Friday, June 12, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកោះហៅផ្កាយ១ គេចោទចាប់ធ្វើស៊ី ១៤០០០ដុល្លារ

កោះហៅផ្កាយ១ គេចោទចាប់ធ្វើស៊ី ១៤០០០ដុល្លារ

ភ្នំពេញ ៖ បន្ទាប់ពីឈ្មោះ សុវណ្ណ ចិន្ដា បានចេញវីដេអូ ចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី ព្រំ សារឿន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនលោក ជាករណីធ្វើស៊ី ពាក់ព័ន្ធនិងការក្លែងអត្តសញ្ញាណប័ណ្ណ (ផុតសុពលភាព) កោះហៅខុសទីតាំងលំនៅជាក់ស្ដែង ដើម្បីឈានដល់សុំគោលការណ៍ឃាត់ខ្លួនពីព្រះរាជអាជ្ញា បណ្ដាលឱ្យខ្លួន (សុវណ្ណ ចិន្ដា) ត្រូវបង់លុយ ចំនួន ១៤ ០០០ដុល្លារ ទើបមានការដោះលែងវិញនោះមក ឥឡូវនេះ លោកឧត្តមសេនីយ៍ត្រី ព្រំ សារឿន ត្រូវបានអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ កោះហៅទៅសាកសួរ ហើយប្រសិនបើរកឃើញថា លោកឧត្តមសេនីយ៍ត្រី ព្រំ សាវឿន ពិតជាបានប្រព្រឹត្តខុសនីតិវិធីជំ នាញមែន នឹងអនុវត្តវិន័យកងកម្លាំង ព្រមទាំងវះកាត់សាច់ស្អុយ។

យោងតាមសេចក្ដីបំភ្លឺរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា «ឆ្លើយតបចំពោះការលើកឡើងនៅតាមបណ្ដាញសង្គម ពាក់ព័ន្ធការអនុវត្តនីតិវិធីរបស់កម្លាំងជំនាញរបស់នាយកដ្ឋាន ៖ កន្លងទៅថ្មីៗនេះ មានគណនីហ្វេសប៊ុក ឈ្មោះ Sovan Chanda បានបង្ហោះវីដេអូ រៀបរាប់អំពីការអនុវត្តនីតិវិធីរបស់កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ព្រំ សារឿន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមជម្រាបជូនថា ឈ្មោះ អ៊ុត អេន ហៅសុវណ្ណ ចិន្ដា បានរងបណ្ដឹងពីបទបរិហាកេរ្ដិ៍ជាសាធារណៈ, ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។ ក្រោយទទួលបានពាក្យបណ្ដឹង នាយកដ្ឋាននគរ​បាលព្រហ្មទណ្ឌ បានចេញលិខិតកោះហៅឈ្មោះ អ៊ុត អេន ហៅសុវណ្ណ ចិន្ដា ចំនួន ៣លើក ប៉ុន្ដែឈ្មោះនេះ មិនបានចូលខ្លួនមកបំភ្លឺនោះឡើយ។

បន្ទាប់ពីបំពេញនីតិវិធីចប់សព្វគ្រប់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើសំណើទៅព្រះរាជអាជ្ញា នៃអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ សុំដីកាបញ្ហាឲ្យចូលខ្លួន លើឈ្មោះ សុវណ្ណ ចិន្តា។ លុះនៅថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៦ ការិយាល័យអនុវត្តដីកា បាននាំខ្លួនឈ្មោះ សុវណ្ណ ចិន្តា តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ ១៧៩ អយក របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ មកធ្វើការសាកសួរពាក់ព័ន្ធករណីខាងលើ»។

ប្រភពដដែល បន្តថា «បន្ទាប់ពីបំភ្លឺរួច ឈ្មោះ សុវណ្ណ ចិន្តា រួមជាមួយមេធាវីតំណាងរបស់ដើមបណ្តឹង សម្រប សម្រួលគ្នា រហូតភាគីទាំងពីរ ឈានដល់មានការព្រមព្រៀងគ្នាដើម្បីបញ្ចប់រឿង ដោយឈ្មោះ សុវណ្ណ ចិន្តា ទទួលស្គាល់កំហុស ហើយយល់ព្រមធ្វើលិខិតសុំទោស ជាសាធារណៈ និងលុបរូបភាព វីដេអូទាំងអស់ ដែលបានបង្ហោះជេរប្រមាថ មើលងាយ ចោទប្រកាន់ដើមបណ្ដឹង លើបណ្តាញសង្គម ហ្វេសប៊ុក ជាសាធារណៈ នាំឲ្យមហាជនមានការយល់ច្រលំ និងយល់ព្រមសងសំណងជំងឺចិត្ត ជាប្រាក់ ទៅឲ្យដើមបណ្តឹង តាមរយៈមេធាវី។

ក្នុងការធ្វើកិច្ចព្រមព្រៀង និងប្រគល់-ទទួលប្រាក់សំណងខាងលើ គឺឈ្មោះ សុវណ្ណ ចិន្តា និងបងប្រុសគាត់ ឈ្មោះ សម្បត្តិ ជាអ្នកប្រគល់ប្រាក់ ទៅឲ្យមេធាវីរបស់ដើមបណ្ដឹងផ្ទាល់ ហើយធ្វើកិច្ចព្រមព្រៀង និងដកពាក្យបណ្តឹង លោកឧត្តមសេនីយ៍ត្រី ព្រំ សារឿន មិនជាប់ពាក់ព័ន្ធក្នុងការសម្របសម្រួល ឬការប្រគល់ទទួលប្រាក់ រវាងភាគីខាងឈ្មោះ សុវណ្ណ ចិន្តា និងមេធាវីរបស់ដើមបណ្ដឹងឡើយ។ នៅពេលមេធាវីរបស់ដើមបណ្ដឹង ធ្វើកិច្ចព្រមព្រៀងជាមួយភាគីឈ្មោះ សុវណ្ណ ចិន្តា និងឯកភាពដកពាក្យបណ្ដឹងរួច ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យឈ្មោះ សុវណ្ណ ចិន្តា ត្រលប់ទៅផ្ទះវិញ រួចឲ្យបញ្ជូនសុំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

ចំពោះមុខនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបើកការស្រាវជ្រាវចំពោះការអនុវត្តនីតិវិធីជំនាញរបស់លោកឧត្តមសេនីយ៍ត្រី ព្រំ សាវឿន និងប្រគល់ជូនថ្នាក់ដឹកនាំ ដើម្បីពិនិត្យសម្រេច។ ទាក់ទិនករណីនេះ អគ្គា ធិការដ្ឋានក្រសួងមហាផ្ទៃ ក៏បានកោះហៅលោកឧត្តមសេនីយ៍ត្រី ព្រំ សារឿន ដើម្បីទៅសាកសួរផងដែរ។ ក្នុងករណីរកឃើញថា លោកឧត្តមសេនីយ៍ត្រី ព្រំ សាវឿន ពិតជាបានប្រព្រឹត្តខុសនីតិវិធីជំនាញមែន នឹងអនុវត្តវិន័យកងកម្លាំង ព្រមទាំងវះកាត់សាច់ស្អុយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបជាព័ត៌មាន»៕ ខៀវទុំ

RELATED ARTICLES