ភ្នំពេញ ៖ តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានភរិយា អ្នកស្រីឡុង ស្រីមុំ លើកនេះខេក និងផ្កា ១បាច់ ជូនលោក នៅថ្ងៃខួបកំណើត គម្រប់៥១ឆ្នាំ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ អំឡុងលោកសុវត្ថិ ច្រៀងនៅ The Water Pub ពោលគឺធ្វើមុនថ្ងៃខួបពិត ដែលលោកតែងតែប្រារព្ធនៅថ្ងៃទី២៥ ខែឧសភា ។ ដៃកាន់ផ្កា ១បាច់ និងនំខេក លោកសុវត្ថិ រាំគ្រលែងចង្កេះ នៅលើឆាក នៅចំពោះមុខប្រពន្ធ ព្រោះរំភើបចិត្ត ខណៈដែលភ្ញៀវទៅទស្សនាផ្ទាល់ ការច្រៀងសម្ដែងរបស់លោកសុវត្ថិ ជុំវិញឆាក បានស្រែក «Happy Birthday To You»។

ព្រាប សុវត្ថិ ថ្លែងសារទៅកាន់ប្រពន្ធដែលធ្វើខួបកំណើតឲ្យលោក នៅលើឆាកថា «អរគុណអូន!» ។

ម្ដាយក្មេកលោកព្រាប សុវត្ថិ លោកស្រី គង់ បុប្ផា បានបង្ហោះសារជូនពរកូនប្រសា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ថា «រីករាយថ្ងៃខួបកំណើត ម៉ាក់សូមជូនពរឲ្យកូនមានសុខភាពល្អ សុភមង្គលគ្មានទីបញ្ចប់ សំណាងល្អ និងអាយុវែង សូមឲ្យថ្ងៃថ្មី នាំមកនូវជោគជ័យ សេចក្ដីសុខសាន្ដ និងអនុស្សាវរីយ៍ជាច្រើន»។

ក្នុងវ័យ ៥១ឆ្នាំ ព្រាប សុវត្ថិ ត្រូវបានអ្នកគាំទ្រថា លោកនៅតែរក្សាបានរូបរាងសង្ហា និងក្មេងជាងវ័យ និងខ្លះថា លោកមិនព្រមចាស់ទៀតផង ។ ប៉ុន្ដែខ្លះទៀត បែរជាលើកឡើងថា លោកសុវត្ថិ ចូលដល់វ័យជ្រេបន្ដិចនេះ សំឡេងលោកមានការប្រែប្រួល ពិសេសការច្រៀងផ្ទាល់បទ «ប្រុសណាមិនយំ?» សំឡេងមិនខ្លាំងដូចមុន។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នៅថ្ងៃពិសេសរបស់ខ្លួន ព្រាប សុវត្ថិ បានច្រៀងបទល្បីៗរបស់លោក នៅហង្សមាស កាលពីជាង ២០ឆ្នាំមុន ឡើងវិញ ដូចជាបទ «មិនគួរឃ្លាតអូនយូរម៉្លេះ», «ថ្នម» និងបទ «គូស្នេហ៍ គូចម្រៀង» ជាដើម ។ Fan ខ្លះថា លោកព្រាប សុវត្ថិ ច្រៀងនៅតែខ្លាំង ប៉ុន្ដែមតិខ្លះថា លោកអាយុ៥១ឆ្នាំ ច្រៀងផ្ទាល់ លែងសូវខ្លាំងដូចកាលនៅហង្សមាស ទៀតហើយ ។

លោក ឯល ប៊ុនណា ជាកវីនិងតន្រ្ដីករជើងចាស់ ជំនាន់លោកស៊ីន ស៊ីសាមុត ដែលចេះនិពន្ធបទភ្លេង ទំនុកច្រៀង និងសម្រួលតន្ត្រី ជូនលោកស៊ីសាមុត បានប្រាប់ «នគរធំ » នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ថា តាមការសង្កេតរបស់លោក តារាចម្រៀង ព្រាប សុវត្ថិ នៅតែច្រៀងល្អ សំឡេងមានថាមពលចេញពីក្នុងខ្លួន សំឡេងនៅធម្មតា អត់ធ្លាក់ចុះទេ ។ លោកថាការច្រៀងសំឡេងនៅតែល្អ គឺដោយសារតែបុគ្គលនោះមានសុខភាពល្អ ចេះថែរក្សាសុខភាពដែរ ដែលនេះជាចំណុចសំខាន់មួយដែរ របស់តារាចម្រៀង ។ ចំពោះលោកព្រាប សុវត្ថិ លោកថាសំឡេងនៅមិនទាន់អីទេ ហើយវ័យត្រឹមប៉ុណ្ណឹង សំឡេងអត់បញ្ហា ឲ្យតែថែសុខភាពឲ្យល្អ ប៉ុន្ដែបើអាយុលើសពីនេះទៅ ក៏មានការប្រែប្រួលដែរហើយ ។ យ៉ាងណា លោកប៊ុនណា ថារយៈពេលចុងក្រោយនេះ លោកមិនសូវឃើញលោកព្រាប សុវត្ថិ ច្រៀងបទថ្មីៗទេ ។

ព្រាប សុវត្ថិ មិនដែលធ្វើខួបកំណើត រៀបចំពិធីជប់លៀងទ្រង់ទ្រាយធំ ហៅតារារាប់រយនាក់ ឲ្យចូលរួមទេ គឺសឹងជារៀងរាល់ឆ្នាំ លោកត្រូវបានភរិយា និងកូនៗ Surprise ខួបកំណើតលោក នៅភោជនីយដ្ឋានរបស់លោក និងមានពេលខ្លះ ប្រពន្ធជូននំខេកលោក នៅក្រោមដើមត្នោត និងវាលស្រែ ជាដើម។ ប៉ុន្ដែឆ្នាំនេះ ខួប កំណើតលោក ធ្វើនៅឆាកតន្រ្ដីវិញម្ដង។ ក្នុងអាយ ៥១ឆ្នាំ លោកសុវត្ថិ គ្មានដំណឹងត្រៀមយកកូនថែមទេ ហើយលោកតែងតែហៅកូនប្រុសទី៣ លោកសិរីវុឌ្ឍ ថាកូនពៅ បើទោះជាអ្នកស្និទ្ធលោក ធ្លាប់ជំរុញឲ្យឧកញ៉ារូបនេះ តាមយកកូនស្រី ក៏ដោយ ។

គួរបញ្ជាក់ថា លោកព្រាប សុវត្ថិ បានចាប់ដៃជាមួយលោកស្រី ឡុង ស្រីមុំ រយៈពេល២៩ឆ្នាំ (១៩៩៧-២០២៦) ដោយទទួលបានចំណងដៃកូនប្រុស ៣នាក់ គឺសុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ (N.John) និងសុវត្ថិ សិរីវុឌ្ឍ ។ ព្រាប សុវត្ថិ បានច្រៀងឲ្យហង្សមាស រយៈពេល ២៣ឆ្នាំ (១៩៩៧-២០២៦) និងពេលនេះច្រៀងឲ្យ Galaxy នៅឆ្នាំទី៦ (២០២០-២០២៦) ក្រោយលោកទទួលបានគោរមងារជាឧកញ៉ា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ។ តារាកូន៣ រូបនេះ ត្រូវបានគេផ្ដល់រហស្សនាមថា ជាសេដ្ឋីក្នុងសិល្បៈ ព្រោះកាលពីខែកញ្ញា ឆ្នាំ២០២០ មនុស្សជំនិតរបស់ឧកញ៉ារូបនេះ ទម្លាយថា លោកមានទ្រព្យសរុប ប្រមាណ ៣០លានដុល្លារ ។ ប៉ុន្ដែរយៈពេលជាង៥ឆ្នាំ ចុងក្រោយនេះ គ្មានព័ត៌មានថា លោកសុវត្ថិ កើនទ្រព្យដល់ប៉ុន្មានហើយទេ ខណៈសព្វថ្ងៃ លោកជិះរថយន្ដទំនើបៗ មិនចាញ់តារាល្បីៗរបស់បរទេស ដូចជាឡានម៉ាក Rolls Royce, Escalade និង BMW ជាដើម ៕

