Tuesday, September 23, 2025
Homeព័ត៌មានជាតិឃើញរថភ្លើងជិតមកដល់ហើយ មិនឈររង់ចាំសិនទេ ចុងក្រោយ...

ឃើញរថភ្លើងជិតមកដល់ហើយ មិនឈររង់ចាំសិនទេ ចុងក្រោយ…

ភ្នំពេញ ៖ ​​បុរសជាកម្មករលាងរថយន្តម្នាក់ បន្ទាប់ពីផឹកស៊ីជួបជុំជាមួយបងប្អូនរួចមក បានដើរទៅទិញបាយហូប ​ដើរត្រឡប់មកវិញឃើញរថភ្លើងជិតមកដល់ ខំប្រឹងរត់ឆ្លងកាត់ផ្លូវរថភ្លើងជំពប់ជើងដួលលើផ្លូវរថភ្លើង ត្រូវរថភ្លើងកិនអូសជាង៣០ម៉ែត្របែក​សាច់ខ្ទេច និងធ្លាយពោះវៀន ​ស្លាប់​គួរឲ្យរន្ធត់ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចខាងមុខផ្ទះលេខ៨ ផ្លូវរថភ្លើង ក្រុម៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

សពជនរងគ្រោះ​មានឈ្មោះ រស់ យីម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករលាងរថយន្ត ស្នាក់នៅក្នុងការ៉ាស់លាងរថយន្តនៅម្តុំរង្វង់មូលទួលគោកចាស់ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានស្រុកកំណើតនៅឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះបានដើរទៅទិញបាយនៅក្បែរកន្លែងកើតហេតុ រួចហើយក៏បានជិះម៉ូតូឌុបចេញទៅ បំណងទៅដេកនៅកន្លែងដែលជនរងគ្រោះធ្វើការ ខណៈ​ពេលទៅដល់កន្លែងធ្វើការត្រូវបានគេបិទទ្វាចាក់សោមិនអាចចូលបាន ទើបជនរងគ្រោះជិះម៉ូតូត្រឡប់មកកន្លែងកើតហេតុវិញ ហើយជនរងគ្រោះបានដើរឆ្លងផ្លូវរថភ្លើងក្នុងទិសដៅពីត្បូងទៅជើង បំណងយកបាយទៅហូបនៅផ្ទះរបស់បងស្រីរបស់ខ្លួន ខណៈពេលនោះក៏ស្រាប់តែមានរថភ្លើងមួយខ្សែបើកមកពីទិសខាងកើតឆ្ពោះទៅលិច បំណងចេញពីទីក្រុងភ្នំពេញ ទៅដឹកប្រេង និងទូកុងតឺន័រនៅខេត្តព្រះសីហនុ ស្របពេលដែលជនរងគ្រោះឃើញរថភ្លើងកំពុងបើកមក រូបគេបានខំប្រឹងរត់ឆ្លងឲ្យផុត តែរត់ទៅជំពប់ជើងនិងផ្លូវរថភ្លើង ដួលបណ្តាលអោយរថភ្លើងបុក​កិនអូសជាង៣០ម៉ែត្រ រហូតកៀបជាប់ក្រោយរថភ្លើងដាច់សាច់ដៃជើង និងធ្លាយពោះវៀនស្លាប់គួរឲ្យ​អណោចអធម៌ ទើបរថភ្លើងឈប់។

បើតាមសម្តីពីស្ត្រីឈ្មោះ រស់ សុភី អាយុ៣៩ឆ្នាំ មុខរបរជាកម្មករលាងរថយន្ត ស្នាក់នៅផ្ទះជួលភូមិ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ​ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា ជនរងគ្រោះជាប្អូនប្រុស​តែងតែមកលេងផ្ទះរបស់គាត់ជាញឹកញាប់ លុះដល់ម៉ោង​៨យប់ថ្ងៃកើតហេតុ ជនរងគ្រោះជាប្អូនបានមកលេងផ្ទះរបស់គាត់ និងបានផឹកស៊ីជាមួយ​ប្តីរបស់គាត់ដែលត្រូវជាបងថ្លៃ និងជនរងគ្រោះ លុះពេលផឹកស្រាអស់ចំនួនពីរដប ជនរងគ្រោះជាប្អូនបានលា​ត្រឡប់ទៅដេកនៅកន្លែងធ្វើការវិញ ។ ​មួយសន្ទុះក្រោយមក ក៏ស្រាប់តែជនរងគ្រោះបានដើរមកគោះទ្វារផ្ទះរបស់គាត់សុំបាយហូប ​ខណៈពេលដែលរូបគាត់ដើរទៅបើកទ្វារ បែរជាជនរងគ្រោះដែលប្អូនប្រាប់គាត់ថា “បងស្រីចាំខ្ញុំមួយភ្លែត ខ្ញុំទៅទិញម្ហូបសិន” លុះដល់វេលាកើតហេតុ ស្រាប់តែមានគេរត់ប្រាប់គាត់ថា បុរសរងគ្រោះត្រូវបានរថភ្លើងកិនស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិដឹកយកទៅអធ្វើបុណ្យទៅតាមប្រពៃណី នៅឯស្រុកកំណើត។ ដោយឡែករថភ្លើងខាងលើត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងឃាត់ទុកនៅស្ថានីយរថភ្លើង ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយគ្រួសារសពនៅពេលក្រោយ៕

RELATED ARTICLES