Friday, June 12, 2026
Homeព័ត៌មានជាតិទំនើបកម្មយោធា កំណែទម្រង់ការពារជាតិ ត្រូវឆ្លងកាត់ឧត្តមក្រុមប្រឹក្សាការពារជាតិ

ទំនើបកម្មយោធា កំណែទម្រង់ការពារជាតិ ត្រូវឆ្លងកាត់ឧត្តមក្រុមប្រឹក្សាការពារជាតិ

ភ្នំពេញ ៖ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានលើកឡើងក្នុងន័យផ្ដល់យោបល់ទៅរាជរដ្ឋាភិបាលថា កំណែទម្រង់ការពារជាតិ ទៅរកទំនើបកម្មយោធា ត្រូវផ្តើមឆ្លងកាត់ឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលមានព្រះមហាក្សត្រ ជាព្រះរាជាធិបតី នាយករដ្ឋមន្រ្តី ជាអនុប្រធាន និងក្រសួងចំណុះសេនាការធិការរបស់រាជរដ្ឋាភិបាល រួមមាន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម ជាសមាជិក ។

លោក មាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ថា “កំណែទម្រង់ការពារជាតិ ទៅរកទំនើបកម្មយោធា ត្រូវផ្តើមឆ្លងកាត់ឧត្តមក្រុមប្រឹក្សាការពារជាតិ មានសមាសភាពដូចខាងក្រោម ៖

– ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៖ ព្រះអធិបតី

– នាយករដ្ឋមន្ត្រី ៖ អនុប្រធាន

– រដ្ឋមន្ត្រីក្រសួងការពារជាតិ ៖ សមាជិក

– រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ សមាជិក

– រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ៖ សមាជិក

– រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ​ ៖ សមាជិក

– រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖ សមាជិក

– អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ៖ សមាជិក” ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ថា ដើម្បីឲ្យក្រសួងការពារជាតិ សន្តិសុខជាតិ មានលំនឹង មានវិន័យ ឯករាជ្យ ជាកងទ័ពខ្លាំង គឺត្រូវតែមានរចនាសម្ព័ន្ធមួយ ដែលមានបាវចនា រៀបចំដោយមានការដឹកនាំពីព្រះប្រមុខរដ្ឋ ឬស្ដេចផែនដី គឺជាអគ្គមេបញ្ជាការជាន់ខ្ពស់នៃគណៈកម្មការការពារជាតិ  ដូចអ្វីដែលរដ្ឋធម្មនុញ្ញ បានចែង ។ 

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ដោយសារយើងយោងទៅនឹងព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ គឺជាអគ្គមេបញ្ជាការជាន់ខ្ពស់ នៃគណៈកម្មការការពារជាតិ ហ្នឹង ដែលព្រះអង្គ គឺជាអ្នកបញ្ជាទ័ព ក្នុងការធ្វើសង្គ្រាម ហើយស្ថាប័ននេះ គឺជាស្ថាប័នស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងការរៀបចំរចនាសម្ព័ន្ធសន្តិសុខ ការពារជាតិ ។ មានន័យថា ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានកងទ័ព ក្នុងការពង្រឹងនូវរដ្ឋបាលរចនាសម្ព័ន្ធកងទ័ព យើងឃើញថា យើងមានកងទ័ពជើងគោក ជើងទឹក ជើងអាកាស ។ អ៊ីចឹងបញ្ហាសន្តិសុខការពារជាតិនេះ គឺប្រមុខរដ្ឋ តាមរដ្ឋធម្មនុញ្ញ ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ គឺជាអ្នកបញ្ជាកងទ័ព ។ អ៊ីចឹងហើយ ការរៀបចំឲ្យវាមានប្រសិទ្ធភាព ទំនើបកម្មយោធា គឺវាមានក្រសួងដែលពាក់ព័ន្ធនៅក្នុងនីតិប្រតិបត្តិ នៃរាជរដ្ឋាភិបាលហ្នឹង វាមាននាយករដ្ឋមន្ត្រី  ជាអនុប្រធាន វាមានក្រសួងចំណុះជាសេនាធិការ យើងឃើញមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងហិរញ្ញវត្ថុ ក្រសួងការបរទេស“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយ ក្រសួងទាំង៤ហ្នឹង គឺថា វាត្រូវមានការរៀបចំបញ្ហាប្រាក់បៀវត្សរ៍ រៀបចំការចំណាយ ចាយវាយទៅនឹងការចងក្រងកងទ័ព ឲ្យមានប្រសិទ្ធភាព ប្រាក់បៀវត្សរ៍ និងទិញសម្ភារៈ យុទ្ធភណ្ឌយោធា គឺថាធ្វើយ៉ាងម៉េចឲ្យវាលំនឹងការពារជាតិមួយ ដែលមិនពុករលួយ មិនមានភាពស្មុគស្មាញ នៅក្នុងការប្រកាន់និន្នាការគណបក្សនយោបាយ ជាកងទ័ពឯករាជ្យ កងទ័ពអព្យាក្រឹត មិនចូលគណបក្សនយោបាយ មិនបម្រើឲ្យអ្នកដឹកនាំមានអំណាចឥទ្ធិពលនៃមេទ័ព ឬក៏នាយករដ្ឋមន្ត្រី ឬក៏អី គឺថា ជាកងទ័ពដែលឈរលើនៅជំហរការពារជាតិ ជំហររក្សានូវអធិបតេយ្យ បូរណភាពទឹកដី ហើយជាកងទ័ពរបស់ប្រទេសជាតិ ជាកងទ័ពរបស់ប្រជារាស្ត្រ មិនអាចជាកងទ័ពត្រូវបានចំណុះឲ្យបុគ្គលមានអំណាច ឬក៏និន្នាការបក្សណា ក្រៅពីជាកងទ័ពមួយ ដែលមានភាពរឹងមាំ អង់អាចក្លាហាន ជាកងទ័ពមានវិន័យ មានវិជ្ជាជីវៈ ប្រកបទៅដោយក្រមសីលធម៌ នៅក្នុងបច្ចេកទេសយុគសម័យទំនើបនេះ គឺថាតាមប្រព័ន្ធអេអាយ ឌីជីថល កងទ័ព មានបច្ចេកវិទ្យាខ្ពស់ សាយបឺរ (Cyber Security) ផ្នែកសន្តិសុខជាតិ គឺថាជាវិជ្ជាជីវៈមួយដែលឈរនៅលើជំហរអព្យាក្រឹត្យ ម៉ឺងម៉ាត់ រឹងមាំ ចំណេះដឹង គ្រប់កាលៈទេសៈ ក្នុងការច្បាំងការពារប្រទេស មិនឲ្យសត្រូវបរទេសឈ្លានពានមកលើអធិបតេយ្យ បូរណភាពទឹកដី ជាកងទ័ពដែលរក្សានូវស្ថិរភាព សន្តិសុខ ការពារជាតិ តាមព្រំដែន ទៅនឹងបទឧក្រិដ្ឋផ្សេងៗ គឺថាពាក់ព័ន្ធនឹងសន្តិសុខជាតិ“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងហើយស្ថាប័នមួយនេះ គឺជាស្ថាប័នរឹងមាំ ដែលត្រូវមានវិន័យក្នុងការគ្រប់គ្រង អត់មានជាកងទ័ពអនាធិបតេយ្យ កងទ័ពចំណុះទៅលើបុគ្គលមានអំណាចណា ឬក៏ការពារគណបក្សណាទេ គឺការពារជាតិ នៅក្នុងអធិបតេយ្យភាពរដ្ឋឯករាជ្យមួយ ស្មើមុខ ស្មើមាត់ នៅលើពិភពលោក ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ ។ អ៊ីចឹងហើយ ទំនាក់ទំនងការបរទេស ទំនាក់ទំនងការទូត និងទំនាក់ទំនងសន្តិសុខ ភូមិសាស្ត្រនយោបាយ ទៅលើសកលលោក ក្នុងផ្នែកយោធា ការហ្វឹកហ្វឺន ការយល់ដឹងបែបណា ដើម្បីរក្សានូវសន្តិសុខនយោបាយ ក៏ដូចជាសន្តិសុខជាតិ ភូមិសាស្ត្រ ជាមួយនឹងប្រទេសនៅក្នុងតំបន់ ក៏ដូចជាពិភពលោក តាមរយៈការពង្រឹងសមត្ថភាពប្រយុទ្ធ ក្នុងការធ្វើសមយុទ្ធជាមួយនឹងប្រទេសជាដៃគូ ជាសម្ព័ន្ធមិត្ត ឬក៏ជាប្រទេសមានចងមិត្តភាពយោធាជាមួយគ្នា ។ អាហ្នឹងសុទ្ធតែជាការមួយ ដែលយើងមានរបៀបវិន័យ ចំណេះដឹង រចនាសម្ព័ន្ធល្អប្រសើរ មានរបៀប ។ អ៊ីចឹងហើយបានយើងបង្ហាញថា ដើម្បីឲ្យក្រសួងការពារជាតិ សន្តិសុខជាតិ ការពារជាតិហ្នឹង មានលំនឹង មានវិន័យ ឯករាជ្យ ជាកងទ័ពខ្លាំង គឺថាត្រូវតែមានរចនាសម្ព័ន្ធមួយដែលមានបាវចនា រៀបចំដោយមានការដឹកនាំពីប្រមុខរដ្ឋ មានន័យថា ស្ដេចផែនដី គឺជាអគ្គមេបញ្ជាការជាន់ខ្ពស់នៃគណៈកម្មការការពារជាតិ  ដូចអ្វីដែលរដ្ឋធម្មនុញ្ញ បានចែងហ្នឹង“ ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី  ខាងលើនេះ បានធ្វើឡើង ក្រោយពីសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នៅក្នុងបរិបទពិភពលោក និងតំបន់ ដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ការការពារជាតិ មិនត្រូវបានបញ្ចប់នោះទេ ទាំងបច្ចុប្បន្ននិងអនាគត។ ការកែទម្រង់ និងទំនើបកម្មកងទ័ព មិនមែនទើបតែធ្វើនោះទេ ពោលគឺបានធ្វើយូរណាស់មកហើយ សំដៅបង្កើនសមត្ថភាពការពារជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជា លើកទី១៩ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សន្តិភាព មិនមែនកើតឡើងដោយចៃដន្យនិងមិនអាចរក្សាបានដោយការធ្វេសប្រហែសឡើយ។ កម្ពុជា ស្គាល់សង្គ្រាមឆ្អែតឆ្អន់ ហើយមេរៀនពីអតីតកាល បានបង្ហាញថា ប្រទេសដែលខ្វះសមត្ថភាពការពារខ្លួន អាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេល។ ដូច្នេះការពង្រឹងសមត្ថភាពការពារជាតិ គឺជាការងារចាំបាច់សម្រាប់ការពារសន្តិភាព មិនមែនសម្រាប់បង្កសង្គ្រាមនោះទេ ។ សម្ដេច បញ្ជាក់ថា ការកែទម្រង់ និងទំនើបកម្មកងទ័ព ត្រូវបានអនុវត្តជាយូរមកហើយ ដើម្បីបង្កើនប្រសិទ្ធភាពការពារជាតិ។ ក្នុងនោះ រាជរដ្ឋាភិបាល កំពុងអនុវត្តគោលនយោបាយបង្រួមក្បាល ពង្រីកខ្លួន ដោយកែសម្រួលរចនាសម្ព័ន្ធយោធា បិទការផ្ទេរមិនចាំបាច់ និងផ្តោតលើសមត្ថភាពជាក់ស្តែង បន្ថែមលើការត្រៀមអនុវត្តកាតព្វកិច្ចយោធា ដើម្បីពង្រីកកម្លាំងបម្រុង និងបណ្តុះស្មារតីស្នេហាជាតិ ដល់យុវជនជំនាន់ក្រោយ ដែលបានដាក់ឲ្យប្រើប្រាស់រួចហើយ ។

ទាក់ទងនឹងកំណែទម្រង់ការពារជាតិ និងធ្វើទំនើបកម្មយោធា ដូចដែលនាយករដ្ឋមន្រ្តី បានប្រកាស ក៏ដូចជាមជ្ឈដ្ឋានតាមដាន អ្នកវិភាគ និងគណបក្សនយោបាយនានា បានចាប់អារម្មណ៍ និងផ្ដល់ជាយោបល់ ទស្សនៈផ្សេងៗ នៅក្នុងវិចារណកថា ស្ដីពី “ចក្ខុវិស័យកែទម្រង់យោធាកម្ពុជា ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិការការពារជាតិ” លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ក្នុងទស្សនវិជ្ជានយោបាយ តាំងពីសម័យបុរាណ រហូតដល់បច្ចុប្បន្ន គ្រឹះការពារជាតិ គឺជាសសរទ្រូងដ៏រឹងមាំ ដែលមិនអាចខ្វះ បានសម្រាប់ការពារ «កិច្ចសន្យាសង្គម» និងសន្តិភាពរបស់ប្រជាជាតិ។ ក្នុងបរិបទដែលពិភពលោកកំពុងឆ្លងកាត់ការប្រែប្រួលភូមិសាស្ត្រនយោបាយ យ៉ាងរហ័ស និងការហក់ឡើងនៃបច្ចេកវិទ្យាយោធាទំនើប ការធ្វើកំណែទម្រង់វិស័យការពារជាតិ មិនមែនគ្រាន់តែជាជម្រើសនោះទេ ប៉ុន្តែវាជាកាតព្វកិច្ចយុទ្ធសាស្ត្រដ៏ចាំបាច់បំផុតសម្រាប់កម្ពុជា។ លោកថា កម្ពុជា មានប្រវត្តិសាស្ត្រយោធា ដ៏ជូរចត់និងមានតម្លៃ ដែលដកស្រង់ចេញពីសមរភូមិពិតៗ និងយុទ្ធសាស្ត្រឈ្នះ-ឈ្នះ។ ទោះបីជាយ៉ាងណា ដើម្បីធានាបាននូវអធិបតេយ្យជាតិ ក្នុងសតវត្សរ៍ទី២១នេះ ដល់ពេលដែលកម្ពុជា ត្រូវបោះជំហានឆ្លងឱ្យផុតពី «ទម្រង់យោធាបែបប្រពៃណី» ដែលពឹងផ្អែកលើបរិមាណមនុស្ស ឆ្ពោះទៅរក «កងទ័ពវៃឆ្លាត (Smart Army)» ដែលរួមផ្សំដោយបច្ចេកវិទ្យា វិន័យ និងមនសិការជាតិ។ ដូច្នេះតុល្យភាពរវាងការរៀនសូត្រពីកំហុសអតីតកាល និងការស្រូបយកបទពិសោធន៍ល្អៗពីកងទ័ពឈានមុខ លើពិភពលោក គឺជាគន្លឹះមាស សម្រាប់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ក្នុងការរៀបចំផែនការមេ ។

លោកបណ្ឌិត ឈត ប៊ុនថង បានផ្ដល់ជាទស្សនៈ និងធ្វើការកត់សម្គាល់ ចំនួន៣ចំណុច ដូចខាងក្រោម ៖

១. ការហានឆ្លងឱ្យផុតពីចំណុចខ្វះខាតក្នុងអតីតកាល ៖ ពីប្រព័ន្ធបក្ខពួក ឆ្ពោះទៅរកប្រព័ន្ធគុណាធិបតេយ្យ (Meritocracy) ៖

ផ្អែកលើទស្សនវិជ្ជានៃការគ្រប់គ្រងរដ្ឋ រដ្ឋមួយ អាចខ្លាំងទៅបាន លុះត្រាតែប្រព័ន្ធដឹកនាំរដ្ឋនោះ យក «សមត្ថភាពនិងគុណធម៌» ជាគោល មិនមែនយក «បក្ខពួកនិយម» ឡើយ។ មេរៀនមួយ ក្នុងចំណោមមេរៀនធំៗដែលកម្ពុជា បានឆ្លងកាត់ គឺតុល្យភាពនៃរចនាសម្ព័ន្ធឋានន្តរស័ក្តិ និងការគ្រប់គ្រងកម្លាំង។ យន្តការចាស់ ជារឿយៗ ជួបប្រទះនូវបញ្ហា «មេទ័ពច្រើនជាងពលទាហាន» និងការដំឡើងសក្តិដែលជួនកាលផ្អែកលើទំនាក់ទំនង ឬបក្ខពួកនិយម ជាជាងសមត្ថភាពពិតប្រាកដនៅលើសមរភូមិ ឬការសិក្សាស្រាវជ្រាវ។ ក្នុងន័យនេះ ដើម្បីបំពេញចន្លោះប្រហោងនេះ កម្ពុជា ត្រូវងាកមកអនុវត្តច្បាប់ ឱ្យបានតឹងរ៉ឹង និងយុត្តិធម៌ ដូចបណ្តាប្រទេសជឿនលឿន ដូចជា ៖

– រៀបចំរចនាសម្ព័ន្ធឱ្យបានរឹងមាំ ៖ កាត់បន្ថយចំនួនយោធិនដែលមិនសកម្ម ឬទាហានខ្មោច និងកាត់បន្ថយតួនាទីរដ្ឋបាលដែលមិនចាំបាច់ ដើម្បីប្រមូលថវិកា មកបង្កើនប្រាក់បៀវត្សរ៍ និងសុខុមាលភាពដល់យុទ្ធជនជួរមុខវិញ។

– យន្តការវាយតម្លៃផ្អែកលើសមត្ថភាព ៖ ការដំឡើងឋានៈនិងតួនាទី ត្រូវតែឆ្លងកាត់ការវាយតម្លៃសមត្ថភាពជាក់ស្តែង វិជ្ជាជីវៈ និងចំណេះដឹងខាងយុទ្ធសាស្ត្រ។ យុទ្ធជនដែលពូកែនិងមានវិន័យ ត្រូវតែទទួលបានឱកាសឡើងធ្វើជាអ្នកដឹកនាំ ដោយមិនខ្វល់ពីខ្សែស្រឡាយឡើយ។

២. បំពេញបន្ថែមដោយវិធីសាស្ត្រថ្មី ៖

ការធ្វើទំនើបកម្មឌីជីថលនិងបច្ចេកវិទ្យាយោធា ។ សមរភូមិនាសតវត្សរ៍ទី២១ នេះ មិនមែនវាស់វែងគ្នាតែលើទំហំសាច់ដុំ ឬចំនួនគ្រាប់កាំភ្លើងធំឡើយ ប៉ុន្តែវាស់វែងលើ​ «ល្បឿនព័ត៌មាននិងបច្ចេកវិទ្យា»។ បទពិសោធន៍ពីប្រទេសមហាអំណាច ដូចជា សហរដ្ឋអាមេរិក ចិន និងអ៊ីស្រាអែល បង្ហាញថា កងទ័ពតូច តែទំនើប អាចវាយបកកងទ័ពធំ បានយ៉ាងងាយ ប្រសិនបើពួកគេម្ចាស់ការលើលំហអាកាសបច្ចេកវិទ្យា។រដ្ឋាភិបាលកម្ពុជា គួរផ្តោតលើការផ្លាស់ប្តូរឌីជីថល ក្នុងវិស័យយោធា តាមរយៈ ៖

– ការអភិវឌ្ឍប្រព័ន្ធ C4ISR ឌីជីថល ឬ «ប្រព័ន្ធបញ្ជា ត្រួតពិនិត្យ គមនាគមន៍ កុំព្យូទ័រ កិច្ចការសម្ងាត់ ការឃ្លាំមើល និងការស៊ើបការណ៍» ៖ បង្កើតប្រព័ន្ធបញ្ជាការដ្ឋានរួមមួយ ដែលប្រើប្រាស់ AI និងប្រព័ន្ធទិន្នន័យធំ (Big Data) ដើម្បីប្រមូលព័ត៌មានសម្ងាត់ ស៊ើបការណ៍ និងធ្វើការសម្រេចចិត្តបានរហ័ស ចំគោលដៅ។

– ប្រតិបត្តិការប្រព័ន្ធដ្រូន និងការការពារសន្តិសុខសាយបឺរ ៖ បង្កើតកងឯកភាពដ្រូនពិសេស ទាំងសម្រាប់ស៊ើបការណ៍និងវាយប្រហារ ព្រមទាំងបង្កើត «កងទ័ពលំហសាយបឺរ (Cyber Army)» ដើម្បីការពារប្រព័ន្ធទិន្នន័យជាតិ និងរារាំងការវាយប្រហារតាមអ៊ីនធឺរណិត ពីសត្រូវខាងក្រៅ។

– សេដ្ឋកិច្ចការពារជាតិ ប្រកបដោយចីរភាព ៖ ទោះបីជាថវិកាយោធា របស់យើង មានកម្រិត ប៉ុន្តែការបែងចែកថវិកា ត្រូវតែមានប្រសិទ្ធភាពខ្ពស់ ដោយផ្តោតលើការទិញនិងថែទាំអាវុធយុទ្ធោបករណ៍យុទ្ធសាស្ត្រ ដូចជា ប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាស ខ្នាតតូច ចៀសវាងការចំណាយខ្ជះខ្ជាយលើសម្ភារៈហួសសម័យ។

៣. ការបណ្តុះមនសិកាស្នេហាជាតិ ភាពក្លាហាន និងវិន័យដែកថែប ៖

នៅក្នុងទស្សនវិជ្ជាអត់ធ្មត់និយម និងទស្សនវិជ្ជាយោធាបុរាណ កងទ័ពដែលមានតែអាវុធទំនើប ប៉ុន្តែគ្មានស្មារតីប្រយុទ្ធ គឺមិនខុសពីឡានទំនើប ដែលគ្មានសាំងឡើយ។ ការបណ្តុះបណ្តាលផ្លូវចិត្ត និងការសាបព្រោះ «ទឹកចិត្តស្រឡាញ់ជាតិពិតប្រាកដ» គឺជារនាំងការពារខាងវិញ្ញាណដ៏រឹងមាំបំផុត ដែលគ្មានអាវុធណាអាចបំផ្លាញបានឡើយ ដូចដែលប្រទេសកូរ៉េខាងត្បូង និងអ៊ីស្រាអែល បានធ្វើដោយជោគជ័យ។ ក្រសួងការពារជាតិកម្ពុជា អាចយកចិត្តទុកដាក់លើចំណុចស្នូល ទាំង៣នេះ ៖

– ទី១ ការអប់រំមនោគមន៍វិជ្ជានិងប្រវត្តិសាស្ត្រជាតិ ៖ កម្មវិធីសិក្សារបស់កងទ័ព គ្រប់កម្រិត រួមទាំងយោធិនកាតព្វកិច្ច ត្រូវតែបញ្ជ្រាបបញ្ចូលនូវប្រវត្តិសាស្ត្រការពារទឹកដី ដ៏អង់អាចរបស់បុព្វបុរសខ្មែរ។ យោធិនម្នាក់ៗ ត្រូវតែយល់ច្បាស់ថា ខ្លួនកំពុងឈរការពារអ្វី?  ហើយហេតុអ្វីបានជាខ្លួនត្រូវលះបង់? មោទនភាពជាតិ ត្រូវតែជាឈាមជ័ររបស់កងទ័ព។

– ទី២ ការហ្វឹកហ្វឺនផ្លូវចិត្ត ៖ បន្ថែមពីលើការហ្វឹកហ្វឺនកាយសម្បទា កងទ័ព ត្រូវឆ្លងកាត់ការសាកល្បងផ្លូវចិត្ត ក្នុងស្ថានភាពមានសម្ពាធខ្ពស់ ដើម្បីបំបាត់ភាពភ័យខ្លាច បង្កើនភាពអំណត់និងភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហាចំពោះមុខ។

– ទី៣ ការធានា «ក្រោយខ្នង» ដើម្បីវាយលុក «ខាងមុខ» ៖ ទឹកចិត្តស្នេហាជាតិពិតប្រាកដរបស់រដ្ឋ គឺស្តែងចេញតាមរយៈការមើលថែអ្នកដែលលះបង់ដើម្បីជាតិ។ រដ្ឋ ត្រូវតែធានាថា ជីវភាពកងទ័ព ផ្ទះសម្បែង របបអាហារ សុខុមាលភាព និងការអប់រំរបស់កូនចៅរបស់ពួកគេ ត្រូវបានមើលថែ យ៉ាងដិតដល់។ កាលណា «ក្រោយខ្នង» មានលំនឹង យុទ្ធជននៅ «ជួរមុខ» នឹងប្រយុទ្ធដោយភាពក្លាហានប្តូរផ្តាច់ គ្មានការរារែក។

ជាការសន្និដ្ឋាន លោកបណ្ឌិត ឈត ប៊ុនថង បញ្ជាក់ថា ការធ្វើកំណែទម្រង់វិស័យយោធា របស់កម្ពុជា មិនមែនជាការលុបបំបាត់ចោលនូវសមិទ្ធផលចាស់នោះទេ ប៉ុន្តែជាការ «បន្តវេនដោយនវានុវត្តន៍»។ ការរួមបញ្ចូលគ្នារវាង បទពិសោធន៍ការពារជាតិ ដ៏ជូរចត់ របស់កម្ពុជា ជាមួយនឹងវិន័យ គុណាធិបតេយ្យ និងបច្ចេកវិទ្យាឌីជីថល របស់ពិភពលោក នឹងបង្កើតបានជាខែលការពារជាតិ ដ៏រឹងមាំមួយ។ តាមរយៈការផ្តល់កិត្តិយសខ្ពង់ខ្ពស់ដល់យុទ្ធជនក្នុងសង្គម ការពង្រឹងវិន័យដែកថែប និងការបើកចំហទទួលយកបច្ចេកវិទ្យាថ្មីៗ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នឹងអាចកសាងបាននូវកងយោធពលខេមរភូមិន្ទមួយ ដែលមិនត្រឹមតែមានកេរ្តិ៍ឈ្មោះ និងវីរភាពក្នុងអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកងទ័ពគំរូ ទំនើប និងជាទីពឹងដ៏កក់ក្តៅរបស់ប្រជាជាតិទាំងមូល នៅក្នុងយុគសម័យឌីជីថល ដោយឈរលើស្មារតីសាមគ្គីភាព និងសេចក្ដីស្រឡាញ់ជាតិ ដ៏បរិសុទ្ធពិតប្រាកដផងដែរ ។

ដោយឡែក ទាក់ទងដល់តួនាទីព្រះមហាក្សត្រ ដែលប្រធានគណបក្សជំនាន់ថ្មី យាងជាព្រះរាជាធិបតី នៅក្នុង “ឧត្តមក្រុមប្រឹក្សាការពារជាតិ” បើសិនជាបង្កើតឡើង ដើម្បីធ្វើទំនើបកម្មយោធា កំណែទម្រង់វិស័យការពារជាតិនោះ យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្រ ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ។ ព្រះអង្គ ជាព្រះប្រមុខរដ្ឋ មួយជីវិត ដែលមានព្រះរាជតួនាទីស្នូល ដូចខាងក្រោម ៖

-និមិត្តរូប និងការធានា ៖ ជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ និងជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី ព្រមទាំងការគោរពសិទ្ធិ សេរីភាពប្រជាពលរដ្ឋ និងសន្ធិសញ្ញាអន្តរជាតិ។

-អាជ្ញាកណ្តាល ៖ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈ ឱ្យមានភាពទៀងទាត់និងរលូន។

-កិច្ចការនយោបាយ និងរដ្ឋបាល ៖ ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់ភារកិច្ចមន្ត្រីស៊ីវិល-យោធាជាន់ខ្ពស់ ឯកអគ្គរាជទូត និងចៅក្រម ព្រមទាំងឡាយព្រះហស្តលេខាប្រកាសឱ្យប្រើប្រាស់ច្បាប់នានា។

-វិស័យយុត្តិធម៌ និងយោធា ៖ ទ្រង់ជាមេបញ្ជាការកំពូល នៃកងយោធពលខេមរភូមិន្ទ និងជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិ ព្រមទាំងមានព្រះរាជសិទ្ធិក្នុងការបន្ធូរបន្ថយ និងលើកលែងទោស…៕ កុលបុត្រ

RELATED ARTICLES