ភ្នំពេញ៖ កម្មករសំណង់២នាក់ ជិះម៉ូតូជែងរ៉ឺម៉កម៉ូតូមួយគ្រឿង ជ្រុលទៅបុកចំពីមុខរថយន្ត ដឹកថ្ម ដួលម៉ូតូចូលក្រោមរថយន្ត ស្លាប់គួរឲ្យអណោធអធម កាលពីរវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះទាំងពីរនាក់ ទី១ មានឈ្មោះអឿន ធាលី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ទី២ ឈ្មោះប៉ុន ធឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ អ្នកទាំងពីរ
ស្នាក់នៅខណ្ឌសែនសុខ ជាមួយគ្នា និងមានស្រុកកំណើតនៅភូមិតាងួន ឃុំតាងួន ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ដូចគ្នា ។ ចំណែកតៃកុងរថយន្តមិនបានស្គាល់អត្តសញ្ញាណទេ ព្រោះរត់គេចខ្លួនបាត់ស្រមោល គ្រាន់តែដឹងថា បើករថយន្តដឹកថ្មរបស់ក្រុមហ៊ុនណឹម ម៉េង ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនទាំងពីរជិះម៉ូតូមាកហ្វីណូ ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1X-3832 ក្នុងទិសដៅពីជើងទៅត្បួង ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B- 3832 ជារថយន្តដឹកថ្មរបស់ក្រុមហ៊ុនណឹមម៉េង មានដាក់វាំងននបាំងខាងលើ និងខាងក្រោមនៅសល់តែប្រលោះកណ្តាលបន្តិចសម្រាប់មើលផ្លូវតែប៉ុណ្ណោះ បើកបរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកម៉ូតូបានបើកជែងខាងឆ្វេងរ៉ឺម៉កម៉ូតូមួយគ្រឿង ជ្រុលទៅបុកចំពីមុខរថយន្តដួលម៉ូតូចូលក្រោមរថយន្ត ចំណែកអ្នកជិះ ម៉ូតូទាំង២នាក់ ត្រូវរថយន្តកិនជាប់ក្រោមកង់រថយន្តស្លាប់គួរឲ្យរន្ធត់ រីឯអ្នកបើករថយន្តដឹកថ្មបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល ។
តាមសម្តីរបស់មិត្តភក្កិជនរងគ្រោះដែលមកមើលជនរងគ្រោះនៅកន្លែងកើតហេតុ បានឲ្យ ដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីការដ្ឋានសំណង់នៅខណ្ឌសែនសុខ គោលបំណងទៅធ្វើការនៅការដ្ឋានផ្សេងទៀត មកដល់ចំណុចខាងលើបានជួបគ្រោះថ្នាក់ អកុសលបាត់បង់ជីវិតទាំង២នាក់តែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយពេលនៅ
ក្រោយ ។ ចំណែកសពយុវជនទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕