ភ្នំពេញ ៖ នី មុនីនាថ បានចាប់ដៃជាមួយលោក ខេមរៈ សិរីមន្ដ ហៅខែម ប៊ុនថៃ ជាលើកទី២ តាមរយៈការថត MV នៅខេត្តសៀមរាប ក្រោយតារាទាំងពីរ ខកខានចាប់ដៃគ្នា អស់រយៈពេលជាង១០ឆ្នាំ ។ អ្នកគាំទ្រ នី មុនីនាថ នៅតែចាត់ទុកតារាទឹកភ្នែករូបនេះ សមនិងស៊ីសង្វាក់គ្នាល្អ ពេលលេងជាមួយដៃគូចាស់ លោកសិរីមន្ត ពិសេសគឺបទបែបស្រុកស្រែ ហើយមុនីនាថ និងលោកថៃ សម្ដែងយល់ចិត្តគ្នា។

នី មុនីនាថ ប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ថា នាងទើបបានថតបទថ្មីរបស់លោកខេមរៈ សិរីមន្ដ មែន ដែលទីតាំងថត MV នោះ នៅខេត្តសៀមរាប ។ នាងថា ការចាប់ដៃគូគ្នាជាថ្មី នាពេលនេះ បទចម្រៀងលោកសិរីមន្ដ ទាក់ទងវិស័យទេសចរណ៍ ហើយនាងសម្ដែងដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ដែលផ្ដើមចេញពីខេត្តសៀមរាប ។

សូមបញ្ជាក់ថា នី មុនីនាថ បានអាក់ខានថតសម្ដែង MV បទចម្រៀងរបស់លោក ខេមរៈ សិរីមន្ដ រយៈពេលជាង១០ឆ្នាំមកហើយ។ ប៉ុន្ដែអំឡុងពេលដែលសង្រ្គាម បង្កដោយយោធាសៀមនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីខែកក្កដា ឆ្នាំ២០២៥ នោះ នាងនិងលោកប៊ុនថៃ វិលមកចាប់ដៃគ្នាម្ដងទៀត តាមរយៈបទ «តាមាន់ ស្នេហ៍ខ្ញុំ» ដែលធ្វើឲ្យ Fan តារាទាំងសងខាងចាប់អារម្មណ៍ជាថ្មី ។ ពេលនេះ មុនីនាថ ដែលរយាលពីអាជីពសិល្បៈ ព្រោះជាប់ធ្វើការងារជួយសង្គម ដោយបង្កើត «មូលនិធិឈាម នី មុនីនាថ» នោះ ក៏បានចូលរួមជួយលើកស្ទួយវិស័យទេសចរណ៍ តាមរយៈការថត MV បទថ្មី ទាក់ទងវិស័យទេសចរណ៍កម្ពុជា។

ទស្សននិកជនចាំបានថា អំឡុងខេមរៈ សិរីមន្ដ ច្រៀងនៅផលិតកម្មសាន់ដេ នី មុនីនាថ ក៏ជាតួអង្គដែលទស្សនិកជនពេញចិត្តខ្លាំងផងដែរ ក្នុង MV បទល្បីៗរបស់លោកប៊ុនថៃ មានដូចជាបទ «ដង្ខៅក្របី» និង «បងខុសហើយ» ជាដើម ។ ឥឡូវតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ដ មានប្រពន្ធនិងកូន ៣នាក់ទៅហើយ ខណៈដែលនី មុនីនាថ នៅតែបន្ដជីវិតនៅលីវ ប៉ុន្ដែពួកគេនៅតែអាចចាប់ដៃគ្នាសម្ដែង MV ម្ដងទៀត។

គួរកត់សម្គាល់ថា នី មុនីនាថ ធ្លាប់ឡើងដល់ចំណុចកំពូល ព្រោះតែនាងសម្ដែងតួកម្សត់ ហូរទឹកភ្នែកបានល្អបំផុត ដែលតារាថ្មីៗ មិនទាន់អាចជំនួសនាងបានឡើយ ។ ប៉ុន្ដែការចុះកុងត្រានៅផលិតកម្ម Sastra Film រយៈពេល៥ឆ្នាំ កន្លងមក ធ្វើឲ្យមុនីនាថ មិនបានថតភាពយន្ដច្រើនដូចមុន នាងចូលផលិតកម្មមួយនេះឡើយ និងរហូតមកដល់ពេលនេះ មានផលិតកម្ម ផលិតករ និងអ្នកដឹកនាំសម្ដែងភាពយន្ដខ្លះ នៅតែយល់ច្រឡំថា នាងមិនទាន់ផុតកុងត្រាជាមួយផលិតកម្មនោះ ទើបមើលរំលងនាង ។

នី មុនីនាថ ថ្លែងថា «ខ្ញុំបានផ្ដាច់កុងត្រាជាមួយ Sastra Film តាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ ។ ឥឡូវខ្ញុំអាចថតរឿងភាគ រឿងដុំ ឬការងារសិល្បៈ ទាំងអស់ បានវិញហើយ ឲ្យតែខាងផលិតកម្មតម្រូវ» ។

ក្រៅពីទទួលការងារសិល្បៈវិញ ពេញទំហឹង នី មុនីនាថ ហាក់គ្មានសញ្ញាចូលរោងការឡើយ ហើយថ្មីៗនេះ នាងអះអាងថា មនុស្សស្រីនៅលីវ មិនប្រាកដថា បរាជ័យក្នុងរឿងស្នេហាទេ ហើយក៏មិនប្រាកដថា បរាជ័យក្នុងជីវភាពទេ ។ នាងថា អ្នកមានគ្រួសារ ក៏មិនប្រាកដថា មានសុភមង្គលរហូតដែរ ហេតុនេះយើងមិនចាំបាច់រៀបការ ដើម្បីផ្គាប់ចិត្តអ្នកណាឡើយ គឺយើងត្រូវធ្វើខ្លួនយើងជាខ្លួនយើង។ នាងបន្ថែមថា ពេលមានគូ គឺត្រូវរើសសុភមង្គលមកបន្ថែមរសជាតិជីវិត។

តាមរយៈការអះអាងរបស់នី មុនីនាថ បែបនេះ បញ្ជាក់ថា នាងនៅប្រើជីវិតនៅលីវ(Single) ដោយគ្មានពេល កំណត់ ៕