Wednesday, June 24, 2026
Homeតារាខ្មែរខេម ប្រពន្ធពពោះកូនទី១

ខេម ប្រពន្ធពពោះកូនទី១

ភ្នំពេញ ៖ តារាចម្រៀង លោកប៉ុន សុណារិន ហៅខេម បានថ្លែងសារកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ថា លោកទទួលបានកាដូដ៏សែនមានន័យបំផុត ពីភរិយា ហើយលោកក៏អរគុណដល់ឪពុកម្ដាយទាំងសងខាង​ ដែលបានបង្កើតលោក និងភរិយា ឲ្យបានជួបគ្នា ។ លោកខេម ជាគ្រិស្ទានម្នាក់ ថ្លែងដែរថា អរគុណដល់ព្រះ សម្រាប់កាដូដ៏មានន័យបំផុតសម្រាប់លោកនិងភរិយា នាពេលនេះ ។

លោកខេម ធ្លាប់និយាយថា លោកជាអ្នកស្រលាញ់ចូលចិត្តក្មេងណាស់ ចង់បានកូនណាស់ ហេតុនេះហើយបានជានៅពេលដឹងថា ប្រពន្ធមានផ្ទៃពោះ លោកត្រេកអរសឹងតែហោះឡើងលើមេឃ ។

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅលោកខេម កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ហើយត្រូវលោកទទួលស្គាល់ថា រឿងដែលគេសង្ស័យថា ភរិយាកំពុងមានផ្ទៃពោះនោះ គឺជាការពិត ។ លោកថាគ្មានអ្វីរីករាយជាងដឹងថា លោកជិតក្លាយជាឪពុកគេនោះទេ ព្រោះចិត្តលោក ចង់បានកូន ជាយូរមកហើយ តែនៅឆ្នាំ២០២៦ ទើបបានសម្រេច ។ លោកថា តាំងពីស្រលាញ់គ្នាជាមួយភរិយាមក ប្រពន្ធមិនដែលជ្រើសវិធីពន្យារកំ ណើតទេ ប៉ុន្ដែ ១០ឆ្នាំ ទើបបានកូនដំបូង។

លោកខេម ថ្លែងថា «ប្រពន្ធខ្ញុំ​ គាត់មានផ្ទៃពោះមែន និងទើបបានទៅពិនិត្យផ្ទៃពោះ នៅមន្ទីពេទ្យ កាលពីពេលថ្មីៗនេះដែរ តែរឿងភេទកូនវិញ ខ្ញុំសូម ២ខែទៀត ទើបប្រាប់ ប៉ុន្ដែសម្រាប់ខ្ញុំ និងភរិយា កូនប្រុសឬស្រី ស្រ លាញ់ដូចគ្នា ឲ្យតែបាន​ ១ណាក៏បានដែរ» ។

 លោកខេម រំលឹកដែរថា តាមពិត លោកនិងភរិយា មុននឹងយកកូន បានរៀបការរួចទៅហើយ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ពោលគឺកាលពី ១០ឆ្នាំមុន ដែលអាពាហ៍ពិពាហ៍នោះ រៀបចំតាមបែបប្រពៃណីខ្មែរផង គ្រិស្ទានផង ព្រោះលោកជាគ្រិស្ទាន ។ លោកថា មង្គលការរបស់លោក ធ្វើនៅផ្ទះវីឡា១ ក្នុងរាជធានីភ្នំពេញ ជាផ្ទះអ្នកស្គាល់គ្នា រាប់អានគ្នា ហើយបិទទ្វារជិត ដែលបញ្ហាមិនរៀបការដោយបើកចំហនោះ ដោយសាតែលោកគិតថា នោះជារឿងឯកជន(Private) លោកមានសិទ្ធិសម្រេចថា ធ្វើបែបនោះ ព្រោះលោកគិតថា រឿងធ្វើជាសាធារណៈ ឬមិនបើកចំហ គឺនៅលើសិទ្ធិបុគ្គល ជាអ្នកជ្រើសរើស ។ លោកបន្ថែមថា ការរៀបការមិនចំហកាលពី ១០ឆ្នាំមុននោះ មិនពាក់ព័ន្ធរឿងលោកខ្លាចបាត់បង់ប្រជាប្រិយភាព ឬខ្លាចមានគេលែងគាំទ្រនោះទេ ដោយសារលោកគិតថា ទស្សនិកជនគាំទ្រលើតារា ព្រោះគាត់ស្រលាញ់ចូលចិត្ត មិនមែនគិតលើខ្លួនប្រាណយើងទេ ។

 ឆ្លើយតបសំណួរថា តើលោកខេម ចង់រៀបការជាលើកទី២ ដោយបើកចំហដូចតារាផ្សេងៗទៀតឬអត់? លោកសុណារិន និយាយថា ឥឡូវលោកក៏មានអាយុច្រើនដែរហើយ អ៊ីចឹងបើគិតលើការថត Pre-Wedding អី នៅវ័យនេះ ធ្វើបាន តែចាស់ជាងនេះ ទៅពិបាក។ ប៉ុន្ដែលោកថា មង្គលការជាសាធារណៈនោះ លោកមិនអាចនិយាយមុនថា នឹងធ្វើនៅពេលណា ឬមានការកំណត់ឲ្យបានជាក់លាក់នោះទេ ។          

ខេម បានភ្ជាប់ស្នេហាជាមួយអាណិកជនខ្មែរ នៅប្រទេសបារាំង អ្នកនាង ស្រីកា  ជាង១០ឆ្នាំហើយ ដែលសព្វ ថ្ងៃ ភរិយាបានមករស់នៅស្រុកខ្មែរ តាមលោក ជាអចិន្ត្រៃយ៍។ គេសង្កេតឃើញថា ជាញឹកញាប់ លោកខេម តែងតែសរសើរភរិយាថា ទោះជានាងរស់នៅប្រទេសបារាំង តាំងពីតូចក្ដី ប៉ុន្ដែនាងនារីស្រលាញ់សិល្បៈ វប្បធម៌ ប្រពៃណីខ្មែរ ខ្លាំងណាស់ ហើយលោកមានសំណាងដែលបានភរិយា ជានារីដ៏ល្អបែបនេះ ។ លោកខេម បង្ហាញមុខភរិយា ជាលើកដំបូង កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២០ នៅពេលដែលលោកបើកសម្ពោធភោជនីយដ្ឋាន T&Y ។ អ្វីដែលមហាជនស្រឡាំងកាំង ស្រាប់តែកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ខេម បានលើកនំខេក ជូនប្រពន្ធ ប្រារពខួប ១០ឆ្នាំ នៃអាពាហ៍ពិពាហ៍ (10th wedding anniversary) ព្រោះថា ពីមុនៗ លោកមិនដែលទទួលស្គាល់ថា បានរៀបការឡើយ ។ យ៉ាងណា អ្វីដែលខេម រីករាយបំផុតក្នុងជីវិត នាពេលនេះ គឺចំណងស្នេ ហាឆ្លងទ្វីប ជាង១ទសវត្សកាន់តែរឹងមាំថែមទៀត ព្រោះលោកជិតក្លាយជាឪពុកគេហើយ ខណៈពីមុន លោកសុណារិន ធ្លាប់ត្រូវបានគេសង្ស័យថា មានកូន ពីរនាក់ (ប្រុស១ ស្រី១) តែលោកថា តាមពិត ក្មេងប្រុសនោះ ជាកូនមេរបស់លោក (ឡេង ណាវ៉ាត្រា) និងក្មេងស្រី ជាក្មួយរបស់លោក នៅបារាំង  ហើយលោកស្រលាញ់និងចាត់ទុកពួកគេ ដូចជាកូនលោកដែរ ៕

RELATED ARTICLES