ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន រេចង្កូតទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្តាលឱ្យបាក់រលំ ដេកដល់ដី រួចបន្តទៅបុកគល់ឈើ និងធុងសំរាម បន្ថែមទៀត ចំណែករថយន្ត ខូចខាតចំហៀងខាងឆ្វេង យ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខព្រលានយន្តហោះចាស់ ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត ១គ្រឿង ម៉ាក Forthing ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-8884 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ បណ្តាលឱ្យបាក់រលំដេកដល់ដី រួចបន្តទៅបុកគល់ឈើ និងធុងសំរាម បន្ថែមទៀត ចំណែកឯរថយន្ត ខូចខាតចំហៀងខាងឆ្វេង យ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែង យករថយន្ត ទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕