Tuesday, September 23, 2025
Homeព័ត៌មានជាតិសិុន រ៉ូហ្ស៊េត ផ្តល់សម្ភាសន៍ជាមួយ "នគរធំ" ពាក់ព័ន្ធព័ត៌មានភ្ជាប់ពាក្យជាមួយបុរសអាណិកជននៅអាមេរិក

សិុន រ៉ូហ្ស៊េត ផ្តល់សម្ភាសន៍ជាមួយ “នគរធំ” ពាក់ព័ន្ធព័ត៌មានភ្ជាប់ពាក្យជាមួយបុរសអាណិកជននៅអាមេរិក

ភ្នំពេញ ៖ ចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កញ្ញាស៊ិន រ៉ូហ្ស៊េត បានបដិសេធថា នាងមិនបានភ្ជាប់ស្ងាត់ៗជាមួយបុរសអាណិកជននៅអាមេរិក ដូចមានព័ត៌មានចចាមអារ៉ាមលេចឮឡើងនៅតាមបណ្តាញសង្គមហ្វេសប៊ុកនោះទេ ព្រោះបុរសនោះមានប្រពន្ធកូនរួចទៅហើយ។

ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង “នគរធំ” ជាមួយកញ្ញាស៊ិន រ៉ូហ្ស៊េត កាលពីថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០១៧ ៖

នគរធំ ៖ ជម្រាបសួរ រ៉ូហ្ស៊េត! ថ្មីៗនេះ មានព័ត៌មានលេចឮថា កញ្ញាបានភ្ជាប់ពាក្យជាមួយបុរសអាណិកជនខ្មែរនៅក្រៅប្រទេស ក្រោយពីបានជាប់ជាចៅសង្កាត់អូរចារ ដោយមានទាំងរូបភាពបុរសនោះជាមួយរ៉ូហ្ស៊េត ក្នុងលក្ខណៈជាពិធីភ្ជាប់ពាក្យទៀតផង តែជាការពិតឬទេ?

ស៊ិន រ៉ូហ្ស៊េត ៖ ចាស! ខ្ញុំអត់មានការភ្ជាប់ពាក្យអីផង។ សម្រាប់ខ្ញុំ ការដែលផុសជាសាធារណៈនៅតាមបណ្តាញសង្គម ទាក់ទងនឹងជីវិតឯកជនរបស់ខ្ញុំ នាពេលកន្លងមក គឺមានជាហូរហែ មិនមែនមានតែរឿងភ្ជាប់ពាក្យហ្នឹងទេ លើកទី១ ថាខ្ញុំសហាយស្មន់ លើកទី២ ថាខ្ញុំកិបកេងជំនួយ លើកទី៣ ចោទថាខ្ញុំដើរបោកប្រាស់លុយនៅសហរដ្ឋអាមេរិក រាប់សិបម៉ឺនដុល្លារ លើកទី៤ ថាខ្ញុំមានសហាយស្មន់ជាមួយអ៊ំចាស់ៗព្រឹទ្ធាចារ្យនៅក្នុងភូមិ ដល់លើកចុងក្រោយនេះ ថា ខ្ញុំទៅយកប្តីគេនៅស្រុកក្រៅ អាហ្នឹងជាសិទ្ធិសេរីភាពក្នុងការផុសនៅក្នុងប្រព័ន្ធសង្គមរបស់បងប្អូនមួយចំនួន ដែលគាត់តែងតែធ្វើការផុសក្នុងប្រព័ន្ធហ្វេសប៊ុក? ប៉ុន្តែសម្រាប់ខ្ញុំ មិនយកចិត្តទុកដាក់ទេ សំខាន់គឹខ្ញុំបំពេញភារកិច្ច កាតព្វកិច្ចរបស់ខ្ញុំជាអ្នកបម្រើប្រជាពលរដ្ឋនៅអូរចារ ហើយអ្វីណាដែលយើងគិតថា ជាការមើលងាយផ្ទាល់ខ្លួនសម្រាប់ខ្ញុំ ជាការប្រមាថនូវកិត្តិយសរបស់ខ្ញុំ អាហ្នឹងគ្រាន់តែសម្រាប់ខ្ញុំគិតថា ឱ្យជាមេរៀនសម្រាប់ខ្ញុំប៉ុណ្ណឹងទៅ ប៉ុន្តែឱ្យខ្ញុំតបត គឺខ្ញុំមិនតបតទេ។

នគរធំ ៖ ប៉ុន្តែចាត់ទុកជាចេតនាយ៉ាងណាទៀត ដែលនៅក្នុងព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ថែមទាំងស្គាល់ឈ្មោះបុរសនោះថា ឈ្មោះថាក់ សីហា ជាបុរសពោះម៉ាយកូន២នោះ?

ស៊ិន រ៉ូហ្ស៊េត ៖ លោកសីហា ខ្ញុំស្គាល់គាត់ ហើយឆ្នាំ២០១៦ គាត់ធ្លាប់បានចុះមកសាកសួរដល់ម្តាយខ្ញុំ ចាស់ព្រឹទ្ធាចារ្យដែលរាប់អានខ្ញុំ ឱ្យគាត់ចូលសួរខ្ញុំថា ខ្ញុំមានទំនាក់ទំនងជាមួយអ្នកណាអត់? ហើយឥឡូវយើងបានទំនាក់ទំនងគ្នាធម្មតា ក្នុងនាមយើងដែលស្គាល់គ្នា ទី១។ ទី២ គឺធម្មតាមនុស្សប្រុសនិងស្រី ហើយកត្តាធម្មជាតិ វាតែងតែមានជីវិតបុគ្គលផ្ទាល់ខ្លួន ការស្រលាញ់ ការស្អប់អីហ្នឹងរឿងផ្ទាល់ខ្លួន ប៉ុន្តែ បើគេយកអាជីវិតផ្ទាល់ខ្លួនខ្ញុំទៅធ្វើជារឿងនយោបាយ ដើម្បីបំផ្លាញគណបក្សសង្គ្រោះជាតិ អាហ្នឹងប្រជាពលរដ្ឋគេនឹងថ្កោលទោស ហើយណាមួយ សម្រាប់ខ្ញុំផ្ទាល់ គឺរឿងប៉ះពាល់ដល់កិត្តិយស គឺខ្ញុំមិនធ្វើជាដាច់ខាត ដូចជាមានការបង្ហោះថា ខ្ញុំយកប្តីគេ ទៅបំបែកបំបាក់ក្រុមគ្រួសារគេ គឺអត់ទាល់តែសោះ ប៉ុន្តែសម្រាប់ជីវិតផ្ទាល់ខ្លូនរបស់ខ្ញុំ ទោះបីខ្ញុំទំនាក់ទំនងអ្នកណាក៏ដោយ ប៉ុន្តែយើងទំនាក់ទំនងក្នុងន័យកិត្តិយសរបស់យើង ប៉ុន្តែមិនទៅបំផ្លាញក្រុមគ្រួសារអ្នកដទៃ ដោយសារសេចក្តីត្រូវការរបស់ខ្លួនឯងទេ។

នគរធំ ៖ អ៊ីចឹងបានន័យថា ទំនាក់ទំនងជាមួយលោកថាក់ សីហា នោះ គ្រាន់តែជាទំនាក់ទំនងធម្មតាឬយ៉ាងណា?

ស៊ិន រ៉ូហ្ស៊េត ៖ ចាស! យើងសេពគប់គ្នា រវាងមនុស្សប្រុសនិងស្រី យើងធម្មជាតិ ការមានស្នេហា ជារឿងធម្មតា ប៉ុន្តែមិនមែនអ្វីដូចជាការចោទប្រកាន់របស់បងប្អូនយើងមួយចំនួន ដែលគាត់ចង់បំផ្លាញគណបក្សសង្គ្រោះជាតិ តាមរយៈផុស ពីព្រោះខ្ញុំបានជាប់ជាចៅសង្កាត់ ហើយៗការបំផ្លាញហ្នឹង មិនមែនទើបតែបំផ្លាញ ពេលឥឡូវហ្នឹងទេ តាំងពីមុនចុះឈ្មោះបោះឆ្នោត រហូតដល់ចុងក្រោយនេះ ថាខ្ញុំទៅមានសហាយជាមួយចាស់នៅក្នុងភូមិ អាយុ៩០ឆ្នាំ  ៨០ឆ្នាំ ទៅទៀតនោះ។ អាហ្នឹងបងប្អូនដែលតែងតែតាមដានសកម្មភាពខ្ញុំ គាត់នឹងពិចារណា ហើយគាត់នឹងថ្កោលទោសចំពោះបុគ្គលណាដែលតែងតែបំផ្លិចបំផ្លាញមនុស្សល្អ តាមរូបភាពបំផ្លាញកិត្តិយសទៅតាមប្រពន្ធ័សង្គមហ្វេសប៊ុក ហ្នឹងផងដែរ។

នគរធំ ៖ មានការលើកឡើងក្នុងព័ត៌មាននោះផងដែរថា បើសិនជារ៉ូហ្ស៊េត ភ្ជាប់ពាក្យ ឬក៏រៀបការជាមួយបុរសឈ្មោះថាក់ សីហា ហ្នឹង អាចនឹងទៅរស់នៅអាមេរិក ហើយបោះបង់តួនាទីការងារជាចៅសង្កាត់អូរចារ តើរ៉ូហ្ស៊េត មានការឆ្លើយតបយ៉ាងណា?

ស៊ិន រ៉ូហ្ស៊េត ៖ ធម្មតាជីវិតឯកជនរបស់មនុស្សម្នាក់ៗ មិនថាតែខ្ញុំគ្រាន់តែជាបុគ្គលសាធារណៈនៅថ្នាក់មូលដ្ឋានទេ ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ក្រុង ក៏គេមានជីវិតឯកជន មានក្តីស្រលាញ់របស់គេផងដែរ ទាំងថ្នាក់ជាតិទៅទៀត។ ប៉ុន្តែគ្រាន់តែថា សម្រាប់ខ្ញុំជាបុគ្គលសាធារណៈ មិនមែនដើម្បីការស្រលាញ់ខ្លួនឯង​​ ទៅបំផ្លាញអ្នកដទៃ សម្រាប់ខ្ញុំ ក្នុងនាមជាចៅសង្កាត់។ ហើយរឿងខ្ញុំទៅរស់នៅសហរដ្ឋអាមេរិក បើសិនខ្ញុំមានទំនាក់ទំនង ខ្ញុំស្គាល់លោកថាក់ សីហា មិនមែនក្នុងពេលថ្មីៗ ដែលខ្ញុំជាចៅសង្កាត់នេះទេ ហើយបើខ្ញុំចង់ទៅរស់នៅសហរដ្ឋអាមេរិក ខ្ញុំប្រហែលជាមិនឈរឈ្មោះឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យសង្គ្រោះជាតិ ហើយខ្ញុំជាបេក្ខនារីចៅសង្កាត់ទេ ហើយជាតិរបស់ខ្ញុំសំខាន់ ការអភិវឌ្ឍនៅសង្កាត់អូរចារ សំខាន់ ខ្ញុំត្រូវតបស្នងសងគុណម្ចាស់ឆ្នោត តាមរយៈខ្ញុំបម្រើប្រជាពលរដ្ឋនៅសង្កាត់អូរចារ។

នគរធំ ៖ ភ្ជាប់ជាមួយចំណុចនេះ ចំពោះជីវិតគូស្រករពិតប្រាកដ រ៉ូហ្ស៊េត នឹងគិតគូរនៅពេលណាដែរ?

ស៊ីន រ៉ូហ្ស៊េត ៖ យើងមិនទាន់ដឹងថា ត្រូវរៀបការនៅពេលណា ដោយសារខ្ញុំមិនទាន់បានគិតគូររឿងអស់ហ្នឹង។

នគរធំ ៖ អ៊ីចឹងដើម្បីអស់ចម្ងល់ តើរ៉ូហ្ស៊េត អាចបញ្ជាក់បន្ថែមយ៉ាងណាពីទំនាក់ទំនាក់រវាងលោកថាក់ សីហា?

ស៊ិន រ៉ូហ្ស៊េត ៖ ចាស! ចំពោះខ្ញុំ ទំនាក់ទំនងជាមួយលោកសីហា ខ្ញុំគិតថា ជារឿងឯកជនរបស់ខ្ញុំនិងគាត់ ហើយធម្មជាតិនៃមនុស្សប្រុសនិងស្រី តែងតែមានទំនាក់ទំនងជាមួយគ្នា ជារឿងធម្មតា ហើយសម្រាប់បុគ្គលផ្ទាល់ខ្លួនរបស់ខ្ញុំៗសុំមិនធ្វើការបរិយាយទេ ពីព្រោះវាអត់ទាក់ទងនឹងផលប្រយោជន៍រួម ប៉ុន្តែគ្រាន់តែថា សម្រាប់ខ្ញុំ ដូចអ្វីណាដែលគេចោទប្រកាន់ថា ខ្ញុំទៅយកប្តីគេ ទៅបំផ្លាញក្រុមគ្រួសារគេ អាហ្នឹង គឺជាការបំភ្លៃសុទ្ធសាធ ដែលបំបាក់ខ្ញុំ ដែលជាចៅសង្កាត់ជាប់ថ្មី ហើយបើសិនជាខ្ញុំធ្វើដូចអ្វីដែលគេនិយាយមែន ខ្ញុំជឿថា គេប្រហែលថ្កោលទោសខ្ញុំតាមរូបភាពអីផ្សេងក្រៅពីហ្នឹង ហើយមិនមែនគ្រាន់តែផុសក្នុងហ្វេសប៊ុកតែប៉ុណ្ណឹងទេ។ ប៉ុន្តែសម្រាប់ខ្ញុំ គឺការស្រលាញ់ ការអីក៏ដោយ គឺបានមកដោយសារកិត្តិយស មិនមែនបានមកដោយសារជីវិតនិងក្រុមគ្រួសាររបស់អ្នកដទៃទេ។

នគរធំ ៖ សរុបទៅ រ៉ូហ្ស៊េត ពិតជាមិនទាន់បានភ្ជាប់ពាក្យជាមួយបុរសនោះមែនទេ?

ស៊ិន រ៉ូហ្ស៊េត ៖ ចាស! យើងទំនាក់ទំនងគ្នា ហើយយើងមិនមែនភ្ជាប់ពាក្យទេ ប៉ុន្តែ គ្រាន់តែថា កន្លងមក គាត់ចូលសាកសួរខ្ញុំ ហើយសិក្សាគ្នាទៅវិញទៅមកហើយ ខ្ញុំក៏បានទៅសហរដ្ឋអាមេរិកដែរ ទៅលេងទៅអីទាំងអស់គ្នា ហើយមិនមែនខ្ញុំទើបតែស្គាល់គាត់ឥឡូវនេះទេ ខ្ញុំស្គាល់គាត់យូរណាស់មកហើយ។ ហ្នឹងសូមឱ្យខាងសារព័ត៌មាន ក៏ដូចបងប្អូននៅក្នុងសង្គមហ្វេសប៊ុក តាមដានទាំងអស់គ្នា ហើយអ្វីដែលយើងធ្វើ មិនមែនជាការលាក់បាំងបំភ័ន្តភ្នែកអ្នកដទៃអីទេ យើងធ្វើជាសាធារណៈ មានគេដឹងឮទាំងអស់ ជាពិសេស សម្រាប់ខ្ញុំដែលតែងតែលេងនៅប្រព័ន្ធសង្គមនេះ គឺជាទូទៅ មានហ្វេសប៊ុកមួយហ្នឹងឯង សម្រាប់ផ្សព្វផ្សាយព័ត៌មាន សម្រាប់ពេលខ្លះ យើងបញ្ចោញនូវអារម្មណ៍របស់ខ្លួនយើងឱ្យបាត់ការអផ្សុក ឱ្យបាត់អី អ៊ីចឹងយើងគ្មានរឿងណាដែលអាថ៌កំបាំងទេ ហើយអ្វីដែលគ្រោះថ្នាក់បំផុតនោះ បើសិនជាយកប្រពន្ធគេ យកប្តីគេ សម្លាប់គេ បំផ្លាញក្រុមគ្រួសារគេ អាហ្នឹងដែលជារឿងមួយ គួរឱ្យកត់សម្គាល់។ ប៉ុន្តែសម្រាប់ខ្ញុំដែលជាចៅសង្កាត់ថ០្មី នៅសង្កាត់អូរចារ គឺគិតកិត្តិយស កេរ្តិ៍ គឺសំខាន់ណាស់ ហើយឥឡូវនេះ ខ្ញុំកំពុងតែផ្តោតលើការងារបម្រើប្រជាពលរដ្ឋនៅអូរចារ ព្រោះពលរដ្ឋនៅអូរចារ របស់ខ្ញុំ ភាគច្រើនគឺសុទ្ធតែជាពលរដ្ឋដែលក្រីក្រ ដែលខ្វះខាត តើខ្ញុំត្រូវធ្វើវិធីសាស្ត្របែបណាក្នុងការជួយឱ្យបងប្អូនខ្ញុំរលាស់ពីភាពលំបាកក្នុងរយៈពេលដែលខ្ញុំធ្វើជាចៅសង្កាត់ហ្នឹង។ ចំពោះរូបភាពហ្នឹង ខ្ញុំជាអ្នកផុស ខ្ញុំខ្លាចអីនឹងបង្ហាញ ហើយឃើញមានយករូបភាពនេះទៅធ្វើជាវីដេអូ បរិយាយខុសពីការពិតអី ខ្ញុំបានឮទាំងអស់ ហើយបើពួកខ្ញុំសេពគប់គ្នា មានការលាក់បាំង អ្នកណាទៅផុសក្នុងហ្វេសប៊ុកឱ្យគេដឹងនោះ? ហើយរឿងផុសហ្នឹង មិនមែនទើបតែឥឡូវឯណា ប៉ុន្មានឆ្នាំហើយហ្នឹង ប៉ុន្តែដល់ពេលភ្ញាក់ផ្អើលៗពេលចៅសង្កាត់សង្គ្រោះជាតិ បានធ្វើជាចៅសង្កាត់នេះ មានការភ្ញាក់ផ្អើលឡើងវិញ។ រូបភាពហ្នឹងផុសដូចជាពីរឆ្នាំហើយ  ខ្ញុំផុសក្នុងហ្វេសប៊ុកខ្ញុំ ខ្ញុំបង្ហាញការពិតទៅដល់បងប្អូនជនរួមជាតិថា ក្នុងជីវិតឯកជនរបស់ខ្ញុំ មានគេចូលសួរ ព្រោះធម្មតា ដូចខ្ញុំបញ្ជាក់អីចឹង ខ្ញុំតែងតែបញ្ចោញអារម្មណ៍ ពេលខ្លះយើងជាបុគ្គលសាធារណៈ ជាមន្ត្រីនយោបាយថ្នាក់ក្រោម ឬមួយថ្នាក់ជាតិក៏ដោយ ពេលខ្លះក៏គេមានជីវិតឯករបស់គេដែរ។ អ៊ីចឹងអាប្រព័ន្ធសង្គមហ្នឹងឯង យើងមានអាហ្នឹងទៅ ចេះតែផុសទៅឱ្យមិត្តភក្តិដឹងឮដែរហ្នឹង។

នគរធំ ៖ ទោះយ៉ាងណា ទំនាក់ទំនងនោះ អាចក្លាយជាចំណងស្នេហ៍ឬទេ នៅថ្ងៃអនាគត? ជាលក្ខណៈគ្រួសារ?

ស៊ិន រ៉ូហ្ស៊េត ៖ វាច្បាស់ ដោយសារគ្មានអ្វីដែលស្ថិតស្ថេរ គ្មានអ្វីដែលមិនមានការប្រែប្រួល ឬមួយក៏អាចទៅថ្ងៃមុខ ខ្ញុំមានគ្រួសារទៅតាមបំណងផ្លូវចិត្តខ្ញុំ ដែលខ្ញុំមិនទាន់បញ្ចោញនៅឡើយ។ ប៉ុន្តែសម្រាប់អ្វីដែលគេចោទថា ខ្ញុំទៅយកប្តីគេ នៅសហរដ្ឋអាមេរិក ដោយលោកសីហា គេមានប្រពន្ធហើយ ហើយបើតាមខ្ញុំដឹងទៅទៀត លោកសីហា គាត់មានគ្រួសារ គាត់មានកូនអីថែមទៅទៀតផង។ អ៊ីចឹងសម្រាប់ខ្ញុំអត់បញ្ហា តែវាប៉ះពាល់ដល់កិត្តិយសរបស់គេ ដែលនៅក្រៅប្រទេសទៅទៀត ហើយតាមរយៈការចង់បំផ្លិចអ្នកណាម្នាក់ យើងមិនត្រឹមបំផ្លាញត្រឹមតែខ្ញុំទេ វាបំផ្លាញនូវអារម្មណ៍អ្នកដទៃដែលជាប់ពាក់ព័ន្ធនឹងខ្ញុំ។

នគរធំ ៖ អីចឹងតើរ៉ូហ្ស៊េត មានអ្វីជាសំណូមពរទៅដល់មជ្ឈដ្ឋានទូទៅទេ កុំឱ្យមានការយល់ច្រឡំពីបញ្ហានេះ?

ស៊ិន រ៉ូហ្ស៊េត ៖ ចាស! ខ្ញុំមិនគិតថា អ្នកដទៃយល់ច្រឡំទេ សំខាន់គឺគេស្គាល់ខ្ញុំច្បាស់ គឺគេដឹងអំពីអត្តចរិតរបស់ខ្ញុំ ទី១។ ទី២ គឺខ្លួនខ្ញុំៗស្គាល់ខ្លួនឯងច្បាស់ បើខ្ញុំមិនស្គាល់ខ្លួនឯង គ្មានអ្នកណាមកស្គាល់ឯងច្បាស់ជាងខ្លួនខ្ញុំទេ។ អ៊ីចឹងវាមិនជាបញ្ហាទេ សម្រាប់ខ្ញុំជាមន្ត្រីសាធារណៈ ក្នុងការរិះគន់ ក្នុងការអី យើងទទួលរង ហើយជាពិសេស នៅអូរចារ ប្រជាពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៤ ខែ០៦ ហ្នឹង វាច្រើនលើសលប់ខ្លាំងបំផុត ដែលធ្វើឱ្យភាគីមួយចំនួន គាត់មិនសប្បាយចិត្ត។ អីចឹងគាត់ចាប់ផ្តើមធ្វើរូបភាពបំភិតបំភ័យ ឬមួយក៏អីផ្សេងៗ ដើម្បីបំផ្លាញកិត្តិយស កេរ្តិ៍បុគ្គល ឯកជនអ៊ីចឹងទៅ៕

RELATED ARTICLES