ភ្នំពេញ ៖ ស្រ្តីជនសង្ស័យម្នាក់ត្រូវម្ចាស់ម៉ូតូចាប់ប្រគល់ឲ្យសមត្ថកិច្ច ដោយខឹងខ្ចីម៉ូតូម៉ាកស្គុបពី ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ១BQ-៦៥០៣ ស៊េរីឆ្នាំ២០១៤ យកទៅជិះ បែរជាយកទៅបញ្ចាំ បានលុយផឹកសីុ និងជក់ថ្នាំញៀន ចាប់ខ្លួនពីសង្កាត់ចាក់អង្រែលើ ប្រគល់ឲ្យសង្កាត់ចាក់អង្រែក្រោម កាលវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានប្រាប់ជនរងគ្រោះមានឈ្មោះ កាន លាក់ហុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិមាត់បឹង សង្កាត់ទ្រា ខណ្ឌកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាម្ចាស់ម៉ូតូម៉ាកស្គុបពី ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ១BQ-៦៥០៣ ស៊េរីឆ្នាំ២០១៤ បានចាប់ស្រ្តីជនសង្ស័យម្នាក់ ប្រគល់ឲ្យសមត្ថកិច្ចដោយចោទពីបទរំលោភលើសេចក្ដីទុកចិត្ត យកម៉ូតូខ្លួនទៅបញ្ចាំ ហើយបានធ្វើកិច្ចសន្យាថាសង បាត់រហូត ក្រោយមកប្រទះឃើញដើរតាមផ្លូវឃាត់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ។
សមត្ថកិច្ចនគរបាលរដ្ឋបាលចាក់អង្រែក្រោម ខណ្ឌមានជ័យ បានប្រាប់ថាជនសង្ស័យមានឈ្មោះ សំរ៉ុង ស្រីយ៉ាវឌី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដូនវង្ស ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពីបទរំលោភលើទំនុកចិត្ត (យកម៉ូតូ០១គ្រឿងម៉ាកស្គូបពី) ដោយស្រ្តីសង្ស័យបានយកម៉ូតូកាលម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ មុនកើតហេតុគឺមានប្អូនស្រីជនសង្ស័យឈ្មោះ សំរ៉ុង រស្មី បានបបួលម្ចាស់ម៉ូតូថា បងស្រីខ្លួនរកទិញម៉ូតូឲ្យមកជួបនៅផ្ទះសំណាក់ម្លិះលាភ តាមផ្លូវជាតិលេខ២ ដែលស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រួចពេលម្ចាស់ម៉ូតូបានមកដល់ផ្ទះសំណាក់ស្រ្តីដែលឃាត់ខ្លួនបានខ្ចីម៉ូតូទៅទិញបាយហូបបន្តិច តែបុរសម្ចាស់ម៉ូតូមិនព្រមឲ្យទេ តែប្អូនស្រីបង្កើតថាឲ្យទៅគាត់ធានាវាមិនបាត់ បើបាត់សងវិញហើយក្រោយមកក៏បាត់រហូត ប្អូនស្រីជនសង្ស័យក៏គេចបាត់ ហើយបានមកដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ ប្ដឹងចោទទៅលើស្រ្តី២នាក់បងប្អូនបង្កើតស្រ្តីជាប្អូនជាអ្នកធានានិងស្រ្តីជាបងស្រីបើកម៉ូតូគាត់ទៅយកទៅបញ្ចាំ ក្នុងតម្លៃ៤៥០ដុល្លារសហរដ្ឋអាមេរិក នៅម្ដុំឃ្លាំរំសេវ ក្នុងខណ្ឌទួលគោក រហូតទាល់តែកើតហេតុខាងលើ បានប្រទះឃើញស្រ្តីជនសង្ស័យដើរថ្មើរជើង ក៏ហៅបងប្អូនមិត្តភក្តិចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ។
សមត្ថកិច្ចបន្តថា ក្រោយពីបុរសរងគ្រោះចាប់ប្រគល់ស្រ្តីជនសង្ស័យតែងខ្លួនជាប្រុស ឲ្យសមត្ថកិច្ចក៏សាកសួរនាំ ហើយស្រ្តីសង្ស័យបានសារភាពថា បានយកម៉ូតូស្គុបពីរបស់បុរសរងគ្រោះជាមិត្តភក្តិប្អូនស្រីខ្លួនយកទៅបញ្ចាំ ក្នុងតម្លៃ៤៥០ដុល្លារ ពិតប្រាកដមែន ដោយយកទៅសីុផឹកនិងជក់ថ្នាំញៀនអស់ហើយ គ្មានលុយសងថ្លៃលស់ម៉ូតូទេ រួចសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ត៕