Wednesday, May 27, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែយ៉ែម ចិញ្ចឹមក្មេងស្រី៦នាក់ ទុកជួលឱ្យប្រុសរួមភេទ

ម៉ែយ៉ែម ចិញ្ចឹមក្មេងស្រី៦នាក់ ទុកជួលឱ្យប្រុសរួមភេទ

ភ្នំពេញ ៖ ស្រីស្អាតម្នាក់ ជាមេការហាងខារ៉ាអូខេ បានប្រមូលផ្តុំក្មេងស្រី ជាអនីតិជន ចំនួន៦នាក់ មកចិញ្ចឹម ទុកដើម្បីជួលឱ្យបុរសៗរួមភេទ លុះបែកការ ក៏ត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាប ដោយឃាត់ខ្លួនស្ត្រីជាម៉ែយ៉ែម និងនាំក្មេងស្រីៗ យកទៅសាកសួរ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០និង១៥ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចបន្ទប់ជួល មួយកន្លែង តាមបណ្តោយផ្លូវ 19MC ក្បែរតារាងបាល់ ខេមកូ មានជ័យ ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរទីតាំងខាងលើ បានឱ្យដឹងថា ទីតាំងខាងលើ តែងមានសកម្មភាពមនុស្សប្រុស ចេញចូល គួរឱ្យសង្ស័យជាយូរមកហើយ ខណៈដែលនៅក្នុងបន្ទប់ជួលនោះ ឃើញមានក្មេងស្រីស្អាតៗ ជាច្រើននាក់ ស្នាក់នៅក្នុងនោះ ដោយមានស្រីស្អាតម្នាក់ ដែលគេដឹងថា ជាមេការហាងខារ៉ាអូខេ មួយកន្លែង នៅម្តុំស្ទឹងមានជ័យ ជាអ្នកមើលការខុសត្រូវ (ចិញ្ចឹមក្មេងស្រីៗទាំងនោះ)។

ប្រភពដដែល បន្តថា ដោយសង្ស័យថា ស្រីស្អាតជាមេការខារ៉ាអូខេ រូបនោះ លួចលាក់ចិញ្ចឹម និងបង្ខាំងក្មេងស្រី ក្រោមអាយុ១៨ឆ្នាំ ទុកសម្រាប់ជួញដូរផ្លូវភេទ ទើបប្រជាពលរដ្ឋ សម្រេចរាយការណ៍ទៅសមត្ថកិច្ច រហូត សមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវ តាមដានមួយរយៈ ទើបឈានដល់ប្រតិបត្តិការបង្ក្រាបជាក់ស្តែងតែម្តង។ប្រភពខាងលើ បញ្ជាក់ថា លុះមកដល់ព្រឹកថ្ងៃកើតហេតុ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះមកឡោមព័ទ្ធទីតាំងបន្ទប់ជួលខាងលើ និងបានចូលត្រួតពិនិត្យ រកឃើញក្មេងស្រី អាយុក្រោម១៨ឆ្នាំ ចំនួន៦នាក់ និងស្ត្រីជាម៉ែយ៉ែម ម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួន នាំយកទៅសាកសួរ។

ស្ត្រីជាម៉ែយ៉ែម ខាងលើ រួមនិងក្មេងស្រី អាយុក្រោម១៨ឆ្នាំ ទាំង៦នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ ដឹកបញ្ជូនតាមរថយន្ត ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES