Tuesday, September 23, 2025
Homeព័ត៌មានជាតិខ្ចីរថយន្តគេយកទៅលក់ តាំងពីឆ្នាំ២០១៥ ពេលនេះចាប់ខ្លួនបានហើយ

ខ្ចីរថយន្តគេយកទៅលក់ តាំងពីឆ្នាំ២០១៥ ពេលនេះចាប់ខ្លួនបានហើយ

ភ្នំពេញ៖ ​បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងព្រលឹត ខណ្ឌ៧មករា ​ដឹកនាំដោយលោក ប៉ាត សំណាត នាយប៉ុស្តិ៍បឹងព្រលិត ឃាត់ខ្លួនតាមដីការពាក់ព័ន្ធករណីរំលោភសេចក្ដីទុកចិត្ត (ខ្ចីឡាន) រួចយកទៅលក់។ ហេតុការណ៍ខ្លួនឃាត់នេះធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះ៣៧A ផ្លូវ១៩៨ ភូមិ៦ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា​។

ម្ចាស់រថយន្តឈ្មោះ ថាច ធីវី ភេទស្រី អាយុ៦០ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិត្រញាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ​បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ ជនសង្ស័យមានឈ្មោះ នុត គ្រឿង ហៅតឿ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ៣៧A ផ្លូវ១៩៨ ភូមិ៦ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា មានស្រុកកំណើតនៅព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ ​ជាអ្នកស្គាល់គ្នាជាយូរមកហើយ បានទៅខ្ចីរថយន្តរបស់គាត់ ម៉ាក RAV4 ពណ៌សំបកឪឡឹក ដើម្បីដឹកភ្ញៀវធ្វើដំណើរទៅខេត្តសៀមរាប រយៈពេល៣ទៅ៤ថ្ងៃ ដោយសន្យាថាពេលត្រឡប់មក​វិញឲ្យលុយខ្លះ​ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ពេលដែលជនសង្ស័យមកខ្ចី​កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បុរសជាប្ដីរបស់ជនរងគ្រោះនិងអ្នកជិតខាងបានប្រាប់ថា កុំអោយ តែស្រ្តីរងគ្រោះគិតថា មនុស្សធ្លាប់ស្គាល់គ្នា ក៏ឲ្យខ្ចីរថ​យន្តយកទៅ ​លុះដល់ពេលថ្ងៃដែលត្រូវយករថយន្តត្រឡប់មកវិញ មិនឃើញយកមក ស្រី្តរងគ្រោះបានទាក់ទងតាមទូរស័ព្ទទៅបុរសខ្ចីឡាននោះ​ បានប្រាប់ថា មកដល់ពេលនេះរហូតទល់ច្រកបុរសនោះបានប្រាប់ថា ឡានបានជួបគ្រោះថ្នាក់ចរាចរណ៍ យកឡានទៅធ្វើនៅជាងម្ដុំដំដែក ហើយប្ដីស្រី្តរងគ្រោះជាអ្នកស្រុកដំដែក គាត់ស្គាល់ជាងធ្វើរថយន្តស្ទើរទាំងអស់ ​ក៏បានសួរទៅបុរសខ្ចីឡាននោះទៀត ចុងក្រោយបុរសនោះបានប្រាប់ថា រថយន្តនោះបានលក់បាត់ហើយបានតម្លៃ៤៥០០$។

ក្រោយពីទទួលបានដំណឹងនេះ ស្រី្តរងគ្រោះបានដាក់ពាក្យបណ្តឹងតែម្ដង ហើយបុរសសង្ស័យបានព្យាយាមគេចខ្លួន រហូតដល់សំណុំរឿង​បានបញ្ជូនទៅតុលាការខេត្តកណ្ដាល ​ចេញដីកាបញ្ជាឲ្យចាប់ខ្លួនជនសង្ស័យរូបនេះតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងព្រលឹត ធ្វើកំណត់ហេតុ និងប្រគល់ជូននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES