Tuesday, September 23, 2025
Homeព័ត៌មានជាតិជិះម៉ូតូបត់មិនប្រយ័ត្ន ត្រូវម៉ូតូ១គ្រឿងទៀត បុកស្លាប់ម្នាក់ និងរបួស២នាក់

ជិះម៉ូតូបត់មិនប្រយ័ត្ន ត្រូវម៉ូតូ១គ្រឿងទៀត បុកស្លាប់ម្នាក់ និងរបួស២នាក់

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូបត់ឆ្លងទទឹងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតជិះដោយបុរស២នាក់ ធ្វើដំណើរក្នុងទិសដៅស្របគ្នា បានជ្រុលទៅបុកចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់និងរបួស២នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ទល់មុខហាងលក់ស៊ុបយីហោ ម្លប់ស្លា តាមផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

សពជនរងគ្រោះមានឈ្មោះ សាំង សេងហុង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់សាច់គោ ស្នាក់នៅភូមិព្រែកតាពៅ ឃុំដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូម៉ាក XR ធុនតូច ពណ៌ស អត់មានស្លាកលេខ ។ ចំណែកអ្នករបួសមានឈ្មោះ ឌឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅភូមិព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសធ្ងន់ និងម្នាក់ទៀត មានឈ្មោះ ម៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅភូមិព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខតាកែវ 1K-3024 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានជិះម៉ូតូ ម៉ាក XR ពណ៌ស អត់មានស្លាកលេខ មានធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនមធ្យម ខណៈមកដល់ចំនុចកើតហេតុបានបត់ឆ្វេងឆ្លងកាត់ទទឹងផ្លូវ ស្របពេលនោះដែរ ក៍ស្រាប់តែមានបុរស២នាក់ បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស បានធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅស្របគ្នា ក្នុងល្បឿនល្បឿន ព្រមទាំងខ្វះការប្រុងប្រយ័ត្នក៍ជ្រុលទៅបុកម៉ូតូដែលកំពុងបត់ឆ្លងទទឹងផ្លូវ ចំពាក់កណ្តាលម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូស្កុបពី រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ភ្លាមៗនោះដែរជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំណែកម៉ូតូវិញ រងការខូចខាតខ្ទេចផ្នែកខាងមុខ ។ ដោយឡែកខាងម៉ូតូដែលជិះម្នាក់វិញ រងរបួសបែកក្បាលហូរឈាមស្លាប់នៅនិងកន្លែង រថយន្តសង្គ្រោះមិនបានដឹកយកទៅព្យាបាលទេ តែបងប្អូនសាច់ញាតិរបស់ជនរងគ្រោះបានមកដល់កន្លែងកើតហេតុហើយមិនអស់ចិត្តថាជនរងគ្រោះស្លាប់ ទោះបីជាសមត្ថកិច្ចបានប្រាប់យ៉ាងណា ក៍នៅតែមិនអស់ចិត្ត ហើយបានព្យាយាមលើកសពជនរងគ្រោះដាក់លើម៉ូតូ ដឹកយកទៅមន្ទីរពេទ្យជ័យជំនះ ដើម្បីអោយគ្រូពេទ្យជួយសង្គ្រោះ ។ ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារអស់ចិត្ត ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិរបស់ជនរងគ្រោះ បានយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីធ្វើការដោះស្រាយ៕

RELATED ARTICLES