ភ្នំពេញ ៖ យុវជនជានិស្សិតសាលាភាសាអង់គ្លេសម្នាក់ សង្ស័យកើតមានអារម្មណ៍មិនល្អ ហាក់បីដូចជាមនុស្សបែថ្នាំ ឬក៏ជាមនុស្សមានសតិមិនស្រួល ទើបកើតជាក្តីមួម៉ៅក្តីក្រហាយ បញ្ចេញចរិតប្លែកៗ ដូចខ្មោចចូល រត់ចេញពីសាលារៀន សំដៅទៅបន្ទប់ជួល ប្រមៃប្រមូលខោអារបស់ររក្នុងបន្ទប់ជួលស្នាក់នៅរួមគ្នា បោះបោក បង្កឲ្យភ្ញាក់ផ្អើល រហូតដល់កម្លាំងប៉ូលីសប៉ុស្តិ៍ចុះទៅអន្តរាគមន៍ យុវជនខាងលើប៉ងចង់តែសម្លាប់ខ្លួន រត់ចូលម៉ូតូ ឡាន អ្នកឃើញហេតុការណ៍ភ័យលស់ព្រលឹងជំនួស ខ្លាចឈានដល់គ្រោះថ្នាក់ដល់ខ្លួន ទើបស្នើសូមឲ្យសមត្ថកិច្ចជួយចាប់នាំទៅដាក់នៅប៉ុស្តិ៍ជាបណ្តោះអាសន្ន កាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យុវជនខាងលើ ឈ្មោះ ទុំ ចាន់ធា អាយុ ២១ឆ្នាំ ជាសិស្សសាលាភាសារអង់គ្លេស នៅសាលា អន្តរជាតិស្ថាបនា ផ្លូវណដប្រ៊ីដ ខណ្ឌសែនសុខ ស្នាក់នៅផ្ទះជួលរួមជាមួយមិត្តភក្តិ នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិតំណាក់ស្នួល ឃុំស្រែព្នៅ ស្រុកជុំគិរី ខេត្តកំពត ។
តាមសម្តីយុវជនម្នាក់ត្រូវជាមិត្តភក្តិ ស្នាក់នៅនិងរៀនសូត្រជាមួយគ្នាបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលកំពុងរៀនក្នុងថ្នាក់ ស្រាប់តែជនរងគ្រោះស្រែកឡូឡាចេញកាយវិការច្រង៉េងច្រង៉ាង ហាក់បីដូចជាមនុស្សខ្មោចចូល ហើយចេញរត់ថ្មើរជើងទៅបន្ទប់ជួល ធ្វើឲ្យមិត្តរួមថ្នាក់ ដេញតាមឃាត់ដល់បន្ទប់ រួចចាប់បោក គ្រវាត់ខោអាវចេញក្រៅ ទាមទារសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើល និងព្រួយបារម្ភខ្លាចគ្រោះថ្នាក់ ទើបស្នើសុំការអន្តរាគមន៍ពីសមត្ថកិច្ចឲ្យជួយចាប់ឃាត់ ខ្លាចរត់ចូលឡាន ម៉ូតូ កើតក្តីគ្រោះថ្នាក់ដល់ជីវិតរាងកាយ ។
តែបើតាមក្រុមគ្រួសារយុវជនខាងលើបានឲ្យដឹងតាមរយៈទូរស័ព្ទថា កូនប្រុសរបស់គាត់រូបនេះ កន្លងមកមានសតិមិនប្រក្រតី ហើយក៏ធ្លាប់យកទៅព្យាបាលនៅមន្ទីរពេទ្យដែរ បញ្ហាផ្នែកប្រព័ន្ធប្រសាទ លុះឃើញធូរស្រាលហើយ ទើបបញ្ជូនកូនឲ្យមករៀនភាសាអង់គ្លេសបន្ត បែរជាជម្ងឺរើធ្វើទុក្ខឡើងវិញបែបនេះ ។
យុវជនខាងលើ ដោយខ្លាចគ្រោះថ្នាក់ដល់ខ្លួននិងអ្នកដទៃ ទើបសមត្ថកិច្ចឃាត់ខ្លួននាំយកទៅដាក់នៅប៉ុស្តិ៍ទឹកថ្លា ជាបណ្តោះអាសន្ន រង់ចាំឪពុកម្តាយមកទទួលយកទៅព្យាបាលវិញ ៕