ភ្នំពេញ ៖ ខណៈដែលស្រីៗសម្បូរទ្រព្យខ្លះ ចង់ញ៉ែប្រុសវ័យក្មេង រូបសង្ហា ទាល់តែជះលុយ ទិញសម្ភារនិយម ដូចជា ទូរស័ព្ទដៃទំនើប រថយន្ដ និងខ្លះឈានទៅដល់ទិញផ្ទះ ឲ្យទៀតផងនោះ ស្រីសា្អត សឹម ស្រីនិច្ច ថ្មីៗនេះ បែរជាឆ្លើយថា No (ទេ) ចំពោះប្រុសក្មេងទៅវិញ ។ ចំពោះមូលហេតុដែលស្រីនិច្ច ហាមប្រុសក្មេងញ៉ែនាងនោះ ត្រូវបានស្រីស្រស់វាចាថា ដោយសារតែនាងអត់ពេលទៅក្លឹប ផឹកស៊ី និងមិនចូលចិត្តអ្នកពូកែប្រចណ្ឌ សួរដេញដោលច្រើន ដូចជាពាក្យថា ម៉េចមិនលើកទូរស័ព្ទ? នៅជាមួយអ្នកណា? ធ្វើការយូរម្ល៉េះ? ម៉េចមិនចេញដើរលេង? ជាដើម ដែលពាក្យពេចន៍ទាំងនេះ ឲ្យតែប៉ះប្រុសក្មេង ដឹងតែមិនអាចគេចផុតពីការសួរដេញដោលបាន ឡើយ ។

ស្រីនិច្ច ថាថ្ងៃខ្លះនាងត្រូវក្រោកពីគេង ម៉ោងជាង៤ព្រឹក ត្រូវធ្វើការ បើស្នេហាប្រុសក្មេង ដើរផឹកស៊ី ចូលក្លឹប ប្រាកដជាមិនអាចក្រោកបានទេ ហេតុនេះហើយ បានជានាងប្រកាសជូនដំណឹងទៅប្រុសក្មេងទាំងឡាយថា កុំតាមញ៉ែនាងអី អត់យោជន៍ ឬញ៉ែមិនបានឡើយ ។ ស្រីស្អាតរូបនេះថា សព្វថ្ងៃនេះ បេះដូងនាង រកតែពាក្យ «ពុទ្ធោ» ទេ ដែលសំដៅថាសឹងតែមិនអាចស៊ូតទៅទៀតបាន មានអារម្មណ៍ឬពេលវេលាឯណាទៅគិតគួររឿងស្នេហា?

សូមបញ្ជាក់ថា ក្រោយសឹម ស្រីនិច្ច តាំងចិត្តមិនភ្ជាប់ស្នេហាជាមួយប្រុសក្មេងបែបនេះ ប្រាកដជាធ្វើបុរសវ័យចំណាស់មួយចំនួន មានសង្ឃឹម ព្រោះចាត់ទុកថា ពួកគេអាចស្ថិតក្នុងជម្រើសស្នេហ៍របស់ស្រីនិច្ច ដោយសាតែប្រុសចាស់ មិនចូលចិត្តក្លឹប ឬផឹកដាច់យប់ ដូចប្រុសក្មេងៗទេ ហើយប្រុសចាស់ ថែមទាំងពូកែថ្នមទៀតផង ។ ប៉ុន្ដែពេលប្រុសចាស់ទាំងនោះ ឆាត ខម្មិនញ៉ែនាង លទ្ធផលគឺដូចតែប្រុសក្មេងដែរ ព្រោះស្រីនិច្ច មិនបេតីឡើយ ។

សឹម ស្រីនិច្ច អាយុជាង២០ឆ្នាំ ធ្លាប់បានធ្វើឲ្យប្រុសៗដែលលង់សម្រស់នាង ខកចិត្តម្ដងរួចមកហើយ ព្រោះតែស្រីស្រស់ បានជូនដំណឹងជាសាធារណៈ កាលពីចុងខែតុលា ឆ្នាំ២០២៥ ថានាងនឹងមិនយកប្តី ជារៀងរហូត ។ អ្នកខ្លះថា ស្រីនិច្ច ចង់ Drama ព្រោះបើអត់យកប្ដីមែន តើបានកូនឯណាបន្ដពូជទៅ ? ប៉ុន្ដែស្រីនិច្ច ធ្លាប់ប្រាប់អ្នកយកព័ត៌មាន «នគរធំ» ច្បាស់ៗថា រឿងនាងមិនយកប្ដីនោះ គឺជារឿងពិតប្រាកដមែន មិនមែនចេះតែថាទេ។ អ្នកស្និទ្ធស្រីនិច្ច ភាគច្រើន ចាត់ទុកថា ដោយសារតែនាងមិនទាន់អាចកប់ចោលស្រមោលស្នេហ៍ចាស់បានទាំងស្រុង និងពេលខ្លះ ថែមទាំងអង្គុយយំម្នាក់ឯងទៀតផង ទើបចុងក្រោយ បែរជាខ្លាចស្នេហា ហើយមិនត្រូវការស្វាមីបែបនេះ ។ ប៉ុន្ដែរូបសម្រស់ដូចនាង ប្រសិនបើមិនយកប្ដី អស់មួយជីវិត ដូចការតាំងចិត្តមែន ជារឿងគួរឲ្យស្ដាយ សម្រាប់ប្រុសៗដែលស្រមៃចង់ធ្វើស្វាមីនាង ។

គួររំលឹកថា សឹម ស្រីនិច្ច បានប្រេះឆាស្នេហាជាមួយអតីតសង្សារ ជាអ្នករកស៊ីវិស័យអចលនទ្រព្យ កាលពីឆ្នាំ២០២៣ ហើយជិត ៣ឆ្នាំ មកនេះ បុរសដែលនាងស្និទ្ធនិងទុកចិត្តជាងគេ គឺមានតែពិធីករ សុខ សាន់នី ម្នាក់ប៉ុណ្ណោះ រហូតត្រូវគេសង្ស័យថា ជាគូសង្សារទៀតផង។ប៉ុន្តែស្រីនិច្ច បញ្ជាក់ច្បាស់ៗថា លោកសាន់នី គ្រាន់តែជាដៃគូហាត់ប្រាណធម្មតារបស់នាងប៉ុណ្ណោះ ។ បញ្ហានេះហើយ ធ្វើឲ្យលោកសាន់នី ចេះតែរយាលៗពីនាង បន្ដិចម្ដងៗ ហើយពេលខ្លះ លោកចេញទៅដើរលេងនៅបរទេស តែម្នាក់ឯង ខណៈដែលស្រីនិច្ច ថ្មីៗនេះ នាងបែរជាតូចចិត្តដែលគេគ្រប់គ្នាយល់សប្ដិចាប់បានពស់ ដល់គូព្រេង តែរូបនាង បែរជាយល់សប្ដិញចាប់បានត្រីរ៉ស់ ហើយមិនដឹងថា គូព្រេងនៅកន្លៀតណាឡើយ ។

ក្រៅពីសឹម ស្រីនិច្ច តារាដែលជ្រើសគូស្នេហ៍ ជាបុរសវ័យចំណាស់ មើលរំលងប្រុសក្មេង មានដូចជា ឱក សុគន្ធកញ្ញា, មាស សុខសោភា, សុគន្ធ និសា, ខៀវ សុខារ៉ាវី, វ៉េត រតនា, គឹម លក្ខិណា, កែវ ពេជ្រពិសី, ដាញ់ ម៉ូនីកា និងសារ៉ាយ សក្ខណា ជាដើម ៕

