Wednesday, September 24, 2025
Homeព័ត៌មានជាតិបុរសសុីឈ្នួលបើកឡានដឹកដី ខ្លួន១អំរែក២ ចុងក្រោយ...

បុរសសុីឈ្នួលបើកឡានដឹកដី ខ្លួន១អំរែក២ ចុងក្រោយ…

ភ្នំពេញ ​៖ ស្រ្តីជាប្រពន្ធដើម ខឹងប្តីមិនព្រមផ្តល់អាហារកិច្ចចិញ្ចឹមកូនបានពរកូន ជិះរ៉ឺម៉កម៉ូតូ ទៅដល់ផ្ទះប្រពន្ធចុង បង្កឲ្យមានការឈ្លោះប្រកែកវាយតប់គ្នារងរបួសរយះមាត់ប្រពន្ធចុង ចំណែកប្រពន្ធដើមហើមមុខ បង្កឲ្យ​មានការភ្ញាក់ផ្អើល​កើតឡើងកាលពីវេលាម៉ោង​៧និង៣៥នាទីយប់ នៅ​ចំណុចផ្ទះជួល ភូមិ​​ទួលពង្រ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​។​

ស្ត្រីប្រពន្ធដើម ទូច នឿន

នារីជាប្រពន្ធចុង និងជាជនរងគ្រោះ ​មានឈ្មោះ គ្រិប ​លក្ខិណា ភេទស្រី ​អាយុ​៣​១ឆ្នាំ ​មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោម​ចៅ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណើតនៅភូមិអូរជ្រក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ប្រពន្ធដើមជាជនបង្កមានឈ្មោះទូច នឿន ​អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៣៩EO ផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ​មានកូនចំនួន៤នាក់ ស្រី១និងប្រុស៣នាក់ ។ ចំណែក​បុរសជាប្តីមានឈ្មោះហ៊ុយ ចាន់ឌី ​អាយុ៤១ឆ្នាំ ​មុខរបរស៊ីឈ្នួលបើករថយន្តដឹកដី ​មានស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម ។

បុរសអំរែក២ ហ៊ុយ ចាន់ឌី

តាមប្រភពព័ត៌​មានពីជាប្រពន្ធដើមបាន​និយាយ​ទាំងទឹកភ្នែករលេងរលោង​រៀបរាប់ប្រាប់ថា រូបគាត់និងប្តី​បានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី រយៈពេល២១ឆ្នាំមកហើយ បង្កើតបានកូន៤នាក់ កូនប្រុស៣នាក់ និងកូនស្រីអាយុ៩ខែប៉ុណ្ណោះ ។ ការរស់នៅជាមួយបុរសជាប្តី​ពុំដែលផ្តល់សេចក្តីសុខទេ នៅពេលខឹងម្តងៗ ប្តីតែងតែវាយចានឆ្នាំងបោកប្រាស់របស់របរនៅក្នុងផ្ទះបែកបាក់ស្ទើរគ្មានសល់ ។ នៅចុងឆ្នាំ២០១៦ ប្តីរបស់គាត់បានលួចទៅមានស្រីថ្មី ហើយបានលែងលះជាមួយគាត់ត្រឹមសង្កាត់ ទៅយកប្រពន្ធចុងម្នាក់ទៀតដែលជាស្រ្តីមេម៉ាយកូនមួយ ហើយ​សន្យាថា នឹងជួយចិញ្ចឹមកូនក្នុងមួយខែ៣០០ដុល្លារ ប៉ុន្តែចាប់តាំងពី​បានទៅរស់នៅជាមួយប្រពន្ធចុងមក មិនដែលផ្តល់ប្រាក់កាក់តាមការសន្យាទេ គឺបានត្រឹម​តែឲ្យកូនម្តង២ទៅ៣ម៉ឺនរៀលតែប៉ុណ្ណោះ ។ ដោយសារតែអត់មានប្រាក់សម្រាប់ចិញ្ចឹមកូន​តូចៗនោះ រូបគាត់បានទូរស័ព្ទទៅប្តីសួរនាំរឿងលុយកាក់ ស្រាប់តែប្តីហុចទូរស័ព្ទឲ្យប្រពន្ធ​ចុង​និយាយ​ជាមួយហើយជេរប្រមាថគាត់ទៀត ធ្វើឲ្យគាត់ឈឺចិត្តពេក បានពរកូននិងយកកូនប្រុសអាយុ៧ឆ្នាំម្នាក់ទៅជាមួយជិះរ៉ឺម៉កម៉ូតូទៅដល់ផ្ទះប្រពន្ធចុង ដើម្បីសួរនាំឲ្យបានច្បាស់ ។

ប្រភពដដែលបានបន្តទៀតថា ពេលគាត់ជិះរ៉ឺម៉កម៉ូតូទៅដល់ផ្ទះប្រពន្ធចុង បានជួបប្តី​និយាយគ្នា ខឹងពេក គាត់បានទះកំផ្លៀងបុរសជាប្តី​២ដៃ ទាំងដៃនៅពរកូនស្រីជាប់ ​ស្រាប់តែប្រពន្ធចុងស្ទុះមកឈ្លោះប្រកែកជាមួយ និងបានប្រវាយប្រតប់គ្នា ធ្វើឲ្យគាត់យកកូនកាំបិត​វៀសដៃត្រូវចំមាត់ប្រពន្ធចុង ចំណែករូបគាត់ត្រូវប្រពន្ធចុងវាយហើមមុខដែរ តែបុរសជាប្តីមិនបានជួយអន្តរាគមន៍ ។

គ្រិប ​លក្ខិណា ជាប្រពន្ធចុង ត្រូវសមត្ថកិច្ចសួរនាំរឿងជម្លោះជាមួយប្រពន្ធដើម

 

តាមសំដីនារីរងគ្រោះជាប្រពន្ធចុងបានអះអាងថា គាត់បានស្គាល់បុរសជាប្តីក្រោយនេះ តាមរយៈមិត្តភក្តិណែនាំឲ្យស្គាល់គ្នាតាំងពីខែធ្នូ ឆ្នាំ២០១៦ មកម្ល៉េះ បន្ទាប់មកគាត់បានចាប់ដៃគ្នារកស៊ី និងរស់នៅជាមួយគ្នាមិនទាន់បានរៀបការទេ ពួកគាត់នឹងរៀបការនៅពេលខាងមុខនេះ ។

 

​ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅអន្តរាគមន៍បានហៅ​នារីរងគ្រោះជាប្រពន្ធចុង ប្រពន្ធដើម និងបុរសជាប្តី ទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដោយមុនដំបូង​ខាងជនរងគ្រោះចង់ដាក់ពាក្យបណ្តឹង តែមានការសម្របសម្រួលគ្នា ទើបមិនបានប្តឹងប្តល់ទេ គ្រាន់តែឲ្យសមត្ថកិច្ចអប់រំណែនាំឲ្យឈប់មករករឿងគាត់ទៀត និងទាមទារសំណងជម្ងឺចិត្តចំនួន១លានរៀល ប្រពន្ធដើមយល់ព្រមសងសំណង១លានរៀល តែកាត់យកប្រាក់ខែរបស់ប្តីដែលត្រូវចិញ្ចឹមកូន ។

ទោះបីជាយ៉ាងណា ស្រ្តីជាប្រពន្ធដើមទទូចទាមទារសុំឲ្យ​បុរសជាប្តីជួយផ្តល់ប្រាក់ចិញ្ចឹម​កូនផង ៕

RELATED ARTICLES