយាយបានដោយខ្លីថាអាយ.ស៊ី.ជេ គឺប្រាកដជានឹងប្រើប្រាស់ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺជាផ្លូវមួយដែលបានផ្តល់សិទ្ធិអំណាចឲ្យកម្ពុជាធ្វើការតវ៉ាលើឆាកអន្តរជាតិ ហើយតុលាការយុត្តិធម៌អន្តរជាតិ នឹងការពារសេចក្ដីសម្រេចរបស់ខ្លួន តាមបច្ចេកទេសច្បាប់ ដើម្បីបញ្ជាក់អំពីភាពត្រឹមត្រូវនៅការតវ៉ារបស់កម្ពុជា អំពីបញ្ហាការរំលោភបំពាន ។ ដូច្នេះបើគ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ម្ភៃបីតុលា ឆ្នាំមួយពាន់ប្រាំបួនរយកៅសិបមួយ ជាគ្រឹះទេ ម្ពុជានឹងពិបាកនៅក្នុងការទាញឲ្យមហាអំណាច ដែលជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មកគាំទ្រកម្ពុជានិងបង្ខំឲ្យថៃទទួលស្គាល់សាលក្រមតុលាការយុត្តិធម៌អន្តរជាតិណាស់ ហើយតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ម្ភៃបីតុលា ឆ្នាំមួយពាន់ប្រាំបួនរយកៅសិបមួយនេះ គឺ ខ្សែចំណងផ្លូវច្បាប់ដែលបានចងកាតព្វកិច្ចថៃមិនឲ្យបដិសេធលើផែនទីខ្នាតមួយពីររយពាន់ដែលបារាំង ហើយសៀម បានឯកភាពគ្នានៅក្នុងឆ្នាំមួយពាន់ប្រាំបួនរយបួន និងមួយពាន់ប្រាំបួនរយប្រាំពីរ នោះទេ ” ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺជាឯកសារប្រវត្តិសាស្ត្រដ៏សំខាន់ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍នៅកម្ពុជា។ កិច្ចព្រមព្រៀងនេះ មានគោលបំណងធានាអធិបតេយ្យភាព បូរណភាពទឹកដី ឯកភាពជាតិ និងភាពអព្យាក្រឹត្យរបស់កម្ពុជា រួមទាំងការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ (UNTAC)។ កិច្ចព្រមព្រៀងនេះ មានឯកសារសំខាន់ៗបួន ដែលកំណត់ពីការបញ្ចប់ជម្លោះប្រដាប់អាវុធ និងការបង្កើតរដ្ឋាភិបាលចម្រុះ គឺ១.សេចក្តីសម្រេចចុងក្រោយនៃសន្និសីទសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា។ ២.កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា។ ៣. កិច្ចព្រមព្រៀងស្តីពីការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និង៤. សេចក្តីថ្លែងការណ៍ស្តីពីការកសាងប្រទេសកម្ពុជាឡើងវិញ និងការជួយជ្រោមជ្រែងផ្នែកសេដ្ឋកិច្ច។
នៅក្នុងការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ (UNTAC) កិច្ចព្រមព្រៀងនេះ បានបង្កើតអន្តរាយការណ៍អង្គការសហប្រជាជាតិ ដើម្បីតាមដានការដកទ័ពបរទេស ការឈប់បាញ់ ការប្រមូលអាវុធ និងការរៀបចំការបោះឆ្នោតនៅឆ្នាំ ១៩៩៣។ ជំពូកទី៣ នៃកិច្ចព្រមព្រៀងនេះ បានចែងយ៉ាងច្បាស់អំពីការការពារសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាមូលដ្ឋានគ្រឹះសម្រាប់លទ្ធិប្រជាធិបតេយ្យ។ គោលដៅ គឺបញ្ឈប់ការបង្ហូរឈាម និងបង្កើតរដ្ឋាភិបាលចម្រុះ ដោយមានការចូលរួមពីគ្រប់ភាគីជម្លោះ ឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍ។ កិច្ចព្រមព្រៀងនេះ គឺជាមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ របស់កម្ពុជា និងជាការចាប់ផ្តើមសករាជថ្មីនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ការលើកឡើងរបស់អ្នកវិភាគ អំពីការប្រើយន្តការកិច្ចព្រមព្រៀងនេះ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាចំណុចក្តៅមួយនៅក្នុងបរិបទនៃការកើនឡើងភាពតានតឹងឡើងវិញនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍ប៉ះទង្គិចគ្នា នៅខែកក្កដា ឆ្នាំ២០២៥ ។ ផ្អែកលើស្ថានភាពបច្ចុប្បន្ន នេះគឺជាចំណុចសំខាន់ៗដែលអ្នកវិភាគយល់ថាជាមូលហេតុដែលកម្ពុជា គួរប្រើប្រាស់យន្តការនេះ ដែលកិច្ចព្រមព្រៀងនេះ មិនត្រឹមតែបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឯកសារអន្តរជាតិ ដែលធានាលើគោលការណ៍អធិបតេយ្យភាព បូរណភាពទឹកដី និងភាពមិនអាចរំលោភបាននៃព្រំដែនកម្ពុជា ដោយមានហត្ថលេខីពីប្រទេសមហាអំណាច និងប្រទេសជិតខាង រួមទាំងថៃ ផងដែរ ខណៈដែលថៃ ត្រូវបានរាយការណ៍ថា បានប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួន ដែលខុសពីស្មារតីនៃអនុស្សរណៈយោគយល់គ្នា (MOU) ឆ្នាំ២០០០ ដែលជាមូលហេតុធ្វើឱ្យកម្ពុជា ប្រកាន់ជំហរការពារអធិបតេយ្យភាពខ្លួន។ ការយោងលើកិច្ចព្រមព្រៀងប៉ារីស អាចជាយន្តការទូត ដើម្បីតម្រូវឱ្យថៃ គោរពខ្សែបន្ទាត់ព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ ។ ម្យ៉ាងទៀត ខណៈថៃ ជាប្រទេសស្ថាបនិកអាស៊ាន សកម្មភាពជាក់ស្តែងនៅព្រំដែនបានដើរផ្ទុយពីគោលការណ៍គោរពអធិបតេយ្យភាព នាំឱ្យអ្នកវិភាគយល់ថា សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ (TAC) អាចមិនគ្រប់គ្រាន់ក្នុងការដោះស្រាយជម្លោះនេះទេ។ ការលើកយករឿងព្រំដែនទៅកាន់កិច្ចប្រជុំអង្គការសហប្រជាជាតិ ឬការកោះហៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងប៉ារីស អាចជាសម្ពាធការទូតដ៏ធ្ងន់ធ្ងរមួយទៅលើភាគីថៃ។
ស្របនឹងការលើកឡើងរបស់អ្នកវិភាគ សម្រាប់មជ្ឈដ្ឋានបញ្ញវន្ត អ្នកសិក្សា និងអ្នកច្បាប់ ព្រមទាំងអតីតបក្សប្រឆាំង ជឿជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ជាយុទ្ធសាស្ត្រតែមួយគត់ ដែលអាចការពារបូរណភាពទឹកដី និងបញ្ចប់កិច្ចព្រមព្រៀង និងសន្ធិសញ្ញាទាំងឡាយដែលធ្វើឱ្យបាត់បង់ទឹកដីខ្មែរ ព្រោះ ១. បង្កើតឯករាជ្យជាតិឱ្យខ្មែរបាន ដោយអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិ “អ៊ុនតាក់” រៀបចំត្រួតពិនិត្យ តាមដាន ស៊ើបអង្កេត និងបញ្ជាក់ជាលាយលក្ខណ៍អក្សរ ចំពោះការរំសាយកងកម្លាំងភាគីខ្មែរទាំងអស់ និងការដកកងកម្លាំង ទីប្រឹក្សា បុគ្គលិកយោធា និងជំនួយព័ស្ដុភារយោធាបរទេសគ្រប់ប្រភេទទាំងអស់។ ២. ប្រជាពលរដ្ឋ គឺជាម្ចាស់ជោគវាសនានយោបាយជាតិដើម្បីធានាដល់ការបង្កើត “របបប្រជាធិបតេយ្យសេរីពហុបក្ស” ដែលធ្វើឱ្យបរទេសមិនងាយដាក់ឥទ្ធិពលចំពោះមេដឹកនាំខ្មែរ ហើយមេដឹកនាំខ្មែរអាចប្រើប្រាស់ច្បាប់អន្តរជាតិនានា ក្នុងការទាមទារទឹកដីដែលបាត់បង់ដោយខុសច្បាប់ត្រឡប់មកវិញ។ ៣. រដ្ឋាភិបាលកម្ពុជា ត្រូវបញ្ចប់នៅសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលប៉ះពាល់ដល់បូរណភាពទឹកដី អធិបតេយ្យភាព~ឯករាជ្យ ភាពមិនអាចរំលោភបាននូវដែនដីអព្យាក្រឹត និងឯកភាពជាតិកម្ពុជា ដូចមានចែងក្នុងមាត្រាទី១ ចំណុចទី ២ ឃ។ ៤. កម្ពុជា និងបណ្ដាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ អាចប្រើប្រាស់ធម្មនុញ្ញសហប្រជាជាតិ មាត្រា៣៣ និងសហប្រធាននៃសន្និសីទប៉ារីស ស្ដីពីកម្ពុជា បើមានការរំលោភដល់បូរណភាព អធិបតេយ្យ ឯករាជ្យភាព មិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា។ ៥. កម្ពុជាត្រូវប្រើប្រាស់ច្បាប់អន្តរជាតិដទៃទៀត ពេលទាក់ទិនដល់បូរណភាព អធិបតេយ្យ ឯករាជ្យ ភាពមិនអាចរំលោភបាននូវដែនដីអព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជាដូចមានចែងនៅក្នុងទំព័រ២៧០។
ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានអះអាងថា កិច្ចព្រមព្រៀងនេះ បានចប់សព្វគ្រប់ហើយ ចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ មកម្ល៉េះ ដោយចាត់ទុកថា វាលែងមានសុពលភាពជាយន្តការផ្ទាល់សម្រាប់ការគ្រប់គ្រងប្រទេសបច្ចុប្បន្ន។ ដូច្នេះមជ្ឈដ្ឋានតាមដាន យល់ថា យន្តការនេះ អាចជាជម្រើសចុងក្រោយ ខណៈដែលកម្ពុជា តែងតែផ្តល់អាទិភាពលើការដោះស្រាយតាមរយៈកិច្ចចរចាទ្វេភាគី និងសន្តិវិធី ៕