ភ្នំពេញ ៖នៅវេលាម៉ោង១០ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ បានប្រគល់ឈើប្រណីតទៅឲ្យរដ្ឋបាលព្រៃឈើភ្នំពេញបន្ទាប់ពីម៉ូតូហុងដាឌ្រីម បើកបុកទៅរថយន្តហាយឡែនឌឺរ ស្រាប់តែអ្នកបើករថយន្តរត់គេចខ្លួនបាត់ សមត្ថកិច្ចឆែកឆេរឃើញឈើគ្រញូងនៅក្នុងរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងនៅចំណុច ផ្លូវជាតិលេខ១ ស្ថិតនៅភូមិជ្រាយអំពិល២ ខណ្ឌច្បារអំពៅ។
លោកឯក សារ៉េន អធិការរងទទួលផ្នែកសណ្ដាប់ខណ្ឌច្បារអំពៅ បានប្រាប់អ្នកយកព័ត៌មានថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ១ ស្ថិតនៅភូមិជ្រោយអំពិល២ ខណ្ឌច្បារអំពៅ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ ១AL-៧៦៤៤ បើកបរដោយបុរសម្នាក់អាយុ៣០ឆ្នាំ បើកតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ជ្រុលទៅបុករថយន្តហាយលែនឌឺរ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខក្រុងព្រះសីហនុ ២A-១១៤៧ ពីក្រោយ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរបួសបែកក្បាល បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកអ្នកបើករថយន្តហាយឡែនឌឺរ បន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់ បន្សល់រថយន្តនៅកន្លែងកើតហេតុ សមត្ថកិច្ចចុះទៅដល់បានបើកទ្វាររថយន្តឃើញសុទ្ធតែឈើប្រណីត និងឃើញស្លាកលេខរថយន្តចំនួន២មុខក្រោយ ស្លាកលេខតាកែវ ២A-១៤១៨ ក៏បានធ្វើការវាស់វែង រួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ជាបណ្ដោះអាសន្នសិន ។
នៅព្រឹកថ្ងៃទី០៤ ខែសីហា ទើបសមត្ថកិច្ចកសាងសំណុំរឿងប្រគល់ទៅឲ្យរដ្ឋបាលព្រៃឈើភ្នំពេញ មកយកឈើប្រណីតរក្សាទុកវិញ ទុកតែរថយន្តឲ្យស្រាវជ្រាវរកម្ចាស់ ដើម្បីមកធ្វើការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍រួចហើយ នឹងបញ្ជូនរថយន្តទៅរដ្ឋបាលព្រៃឈើវិញបន្តទៀត ។
លោកអ៊ុន សុវណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានប្រាប់អ្នកសារព័ត៍មានថា នៅក្នុងរថយន្តមានឈើប្រណីតប្រភេទធ្នុងសុទ្ធ ចំនួន៦០៣ដុំ ស្មើនិង៩០៧គីឡូក្រាម យកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើភ្នំពេញ ជាបណ្ដោះអាសន្នសិន ចំណែករថយន្តទុកឲ្យជំនាញ់សណ្ដាប់ធ្នាប់ខណ្ឌធ្វើការស្រាវជ្រាវ រួចនឹងយករថយន្តទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើ ៕