Friday, June 12, 2026
Homeតារាខ្មែរហេង បូនីកា ទិញឡាននិងផ្ទះ

ហេង បូនីកា ទិញឡាននិងផ្ទះ

ភ្នំពេញ ៖ ពិធីការិនីរូបស្រស់ កញ្ញាហេង បូនីកា បានទិញរថយន្ដអគ្គិសនីថ្មី ម៉ាក Deepal ពណ៌ខ្មៅ ដែលមានតម្លៃជិត ៤ម៉ឺនដុល្លារ ដោយនាងដកលុយក្រដាស ១០០ដុល្លារ បង់ភ្លាមៗតែម្ដង នៅ Showroom រថយន្ដនោះ  បញ្ជាក់ថា មិនមែនជាការទិញបង់រំលស់ឡើយ។ បូនីកា ថានាងរំភើប ព្រោះបានរថយន្ដខ្លាញ់គោជិះ ហើយមិនដឹងជាម៉េចទេ នាងផ្ទាល់គឺស្រលាញ់តែឡានពណ៌ខ្មៅ ឡានមុនខ្មៅ ឥឡូវអាខ្មៅទៀត ។

ប្រភពថា ការទិញរថយន្ដពេលនេះ របស់ស្រីស្អាត ហេង បូនីកា គឺចំពេលដែលនាងទើបតែទិញផ្ទះប្រណិត ១ ល្វែងផងដែរ ពោលគឺទិញផ្ទះនិងឡាន ក្នុងពេលតែមួយ ហេតុនេះច្បាស់ណាស់ថា ឆ្នាំ២០២៦ ជាឆ្នាំដែលនាងកាក់កបបំផុតក្នុងអាជីពសិល្បៈ ។

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅកញ្ញា ហេង បូនីកា កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ តែគ្មានអ្នកលើកឡើយ ទើបមិនទាន់ដឹងពីទំហំលុយដែលនាងចាយទៅលើផ្ទះនិងរថយន្ដ ក្នុងពេលតែមួយនោះ អស់សរុបចំនួនប៉ុន្មានឡើយ ។ ទោះជាយ៉ាងណា គេឃើញ Fan របស់បូនីកា ខម្មិនសរសើរនាងថា ជានារីពូកែរកលុយ បានដោយកម្លាំងញើសឈាមផ្ទាល់ និងក្នុងវ័យនៅក្មេងខ្ចីនេះ អាចសម្រេចបំណងទិញផ្ទះ និងឡាន បានដោយខ្លួនឯង ចាត់ទុកជាជោគជ័យក្នុងអាជីព។

ហេង បូនីកា ហៅដាវ អាយុ២៧ឆ្នាំ បានប្រឡូកសិល្បៈ ជាង៧ឆ្នាំ ដោយធ្លាប់ថតភាពយន្ដរឿង «នាងនាដបាត់ដំបង», «មកុដកូនក្រមុំ», «ប្រអប់សំបុត្រទុកចោល», «សង្រ្គាមបងប្អូន», «ទឹកសាប», «បាបប្រពន្ធដើម» និងរឿង «វិញ្ញាណមនុស្សរស់» ជាដើម។ តារាតូចច្រឡឹងរូបនេះ បានវិវឌ្ឍខ្លួនពីតារាសម្ដែង មកធ្វើជាពិធីការិនី និងតារាបង្ហាញម៉ូដផងដែរ ខណៈដែលរយៈពេលចុងក្រោយនេះ គេឃើញនាងចេញមុខច្រើន តាម Concerts ធំៗ ក្នុងតំណែងជាពិធីការិនី ដែលមើលទៅគួរឲ្យក្នក់ក្នាញ់ ដោយសាតែពូកែតែងខ្លួនបែបយុវវ័យប្លែកៗ និងចូលចិត្តរាំ ធ្វើឲ្យអ្នកទស្សនា សប្បាយតាមនាងដែរ ។ ស្រីស្អាតរូបនេះ ធ្លាប់ប្រកាសក្នុងបទសម្ភាសន៍កម្មវិធី Podcast មួយថា នាងបានបែកបាក់សង្សារហើយ ខណៈមុនទម្លាយរឿងបេះដូងដំបៅនេះ និងបច្ចុប្បន្ន នាងកំពុងតែស្អិតល្មូតជាមួយប្រុសរូបសង្ហា លោកដាវីដ ពិសេសថ្មីៗនេះ លោកដាវីដ បានថើបនាង នៅពីមុខកាមេរ៉ាអ្នកសារព័ត៌មាន ក្នុងពិធីសម្ពោធរឿង «កំហឹងខ្មោចកូនប្រសាស្រី» ទៀតផង ។ ប៉ុន្ដែក្នុងជំនួបតាមទូរស័ព្ទ លើកមុន បូនីកា ប្រាប់ថា ទំនាក់ទំនងនាង ជាមួយលោកដាវីដ គ្មានអ្វីស៊ីជម្រៅទេ និងថាធម្មតាៗ។ នាងថា នៅថ្ងៃអនាគត នាងមិនអាចកំណត់បានថា គួរតែយកប្ដីជាអ្នកនៅក្នុងនិងក្រៅសិល្បៈឡើយ ។          

គួរបញ្ជាក់ថា ក្រៅពីហេង បូនីកា តារាដែលទិញឡានថ្មី នៅឆ្នាំ២០២៦ ដែលជាឆ្នាំសេដ្ឋកិច្ច កំពុងធ្លាក់ចុះ និងមានតារាខ្លះ ថ្ងូរដាច់បាយនេះ មានដូចជា ពេជ្រ សោភា ទិញ Mercedes, រ៉េត ស៊ូហ្សាណា ទិញ BMW, នែប ព្រំរិទ្ធិកា ទិញ Porsche និងនី រតនា ទិញ Lamborghini … ៕

RELATED ARTICLES