ភ្នំពេញ៖ អ្នកបើករថយន្តដឹកស៊ីម៉ង់ត៍ ងងុយដេកពេលកំពុងតែបើកបរ ស្រាប់តែឈប់កណ្តាលផ្លូវ ធ្វើឲ្យកីឡាករម្នាក់ជិះម៉ូតូចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកពីក្រោយដួលសន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខគ្រឹះស្ថានឯកជន ANZ ផ្លូវ២៧១ ស្ថិតនៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
នគរបាលចរាចរណ៍ផ្លូវគោកបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ស សុភ័ក្រ្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកីឡាករប្រដាល់ ស្នាក់នៅផ្ទះលេខ១០៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជិះម៉ូតូម៉ាកស៊ុយស៊ូគីវីវ៉ា ពាក់ស្លាកលេខភ្នំពេញ ១D-៧៩១៤ បើកបរតាមផ្លូវ២៧១ ក្នុងទិសដៅពីលិចទៅកើត បានបុករថយន្តកូរ៉េពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ ៣A-៧៣៣០ ជារថយន្តដឹកស៊ីម៉ង់ត៍ពីក្រោយ ដោយសារតែអ្នកបើករថយន្តងងុយដេកបានបើកឈប់កណ្ដាលផ្លូវ បណ្ដាលឲ្យអ្នកបើកម៉ូតូរបួសសន្លប់ស្ដូកស្ដឹង ក្រោយកើតហេតុក៏ត្រូវរថយន្តសង្រ្គោះឯកជនដឹកយកទៅព្យាបាល ។
សមត្ថកិច្ចបន្តទៀតថា ក្រោយកើតហេតុដោយអ្នកបើកបររថយន្តមិនបាននៅកន្លែងកើតហេតុទេ ភ័យពេករត់ចោលរថយន្ត ក្រោយមកមានអ្នកតំណាងមកធ្វើការសម្របសម្រួលជាមួយក្រុមគ្រួសាររងគ្រោះ ។ ដោយភាគីក្រុមគ្រួសារស្នើសុំទៅខាងតំណាងក្រុមហ៊ុនរថយន្តចំនួន៣០០ដុល្លារសហរដ្ឋអាមេរិក តែភាគីរថយន្តជួយត្រឹម២២០ដុល្លារ បញ្ចប់រឿង ៕