ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ធ្វើសកម្មភាពលួចម៉ូតូមិនបានសម្រេចត្រូវបានសមត្ថកិច្ចចាប់វ៉ៃខ្នោះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវជាតិលេខ២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។
ជនរងគ្រោះមានឈ្មោះសុន ធា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។
ចំណែកជនសង្ស័យដែលបានឃាត់ខ្លួន មានឈ្មោះលន់ សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកបក្ខពួកម្នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅពេលកើតហេតុមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកគុបមូល ពណ៌បៃតង មិនចាំស្លាកលេខ ជិះមកដល់ចំណុចខាងមុខផ្ទះរបស់ជនរងគ្រោះស្រាប់តែជនសង្ស័យបានឈប់ម៉ូតូ ហើយបក្ខពួកគេម្នាក់ ឈ្មោះលន់ សីហា បានចុះពីលើម៉ូតូដើរចូលទៅធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកស្មាស់វី ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខសៀមរាប 1M-0033 ដែលជនរងគ្រោះទុកនៅមុខផ្ទះហើយមិនដកសោចេញពីម៉ូតូទេនៅពេលនោះជនសង្ស័យបានមកអូសម៉ូតូ រួចបញ្ឆេះជិះចេញទៅ ត្រូវជនរងគ្រោះឮសំឡេង បានស្រែកថាចោរៗ នៅពេលនោះដែរក៏មាននគរបាលរលួស និងសមត្ថកិច្ចខណ្ឌដង្កោ ចុះល្បាតក្នុងមូលដ្ឋាន បានឮជនរងគ្រោះស្រែក ក៏នាំគ្នាដេញចាប់បានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀកបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
បច្បន្នជនសង្ស័យត្រូវបានសម្ថតកិច្ចកំពុងតែកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕