ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្តកណ្តាល សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកអង្គស្នួល ចុះត្រួពិនិត្យឃ្លាំងស្តុកប្រហិត របស់ក្រុមហ៊ុន ទ្រី សុភាព (TSP) ដោយបានរកឃើញប្រហិតខូចគុណភាព រាប់ពាន់គីឡូក្រាម ដោយក្រុមហ៊ុននេះ មានចេតនាបំភាន់អ្នកប្រើប្រាស់ តាមរយៈការកែដឺឡេ (បកព័ត៌មានហួសកាលកំណត់ចោល) រួចរៀបចំដាក់កាលកំណត់ប្រើប្រាស់ថ្មីជំនួស។ លោកអភិបាលខេត្តកណ្តាល បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋដែលទិញផលិតផល ក្រុមហ៊ុន TSP មិនទាន់បានប្រើប្រាស់ សូមបញ្ឈប់ការប្រើប្រាស់ ឬបញ្ឈប់លក់បន្ត ព្រោះផលិតផលនេះ ពុំមានសុវត្ថិភាពទេ ។

ប្រតិបត្តិការចុះពិនិត្យនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចទីតាំងចំនួន២ ៖ ទីតាំងទី១- ស្ថិតនៅឃ្លាំង ១កន្លែង ក្នុងភូមិព្រៃបឹង និងទីតាំងទី២- ស្ថិតនៅឃ្លាំងក្នុងភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ថា “សូមបងប្អូនដែលទិញផលិតផលក្រុមហ៊ុន TSP មិនទាន់បានប្រើប្រាស់ សូមបញ្ឈប់ការប្រើប្រាស់ ឬបញ្ឈប់លក់បន្ត ព្រោះផលិតផលនេះ ពុំមានសុវត្ថិភាពទេ គាត់មានចេតនាបំភាន់អ្នកប្រើប្រាស់ ដូចជា បកព័ត៌មានហួសកាលកំណត់ចោល រៀបចំដាក់កាលកំណត់ប្រើប្រាស់ថ្មីជំនួស ទូស្តុក មិនបើក ចរន្តអគ្គិសនី ទុកដាក់ខុសបច្ចេកទេស ទំនិញគ្មានប្រភពច្បាស់លាស់៘…”។

គួរបញ្ជាក់ថា លោកគួច ចំរើន អភិបាលខេត្តកណ្តាល កាលពីសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចម្រុះ រួមមាន អភិបាលរងខេត្ត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត មន្ត្រីអគ្គនាយកដ្ឋានការ ពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) អាជ្ញាធរស្រុក និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចុះត្រួតពិនិត្យជាក់ស្តែង ឃ្លាំងស្តុកទំនិញចែកចាយ មាន សាច់បង្កក ប្រហិតក្តាម នំប៉ាវ ហតដក់ ប្រហិតសាច់ក្តាម Chojo ប្រហិតម៉ាក TSP សុទ្ធតែជាទំនិញភាគច្រើនខូច-គ្មានគុណភាព និងគ្មានប្រភពច្បាស់លាស់ ចំនួន២កន្លែង ដោយ ១កន្លែង ស្ថិតចំណុចភូមិព្រៃបឹង និង១កន្លែងទៀត ស្ថិតនៅភូមិ ត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ដែលមានម្ចាស់ទីតាំងនិងអាជីវកម្ម ឈ្មោះលោកស្រី ទ្រី សុភាព មានយីហោម៉ាក (TSP) លក់ប្រហិត ហតដក់ខ្មែរ គ្រប់មុខ។

លោក គួច ចំរើន បានមានប្រសាសន៍ថា ក្រុមការងារ បានរកឃើញការនាំចូលនិងស្តុកទុកផលិតផលចំណីអាហារ ជាច្រើនមុខ ដែលមានភាពមិនប្រក្រតី និងមិនអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។ ការត្រួតពិនិត្យ បានបង្ហាញថា ទូបង្កកមួយចំនួន មិនបានដំណើរការតាមលក្ខណៈបច្ចេកទេស សម្រាប់រក្សាទុកអា ហារឡើយ បើទោះបីជាត្រូវបានដាក់តាំងនៅទីតាំងក៏ដោយ ដែលបង្កឱ្យមានការសង្ស័យថា ជាការបន្លំសាធា រណជន អំពីស្ថានភាពរក្សាទុកទំនិញ តាមស្តង់ដារដែលបានកំណត់។

លោកអភិបាលខេត្ត បានបន្តថា ក្រុមការងារ ក៏បានរកឃើញផលិតផលមួយចំនួន មិនមានកាលបរិច្ឆេទផលិត ឬកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ ហើយផលិតផលខ្លះទៀត បានផុតកំណត់គុណភាពរួចហើយ ប៉ុន្តែនៅត្រូវបានរក្សាទុកសម្រាប់ចែកចាយបន្ត។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺមានការរកឃើញម៉ាស៊ីននិងសកម្មភាពវេចខ្ចប់ឡើងវិញ ដែលអាចពាក់ព័ន្ធនឹងការកែប្រែកាលបរិច្ឆេទប្រើប្រាស់ ឬការវេចខ្ចប់ទំនិញគ្មានគុណភាព ដើម្បីបន្លំអ្នកប្រើប្រាស់។

លោក គួច ចំរើន បានបញ្ជាក់ថា ក្នុងករណីនេះ អាជ្ញាធរ នឹងបន្តអនុវត្តវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកពាក់ព័ន្ធ។ មួយវិញទៀត ចំពោះទំនិញដែលត្រូវបានកំណត់ថា គ្មានគុណភាព និងបង្កហានិភ័យដល់សុខភាពសាធារណៈ នឹងត្រូវកម្ទេចចោល។ ចំណែកផលិតផលមួយចំនួនទៀត ដែលនៅមានកាលបរិច្ឆេទប្រើប្រាស់ ប៉ុន្តែស្ថិតក្រោមការសង្ស័យ ក្រុមមន្ត្រីជំនាញ ក.ប.ប បានយកសំណាក ទៅវិភាគបន្ថែម មុនសម្រេចចាត់វិធាន ការបន្ត។

លោកអភិបាលខេត្តកណ្តាល បានបញ្ជាក់បន្ថែមថា ទីតាំងខាងលើនេះ បើតាមការស៊ើបអង្កេតបឋម បង្ហាញថា ម្ចាស់សិប្បកម្ម មិនបានផលិតផលិតផលដោយខ្លួនឯងនោះទេ ប៉ុន្តែបានទិញសាច់និងចំណីអាហារ ពីប្រភពផ្សេងៗ ទាំងក្នុងនិងក្រៅប្រទេស មកវេចខ្ចប់និងចែកចាយបន្ត ។ ករណីនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច។ ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានអំពាវនាវដល់អាជីវករ អ្នកចែកចាយ និងម្ចាស់ស្តង់លក់ទំនិញទាំងឡាយ ដែលបានទទួលផលិតផលពីក្រុមហ៊ុន TSP សូមផ្អាកការលក់ និងប្រគល់ផលិតផលទាំងនោះ ជូនក្រុមការងារ ជាបន្ទាន់ ដើម្បីធ្វើការត្រួតពិនិត្យនិងគ្រប់គ្រងឱ្យបានត្រឹមត្រូវ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ការចូលរួមសហការពីសាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់ គឺមានសារៈសំខាន់ក្នុងការទប់ស្កាត់ការចែកចាយចំណីអាហារខូចគុណភាព និងការពារសុខភាពប្រជាពលរដ្ឋ ជាពិ សេសកុមារ និងអ្នកប្រើប្រាស់ទូទៅ ពីហានិភ័យដែលអាចបង្កឡើងដោយផលិតផលគ្មានសុវត្ថិភាពទាំងនេះ។

សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់មន្ត្រីជំនាញ ក្នុងប្រតិបត្តិការខាងលើនេះ គឺបានដកហូតឧបករណ៍និងសម្ភារៈ រួមមាន ៖ ១-ប្រហិតចម្រុះ ១៣មុខ ទម្ងន់ ១០០០គីឡូក្រាម។ ២-ប្រហិតក្តាម នំប៉ាវ ហតដក់ ៣មុខ ទម្ងន់ ៧៥០គីឡូក្រាម។ ៣-ប្រហិតសាច់ក្តាម Chojo ១០កេស ទម្ងន់១០០គីឡូក្រាម។ ៤-ប្រហិតម៉ាក TSP ទម្ងន់៣០០គីឡូក្រាម។ ៥-ប្រហិតហតដក់ (គ្មានម៉ាក) ២៥កេស ទម្ងន់ ១៥៥០គីឡូក្រាម។ សរុប ៨៨៩០គីឡូក្រាម។

ក្រោយបញ្ចប់ប្រតិបត្តិការខាងលើ សមត្ថកិច្ចចម្រុះ បានដកហូតប្រហិត ហតដក់ខូចគុណភាព និងកែដឺឡេទាំងនោះ ទៅរក្សាទុក រង់ចាំដុតកម្ទេចចោល ព្រមទាំងបានអញ្ជើញម្ចាស់អាជីវកម្មប្រហិតនេះ ទៅធ្វើការសាកសួរនៅស្នងការនគរបាលខេត្តកណ្តាល ផងដែរ៕ ខៀវទុំ
