ភ្នំពេញ៖ ជនសង្ស័យម្នាក់យកកាំភ្លើងជ័រមួយដើមទៅភ្ជង់ប្លន់យកម៉ូតូរបស់ជនរងគ្រោះ ដែលកំពុងអង្គុយលើម៉ូតូចាំម្តាយចូលទៅទិញផ្លែឈើ មិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់ឃាត់បាន បែរជាជនសង្ស័យចោទប្រកាន់ជនរងគ្រោះថាជាចោរទៅវិញ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចច្រកចូលផ្ទះសំណាក់ពន្លឺពេជ្រ ផ្សារនាគមាស តាមបណ្តោយផ្លូវ២៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
ជនរងគ្រោះមានឈ្មោះ កែវ ខ្នុរ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ជាម្ចាស់ម៉ូតូម៉ាក ឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FH-២១៥០ ដែលត្រូវជនសង្ស័យធ្វើសកម្មភាពភ្ជង់ប្លន់យក តែមិនបានសម្រេច។
ចំណែកជនសង្ស័យមានឈ្មោះ ស្រែង បុរី ភេទប្រុស អាយុ២១ឆ្នាំ ជានិសិ្សតរៀននៅសាកលវិទ្យាល័យបៀលប្រាយ ស្នាក់នៅម្តុំបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ដកហូតបានកាបូបស្ពាយមួយ និងកាំភ្លើងជ័រមួយដើម។
តាមសម្តីពីសមត្ថកិច្ចបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយនៅលើម៉ូតូរបស់គេ ដើម្បីរង់ចាំម្តាយដែលចូលទៅទិញផ្លែឈើ ។ លុះដល់វេលាកើតហេតុស្រាប់តែលេចមុខជនសង្ស័យម្នាក់បានដកកាំភ្លើងជ័រ ចេញពីក្នុងកាបូបស្ពាយ មកធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូរបស់ជនរងគ្រោះ។ ភ្លាមៗនោះ ជនរងគ្រោះភ័យខ្លាំងពេក ក៏បានលោតចេញពីម៉ូតូហើយស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យព្យាយាមរត់គេចខ្លួនបានចម្ងាយប្រមាណជាង៣០ម៉ែត្ រពីកន្លែងកើតហេតុ ក៏ត្រូវបានប្រជាពលរដ្ឋដែលនៅជិតនោះ ជួយដេញចាប់ឃាត់ខ្លួនបាន បែរជាជនសង្ស័យប្រកែក ហើយចោទប្រកាន់ទៅជនរងគ្រោះថាជាអ្នកភ្ជង់ប្លន់រូបគេទៅវិញ ។ ក្រោយមកសមត្ថកិច្ចបានធ្វើនាំខ្លួនជនសង្ស័យ និងជនរងគ្រោះយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ ដើម្បីធ្វើការសួរនាំ។
តាមសម្តីពីជនសង្ស័យបានឆ្លើយបដិសធថា រូបគេមិនបានធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូរបស់ជនរងគ្រោះនោះទេ។ នៅមុនពេលកើតហេតុរូបគេកំពុងអង្គុយម្នាក់ឯង នៅក្បែរម៉ូតូរបស់ជនរងគ្រោះ រង់ចាំទិញផ្លែឈើយកទៅលក់ ដើម្បីយកលុយមករៀន លុះដល់ពេលកើតហេតុជនរងគ្រោះបានយកកាំភ្លើងមកភ្ជង់ប្លន់យកកាបូបស្ពាយរបស់រូបគេ ដោយរូបគេខ្លាចជនរងគ្រោះបាញ់ ក៏ព្យាយាមរត់ តែត្រូវជនរងគ្រោះស្រែកថាចោរៗ បណ្តាលឲ្យប្រជាពលរដ្ឋចាប់រូបគេតែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធី៕