ភ្នំពេញ៖ បុរសម្នាក់ទើបតែចេញពីផឹកស៊ីស្រវឹងស្រាជោគ ងោកមួយភាំង បើករថយន្តលឿនដូចហោះ មិនបានប្រយ័ត្នក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់២កង់ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម កាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៦៩ នៅចំណុចមុខវិទ្យាល័យបាក់ទូក ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ វ័យជាង២០ឆ្នាំ ស្រវឹងស្រាជោគជាំបើករថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2F-5396 តាមបណ្តោយផ្លូវ១៦៩ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ អ្នកបើករថយន្តងោកមួយភាំងបានរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់២កង់ខ្ទាតទៅកណ្តាលផ្លូវ ចំណែកឯរថយន្តបង្កវិញ ខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខ និងផ្ទុះពោងខាងស្តាំ បែកកញ្ចក់មុខខាងស្តាំទៅមុខលែងរួច សំណាងល្អហើយម្ចាស់រថយន្តមិនមានរងរបួស ភ្លាមៗនោះដែលម្ចាស់រថយន្តបង្កបានទូរស័ព្ទហៅសាច់ញាតិបងប្អូនមកកន្លែងកើតហេតុ ហើយប្រមូលអីវ៉ាន់ក្នុងរថយន្ត រួចឡើងជិះម៉ូតូហុងដាឌ្រីម ជាមួយបងប្អូនទៅបាត់ស្រមោល បន្សល់ទុកនៅតែរថយន្តបង្កនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ៧មករា បានធ្វើការវាស់វែងរួចប្រគល់រថយន្តឲ្យនគរបាលចរាចរណ៍ផ្លូវគោក ស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕