
ភ្នំពេញ ៖ ស្របពេលដែលគណបក្សនយោបាយក្រៅរដ្ឋាភិបាល និងគណបក្សប្រឆាំង យល់ថា ការដោះលែងលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ជានយោបាយផ្សះផ្សា បង្រួបបង្រួមជាតិ ដែលពួកគេចង់ឃើញជាយូរមកហើយនោះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងអនុប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានបញ្ជាក់ច្បាស់ថា ការលើកលែងទោសលោក កឹម សុខា គឺជាជំហានមួយបន្ថែម ពង្រឹងសាមគ្គីឯកភាពជាតិ ។
គួរបញ្ជាក់ថា សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានចេញព្រះរាជក្រឹត្យលើកលែងទោសលោក កឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ២៧ឆ្នាំ ប៉ុន្តែការលើកលែងទោសនេះ អនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយ។

ព្រះរាជក្រឹត្យ នស/រកត/០៥២៦/៥៨ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ត្រាស់បង្គាប់ លើកលែងទោសឱ្យទណ្ឌិត ឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI “អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។ ការលើកលែងទោសនេះ អនុវត្តចំពោះតែទោសដាក់ពន្ធនាគារ ដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយ។
ក្នុងនាមជានាយករដ្ឋមន្ត្រី ដែលត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ សម្ដេច ហ៊ុន ម៉ាណែត បានបង្ហោះព្រះរាជក្រឹត្យ ដែលចុះហត្ថលេខាដោយសម្តេចហ៊ុន សែន ប្រមុខរដ្ឋស្ដីទី (ក្នុងព្រះបរមនាម និងតាមព្រះរាជបង្គាប់) នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ភ្ជាប់ជាមួយសំណេរថា “ជំហានមួយបន្ថែម ក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ…” ។

ជុំវិញសារខ្លី របស់នាយករដ្ឋមន្រ្តី ខាងលើនេះ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ថា នេះគឺជារូបភាពមួយ ឆ្ពោះទៅរកឯកភាពផ្ទៃក្នុងជាតិ គឺស្មារតីបង្រួបង្រួម ផ្សះផ្សា បង្ហាញនូវសាមគ្គីឯកភាពជាតិផ្ទៃក្នុងខ្មែរ ដើម្បីពង្រឹងនូវស្ថិរភាពនយោបាយ ទប់ទល់ជាមួយនឹងសត្រូវបរទេសឈ្លានពាន ។ ដូច្នេះតាមរយៈទិដ្ឋភាពនេះដែរ លោកក៏ចង់ឃើញមានការសន្ដោសប្រណី អភ័យទានពីថ្នាក់ដឹកនាំ ក្នុងការដោះលែងអ្នកនយោបាយ សកម្មជនសិទ្ធិមនុស្សផ្សេងទៀត ក្រៅពីបានដោះលែងលោក កឹម សុខា នៅពេលនេះ ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា នេះគឺជារូបភាពមួយ ឆ្ពោះទៅរកការឯកភាពផ្ទៃក្នុងជាតិ គឺស្មារតីបង្រួបង្រួម ផ្សះផ្សា ឯកភាពជាតិ ។ អ៊ីចឹងក្នុងប្រទេសជាតិមួយ កាលយើងដើរនៅក្នុងគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស សេរីភាពពេញលេញនៅក្នុងការធ្វើនយោបាយ ។ អ៊ីចឹងហើយ យើងឃើញថា រាល់អ្នកនយោបាយដែលគាត់ជាប់នៅក្នុងការដែលត្រូវបានបក្សកាន់អំណាចគ្រប់គ្រងប្រទេស ហើយបិទនូវសិទ្ធិសេរីភាព គំរាមកំហែង ព្រោះហេតុផលនយោបាយ បង្កើតនូវបទឧក្រិដ្ឋ ចោទប្រកាន់ ហើយចាប់អ្នកនយោបាយដាក់គុក ដូចជាករណីលោកកឹម សុខា ដែលជាអតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានចោទប្រកាន់ពីបទគប់គិតជាមួយរដ្ឋបរទេស ចោទសហរដ្ឋអាមេរិកអីៗអ៊ីចឹងទៅ បង្កើតជាបទចោទក្បត់ជាតិ ហើយកាត់ទោសឲ្យគាត់ជាប់គុក ទៅដល់ ២៧ឆ្នាំ ប៉ុន្តែនៅទីបញ្ចប់ គឺថាមានការលើកលែងទោសពីព្រះមហាក្សត្រ តាមរយៈប្រមុខរដ្ឋស្ដីទី ក្រោយពីការស្នើពីនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន ម៉ាណែត ។ អ៊ីចឹងយើងឃើញថា ទោះបីយ៉ាងណា សេរីភាពដែលចេញ មិនមានអ្វីជាកំហុសបទឧក្រិដ្ឋដោយហេតុផលនយោបាយ ត្រូវបានដោះលែង យើងសាទរទៅនឹងការដោះលែងរបស់អ្នកនយោបាយ អតីតថ្នាក់ដឹកនាំកំពូល របស់បក្សក្រៅរដ្ឋាភិបាល ដ៏លេចធ្លោមួយ ប្រដមប្រសងគ្នា កាលពីការបោះឆ្នោតឆ្នាំ២០១៣ គឺថា យើងមានអាសនៈប្រដមប្រសងគ្នា ។ អ៊ីចឹងហើយ គឺថាយើងធ្វើនយោបាយ ដើម្បីផលប្រយោជន៍ជាតិ ដើម្បីការផ្សះផ្សារបួសស្នាមបែកបាក់ផ្ទៃកក្នុងខ្មែរ ធ្វើឲ្យយើងរាំងស្ទះនៅក្នុងការអភិវឌ្ឍន៍ និងការជួយកសាងប្រទេសជាតិ មិនថាសេដ្ឋកិច្ច មិនថាស្ថិរភាព មិនថានយោបាយការបរទេស សន្តិសុខ ភូមិសាស្រ្តនយោបាយអីជាដើម វាស្របពេលដែលយើងមានសង្រ្គាមរាំងជល ២លើក កាលពីខែកក្កដា ខែធ្នូ ឆ្នាំ២០២៥ ឈ្លានពានដោយកងទ័ពសៀម រំលោភបំពានមកលើទឹកដីខ្មែរយើង នៅក្នុងបណ្ដោយព្រំដែនខាងលិច ពីខេត្តកោះកុង ទៅដល់ខេត្តព្រះវិហារ ជាង៨០០គីឡូម៉ែត្រ គឺថាយើងបាត់បង់ទឹកដី ជាច្រើនចំណុច ដែលរដ្ឋាភិបាល អះអាងមកហ្នឹង ។ អ៊ីចឹងហើយ និយាយរួម គឺថាជាការល្អ បង្ហាញនូវការសាមគ្គី ឯកភាពជាតិផ្ទៃក្នុងខ្មែរ ដើម្បីទប់ទល់ ពង្រឹងនូវស្ថិរភាពនយោបាយ កសាងសេដ្ឋកិច្ច រវាងអ្នកនយោបាយ ប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស គឺថាចាំបាច់ដែលត្រូវមានបក្សក្រៅរដ្ឋាភិបាល យើងហៅបក្សប្រឆាំង បក្សជំទាស់ហ្នឹង គឺថារួមដៃគ្នា យើងខុសតែគណបក្សនយោបាយ ទោះទស្សនៈផ្ទុយមែន តែយើងតម្កល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជារាស្រ្ត ហើយយើងអត់យកខ្មែរណាជាសត្រូវ យើងប្រកួតតែគោលនយោបាយ ៥ឆ្នាំម្ដង ពេលយើងប្រកួតនយោបាយអីហើយ គឺថាយើងតម្កល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជារាស្រ្ត តាមរយៈតុល្យភាពនៃអំណាច រវាងបក្សកាន់អំណាច និងបក្សប្រឆាំង បក្សក្រៅរដ្ឋាភិបាល បក្សជំទាស់ នៅក្នុងសភា នីតិប្បញ្ញតិ នីតិប្រតិបត្តិ ។ អ៊ីចឹងនិយាយជារួម ខ្ញុំថា វាជាការដែលយើងសាទររីករាយនូវការដោះលែងលោក កឹម សុខា ដែលយើងមើលថា ហេតុនយោបាយ ហើយផ្សារភ្ជាប់ទៅនឹងអារឿងព្រហ្មទណ្ឌ ក្បត់ជាតិអី ខ្ញុំថានេះជាការសម្បទានឲ្យគ្នា ការយោគយល់ខ្មែរឯកភាពជាតិ“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ជារឿយៗ ទាំងសេចក្ដីថ្លែងការណ៍របស់គណបក្សជំនាន់ថ្មី ទាំងខ្លួនខ្ញុំផ្ទាល់ ដែលជាប្រធានគណបក្ស ខ្ញុំតែងតែប្រកាន់ខ្ជាប់នូវស្មារតីផ្សះផ្សា បង្រួបបង្រួមជាតិ តាមរយៈការអភ័យទាន សន្ដោសប្រណីឲ្យគ្នា រវាងអ្នកនយោបាយនិងអ្នកនយោបាយ ព្រោះប្រទេសជាតិខ្លាំង ប្រទេសប្រជាធិបតេយ្យ ត្រូវមានបក្សកាន់អំណាច ត្រូវមានបក្សជំទាស់នៅក្នុងរដ្ឋសភា នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ តុល្យភាពនៃអំណាច ធ្វើការជាមួយគ្នា ទៅតាមអ្វីជាការគោរពនីតិរដ្ឋ ដើម្បីការរីកចម្រើននៃជាតិ អនុវត្តនីតិរដ្ឋ ឲ្យពលរដ្ឋយល់ដឹងពីបែបបទនៃសិទ្ធិសេរីភាព ការរស់នៅរបស់ពួកគាត់ ក្នុងកត្តាជីវភាពមួយមិនជួបការលំបាក មិនមានការគំរាមកំហែង មិនមានការបំភិតបំភ័យ ហើយគាត់សកម្មជួយកសាងសង្គមជាតិ ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ ។ អ៊ីចឹងខ្ញុំសង្ឃឹម ហើយជំរុញហើយជំរុញទៀត ចង់ឃើញអ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជន២៣តុលា នឹងឲ្យមានការដោះលែង អត់ឱន អភ័យទានពីថ្នាក់ដឹកនាំ នៃគុណធម៌នយោបាយ ផ្សារភ្ជាប់ទៅនឹងហេតុផលនយោបាយ ហើយបង្ហាញអំពីការឯកភាពផ្ទៃក្នុង ផ្សះផ្សារបួសស្នាមបែកបាក់ ហើយយើងធ្វើការនៅក្នុងសង្គមប្រជាធិបតេយ្យមួយ ដែលជាដៃគូនៃបក្សនយោបាយប្រកួតប្រជែង ដែលជាកញ្ចក់ឆ្លុះបញ្ចាំងនៃអង្គការសង្គមស៊ីវិល ទៅនឹងសកម្មភាពរបស់ពលរដ្ឋម្ចាស់ឆ្នោត ម្ចាស់ប្រទេស ។ ទាំងអស់ហ្នឹងហើយជាសំណុំនៃភាពខ្លាំងនៃការគោរពនីតិរដ្ឋ ដែលមិនមានអស្ថិរភាពនយោបាយ មានសន្តិសុខ សណ្ដាប់ធ្នាប់ ហើយមានបែបបទ ការគោរពវិន័យ គោរពគោលការណ៍ប្រជាធិបតេយ្យ អនុវត្តនូវកត្តាសិទ្ធិមនុស្ស ធានាការពារដោយរដ្ឋធម្មនុញ្ញ ។ អ៊ីចឹងខ្ញុំអំពាវនាវហើយអំពាវនាវទៀតថា ចង់ឃើញអ្នកនយោបាយ សកម្មជនបរិស្ថាន សកម្មជនដីធ្លី សកម្មជន២៣តុលា មានការដោះលែង អត់ឱន អធ្យាស្រ័យ នៅក្នុងមាគ៌ាមួយ គឺការឆ្ពោះទៅរកការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ឯកភាពជាតិ ដើម្បីយើងបង្ហាញនូវភាពរឹងមាំ មិនយកខ្មែរណាជាសត្រូវ ហើយទប់ទល់ជាមួយនឹងសត្រូវបរទេសឈ្លានពាន ដូចជាប្រទេសថៃ គេកំពុងមើលងាយមើលថោកយើង ហើយគេកំពុងតែរំលោភបំពានអធិបតេយ្យ បូរណភាពទឹកដីរបស់កម្ពុជា ។ អ៊ីចឹងបើយើងបែកបាក់ គឺថាយើងនឹងរលត់រលាយ យើងនឹងទន់ខ្សោយ បើយើងសាមគ្គី យើងមានភាពរឹងមាំ បរទេសមិនអាចមើលងាយបាន វាអត់មានការរាំងស្ទះនូវកម្លាំងអភិវឌ្ឍន៍កសាងសេដ្ឋកិច្ច និងបង្កើននូវទំនើបកម្មយោធា ការពារសន្តិសុខជាតិ ហើយយើងឯកភាពជាតិគ្នា មានមូលបទគោរពនីតិរដ្ឋ ខ្ញុំថាប្រទេសកម្ពុជា នឹងរុងរឿង មានវិបុលភាព នឹងសុខដុមរមនាសម្រាប់ជាតិ និងសម្រាប់ប្រជាពលរដ្ឋ“ ។
គួរកត់សម្គាល់ថា បន្ទាប់ពីបានឃើញព្រះរាជក្រឹត្យលើកលែងទោសលោក កឹម សុខា អតីតមេបក្សប្រឆាំង មានគណបក្សនយោបាយជាច្រើន ទាំងគណបក្សនយោបាយក្រៅរដ្ឋាភិបាល និងគណបក្សសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញនូវការសាទរ និងចាត់ទុកជាជំហានឆ្ពោះទៅរកសាមគ្គីភាពរវាងបក្សកាន់អំណាច និងបក្សប្រឆាំង ។
ក្នុងនោះ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ចុះថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បញ្ជាក់ថា ការសម្រេចផ្ដល់ការលើកលែងទោសដល់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានបញ្ចប់ការដាក់ឃុំក្នុងផ្ទះ និងការរឹតត្បិតសិទ្ធិសេរីភាព រយៈពេលជាច្រើនឆ្នាំកន្លងមក គឺជាការវិវត្តមួយ ដែលប្រជាពលរដ្ឋខ្មែរ តែងតែប្រាថ្នាចង់ឃើញការបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយ និងការផ្សះផ្សាជាតិពិតប្រាកដ។
ទោះជាយ៉ាងណា គណបក្សទាំងពីរ នៅតែមានក្តីព្រួយបារម្ភ ដែលលោក កឹម សុខា នៅតែត្រូវបានដកហូតសិទ្ធិនយោបាយ និងមិនអាចចូលរួមក្នុងសកម្មភាពនយោបាយបាន ដូចប្រជាពលរដ្ឋខ្មែរទូទៅ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះគណបក្សទាំងពីរ សង្ឃឹមថា ការលើកលែងទោសនេះ នឹងក្លាយជាចំណុចចាប់ផ្ដើមថ្មីមួយ សម្រាប់ការបើកលំហប្រជាធិបតេយ្យ ការស្ដារឡើងវិញនូវសិទ្ធិសេរីភាពនយោបាយ ការគោរពពហុនិយម និងការផ្សះផ្សាជាតិដោយសន្តិវិធី។
គណបក្សភ្លើងទៀន និងគណបក្ស ឆន្ទៈខ្មែរ សូមអំពាវនាវដល់រាជរដ្ឋាភិបាលពិចារណាបន្ថែមទៀត ក្នុងការស្នើឲ្យមានការលើកលែងទោស និងទម្លាក់ចោលនូវបទចោទប្រកាន់នានា ចំពោះមេដឹកនាំនិងសកម្មជននយោបាយ សកម្មជនដីធ្លី សកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្ស ដើម្បីធានាបាននូវភាពសុខដុមរមនារវាងខ្មែរនិងខ្មែរ ។

នៅក្នុងសេចក្តីថ្លែងការណ៍ របស់គណបក្សជំនាន់ថ្មី ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បញ្ជាក់ថា នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់ទិសទី និងដែលកម្ពុជា កំពុងប្រឈមនឹងការឈ្លានពាន ឡោមព័ទ្ធយកទឹកដីស្រែចម្ការ ផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ នៅតាមព្រំដែនខ្មែរ-សៀម ពីសំណាក់ចោរសៀម ហើយក៏ជាពេលវេលាទន្ទឹងរង់ចាំដោយអន្ទះសា ប្រាថ្នាចង់ឃើញនូវយុត្តិធម៌ សាមគ្គីភាព និងការបង្រួបបង្រួមជាតិ ។
គណបក្សជំនាន់ថ្មី សូមសម្តែងនូវការកោតសរសើរនិងគោរពកោតក្រែងជាទីបំផុត ចំពោះវីរភាព ភាពអត់ធ្មត់ និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់លោក កឹម សុខា ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា សន្តិវិធី និងមនសិការស្នេហាជាតិ នៅគ្រប់កាលៈទេសៈទាំងអស់ ។ គណបក្ស ជឿជាក់យ៉ាងមុតមាំថា ស្មារតីនៃការទទួលបានសេរីភាពនេះ នឹងក្លាយជាកាតាលីករ និងជាជំហានវិជ្ជមានមួយដ៏សំខាន់ ក្នុងការជំរុញបរិយាកាសនយោបាយ ឯកភាពជាតិ និងការអភិវឌ្ឍប្រជាធិបតេយ្យនៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនទៅមុខ ។

នៅក្នុងសេចក្ដីថ្លែងការណ៍ របស់គណបក្សប្រជាធិបតេយ្យជឿនលឿន ចុះថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បញ្ជាក់ថា ករណីនេះ នឹងអាចនាំមកនូវការរួបរួមជាតិ ឯកភាពជាតិ សាមគ្គីជាតិ រវាងខ្មែរនិងខ្មែរ ដើម្បីដោះស្រាយបញ្ហាជាតិជាបន្ទាន់ ដែលក្នុងបរិបទបច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើងកំពុងប្រឈមមុខនឹងបញ្ហាសំខាន់ៗជាច្រើន ដូចជាបញ្ហាឈ្លានពានរបស់បរទេស បញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញ និងបញ្ហាជីវភាពប្រជាពលរដ្ឋ ជាដើម។
គណបក្សប្រជាធិបតេយ្យជឿនលឿន សូមអំពាវនាវដល់រាជរដ្ឋាភិបាល ឱ្យមានការលើកលែងការចោទប្រកាន់សកម្មជននយោបាយ សង្គម និងសកម្មជនបរិស្ថានផ្សេងទៀត ព្រមទាំងធានាឱ្យមានការអនុវត្តច្បាប់ដោយយុត្តិធម៌ តម្លាភាព ស្អាតស្អំ មិនលម្អៀង ព្រមទាំងបើកលម្ពនយោបាយ សិទ្ធិសេរីភាពឱ្យបានទូលំទូលាយ និងសូមឱ្យមានវប្បធម៌សន្ទនារវាងខ្មែរនិងខ្មែរ ដោយមានការរួមចំណែកពីគ្រប់ភាគី ដើម្បីដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច នយោបាយ ជាពិសេសការការពារទឹកដីជាតិមាតុភូមិ កេរ្តិ៍ឈ្មោះជាតិសាសន៍យើង ដើម្បីអនាគតរបស់កូនខ្មែរ និងជាតិមាតុភូមិ ។

លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង នៃអតីតគណបក្សសង្រ្គោះជាតិ បច្ចុប្បន្នជាប្រធានគណបក្សខ្មែរអភិរក្ស និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ព្រមទាំងជាសម្ព័ន្ធភាពគណបក្សកាន់អំណាច បានបញ្ជាក់តាមរយៈទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ថា ជាទស្សនវិភាគ ការដោះលែងលោក កឹម សុខា ជាយុទ្ធសាស្ត្របង្រួបបង្រួមជាតិ និងការបន្ធូរសម្ពាធភូមិសាស្ត្រនយោបាយ ដូចខាងក្រោម ៖
១. ឫសគល់នៃបញ្ហា (The Root Cause) រួមមាន ៖
-ផលប្រយោជន៍នយោបាយផ្ទៃក្នុង ៖ នៅក្នុងល្បែងនយោបាយ ការរក្សាទុក ឬការដោះលែងតួអង្គនយោបាយណាមួយ គឺផ្អែកលើ «ពេលវេលានិងផលប្រយោជន៍ជាតិ» ទាំងស្រុង។ ការរក្សាចំណាត់ការច្បាប់កន្លងមក គឺដើម្បីធានាស្ថិរភាព និងការពារកុំឱ្យមានចលនាបដិវត្តន៍ពណ៌ដែលនាំឱ្យបែកបាក់សង្គមជាតិ។
-ឫសគល់នៃយុទ្ធសាស្ត្រថ្មី ៖ នៅពេលដែលរចនាសម្ព័ន្ធអំណាចផ្ទៃក្នុងរបស់រដ្ឋាភិបាល មានភាពរឹងមាំខ្លាំងក្លាហើយ (ជាពិសេសក្រោយការផ្ទេរអំណាចដោយជោគជ័យទៅកាន់យុវជនជំនាន់ក្រោយ) តួអង្គប្រឆាំង លែងជា «ការគំរាមកំហែងដល់សន្តិភាព» ទៀតហើយ។ ដូច្នេះការផ្លាស់ប្តូរយុទ្ធសាស្ត្រពីការរឹតបន្តឹង មកជាការបើកផ្លូវសម្រុះសម្រួល គឺធ្វើឡើងដើម្បីបម្រើឱ្យផលប្រយោជន៍ជាតិធំជាងមុន គឺ «ភាពសុខដុមរមនានៃធ្លុងសាមគ្គីជាតិ»។
២. ឥទ្ធិពលមកលើកម្ពុជា (The Impact) រួមមាន ៖
-ផលចំណេញខាងក្នុង (Internal Benefit) ៖ ការដោះលែង ឬបន្ធូរបន្ថយទោស ក្នុងន័យបង្រួបបង្រួមជាតិ នឹងជួយ «រំលាយភាពតានតឹងផ្នែកចិត្តសាស្ត្រ» ក្នុងចំណោមប្រជាពលរដ្ឋដែលធ្លាប់មាននិន្នាការនយោបាយខុសគ្នា។ វានឹងជួយកាត់បន្ថយការបែកបាក់ បិទបញ្ចប់វប្បធម៌ជំរុញគំនុំ និងបង្ហាញពីទសពិធរាជធម៌ ក៏ដូចជាមេត្តាធម៌ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូល។
-ផលចំណេញខាងក្រៅ (External Benefit) ៖ ព្រឹត្តិការណ៍នេះ នឹងក្លាយជា «អាវុធការទូតដ៏មានឥទ្ធិពល» ក្នុងការបន្សាបរាល់ការរិះគន់ និងការចោទប្រកាន់ពីសំណាក់បណ្តាប្រទេសលោកខាងលិច (អាមេរិក និងអឺរ៉ុប)។ វានឹងជួយកែលម្អរូបភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា នៅលើឆាកអន្តរជាតិ បើកផ្លូវឱ្យមានការបង្កើនទំហំពាណិជ្ជកម្ម និងទាក់ទាញវិនិយោគទុនបរទេស កាន់តែខ្លាំង។
៣. ដំណោះស្រាយយុទ្ធសាស្ត្រ (The Strategic Solution) រួមមាន ៖
-យុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» ជំនាន់ថ្មី ៖ នេះគឺជាការបន្តអនុវត្តទស្សនវិជ្ជា «យកសន្តិភាពប្តូរការចងគំនុំ»។ រដ្ឋាភិបាលកម្ពុជា អាចប្រើប្រាស់ព្រឹត្តិការណ៍នេះ ជាសារបង្ហាញទៅពិភពលោកថា «ខ្មែរអាចដោះស្រាយបញ្ហាខ្មែរគ្នាឯងបាន ដោយសន្តិវិធី» ដោយមិនបាច់មានការបង្គាប់បញ្ជាឬជ្រៀតជ្រែកពីបរទេសឡើយ។
-ពង្រឹងឯកភាពជាតិ ៖ ដំណោះស្រាយដ៏វៃឆ្លាត គឺការប្រែក្លាយអតីតគូប្រជែង ឱ្យទៅជា «ដៃគូស្ថាបនា» ឬយ៉ាងហោចណាស់ ក៏ធ្វើឱ្យពួកគេលែងជាឧបករណ៍បំផ្លាញជាតិរបស់បរទេស។ ការធ្វើបែបនេះ គឺដើម្បីធានាថា គ្រប់ភាគីនយោបាយទាំងអស់ ត្រូវតែតម្កល់ «ផលប្រយោជន៍ជាតិ និងព្រះរាជាណាចក្រកម្ពុជា» ជាធំ ដូចទស្សនៈ «ជាតិរស់ បក្សរស់» ។
តាមរយៈការវិភាគខាងលើ លោក រៀល ខេមរិន្ទ្រ បានសន្និដ្ឋានថា ការដោះលែង លោក កឹម សុខា ក្នុងបរិបទនេះ មិនមែនជាការទន់ជ្រាយខាងនយោបាយនោះទេ ប៉ុន្តែវាគឺជា «មហាយុទ្ធសាស្ត្រការទូត និងការបង្រួបបង្រួមជាតិកម្រិតខ្ពស់» របស់ប្រមុខថ្នាក់ដឹកនាំកំពូលកម្ពុជា ដើម្បីបិទផ្លូវជនអគតិ មិនឱ្យយកបញ្ហានេះធ្វើជាឈ្នាន់បំផ្លាញជាតិ និងដើម្បីប្រមូលកម្លាំងមហាសាមគ្គីខ្មែរតែមួយ ឆ្ពោះទៅរកសុខសន្តិភាពជូនជាតិ និងការអភិវឌ្ឍដ៏រឹងមាំអចិន្ត្រៃយ៍ សមដូចពាក្យថា “ ខ្មែររួបរួម ខ្មែរសាមគ្គី ខ្មែរខ្លាំង ខ្មែរឈ្នះ ខ្មែរអស្ចារ្យ” ។

ដោយឡែក លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានលើកឡើងថា ការលើកលែងទោសនេះ ជាការបន្ធូរបន្ថយនូវការរឹតត្បិតសេរីភាពរបស់លោក កឹម សុខា និងជាការលើកមុខមាត់រដ្ឋាភិបាល បានមួយចំណែកក៏ពិតមែន ប៉ុន្តែសិទ្ធិធ្វើនយោបាយ និងសិទ្ធិដើរហើររបស់លោក កឹម សុខា ជាពិសេសការចេញទៅទស្សនកិច្ច ឬការព្យាបាលជំងឺ នៅក្រៅប្រទេស ត្រូវបានហាមប្រាមដដែល ។ លោកអំពាវនាវថា ដើម្បីជាការផ្សះផ្សាស្មារតីជាតិ និង ជាការស្តារប្រក្រតីភាពប្រជាធិបតេយ្យពិតប្រាកដ មេដឹកនាំកម្ពុជា គប្បីទម្លាក់ចោលលក្ខខណ្ឌទាំងស្រុង ជូនលោក កឹម សុខា ឲ្យមានសេរីភាពពេញលេញ គឺជាការផ្តល់យុត្តិធម៌ដល់គាត់ ដល់ក្រុមគ្រួសារគាត់ និងដល់អ្នកគាំទ្រគាត់ ក្នុងនាមគាត់ជាអ្នកនយោបាយខ្មែរ។ ជាមួយគ្នានេះ លោកថា មេដឹកនាំរដ្ឋាភិបាលកម្ពុជា ក៏គួរតែដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ ឲ្យមានសេរីភាពឡើងវិញ ស្របតាមបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា សព្វថ្ងៃ ក្នុងបំណងផ្សះផ្សាស្មារតីឯកភាពជាតិ និងសាមគ្គីរឹងមាំ រវាងខ្មែរនិងខ្មែរ ៕ កុលបុត្រ