ភ្នំពេញៈ ក្រសួងបរិស្ថាន សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការសង្គ្រោះបឋម” ជូនដល់គណៈកម្មាធិការនិងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ រលាក់កងជើង ក្នុងភូមិសាស្ត្រឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីពង្រឹង សមត្ថភាពឆ្លើយតបនឹងករណីសង្គ្រោះបន្ទាន់ និងបង្កើនសុវត្ថិភាពជូនភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់លម្ហែបៃតង “ភ្នំខ្នងផ្សារ”។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅដំណាក់ដំរី តំបន់គោលដៅលម្ហែបៃតង ភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ហាវ ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

កម្មវិធីនេះ បានធ្វើការសម្របសម្រួលដោយលោក ជា ទិត្យ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រួមជាមួយមន្ត្រីជំនាញមកពីការិយាល័យអភិវឌ្ឍន៍សហគមន៍ ការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន ការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ មន្ត្រីឧទ្យានុរក្ស អាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋ នៃសហគមន៍មូលដ្ឋានជាច្រើននាក់។
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន ការឆ្លើយតបនឹងកំណើនទេសចរ មកកម្សាន្តនៅភ្នំខ្នងផ្សារ ដែលមានការកើនឡើងខ្លាំង។ ក្រសួងបរិស្ថាន ចាំបាច់ត្រូវបំពាក់បំប៉នជំនាញសង្គ្រោះបឋម ដល់សហគមន៍ ដើម្បីរៀបចំ ខ្លួនដោះស្រាយរាល់ឧបទ្ទវហេតុនានា។

ការបណ្តុះបណ្តាល ជួយដល់សហគមន៍ ទទួលបានចំណេះដឹងពីបច្ចេកទេសសង្គ្រោះបន្ទាន់ ដូចជារបៀបដាក់ជនរងគ្រោះសន្លប់ ឱ្យដេកក្នុងទម្រង់សុវត្ថិភាព (Recovery position) ការសង្គ្រោះបឋម ពេលមានពស់ចឹក ការរុំអបឆ្អឹងបាក់ និងការឃាត់ឈាម ការជួយសង្គ្រោះបន្ទាន់ ក្នុងករណីស្លាក់ ឬស្ទះផ្លូវដង្ហើម ជាដើម។
តំណាងមន្ត្រីជំនាញក្រសួងបរិស្ថាន បានបញ្ជាក់ថា ការពង្រឹងសមត្ថភាពនេះ គឺដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពទាំងទេសចរ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍតំបន់លម្ហែបៃតង ប្រកបដោយនិរន្តរភាព។
ក្រសួងបរិស្ថាន បានចាត់ទុកថា ការពង្រឹងសមត្ថភាពដល់សហគមន៍មូលដ្ឋាននាពេលនេះ ជាការប្តេជ្ញាចិត្តយ៉ាងមុតមាំ ស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេស បាននិងកំពុងឆ្លើយតបនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងការជំរុញឱ្យមានភាពស្អាត ភាពបៃតង និងការរស់នៅប្រកបដោយចីរភាព តាមរយៈការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ បង្កើនការចូលរួមពីសហគមន៍ និងការការពារនិងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា បច្ចុប្បន្ន តំបន់លម្ហែបៃតង ភ្នំខ្នងផ្សារ ដែលស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយ ដោយសារសក្តានុពលធម្មជាតិ ដ៏ទាក់ទាញបំផុតមួយ ដោយសារទេសភាពព្រៃភ្នំ វាលស្មៅ និងជីវៈចម្រុះដ៏សម្បូរបែប៕